
ការធ្វើឱ្យមានចលនារស់រវើកក្នុងវិស័យផលិតកម្មដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ច បង្កើតការងារ និងធានានិរន្តរភាពនៃការអភិវឌ្ឍ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តួចផ្តើមបង្កើតឱ្យមានគម្រោងធានាឥណទាន Credit Guarantee Schemes ដែលរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដាក់ទិសដៅរួចហើយសម្រាប់វិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

វិស័យកសិកម្មនៅកម្ពុជា ពិសេសស្រូវអង្ករ ត្រូវគេដឹងថាទទួលបានការចូលរួមទុនវិនិយោគយ៉ាងច្រើនគំហុក បន្ទាប់ពីរាជរដ្ឋាភិបាលប្រកាសដាក់ចេញនូវគោលនយោបាយស្រូវអង្ករ កាលពីចុងឆ្នាំ2010 ពោលគឺក្រោយរយៈពេល2ឆ្នាំបន្ទាប់ពីបរិមាណនៃការនាំចេញអង្ករទៅកាន់ទីផ្សារសហភាពអឺរ៉ុបទទួលបានជោគជ័យ ដោយបរិមាណនៃការនាំចេញបានកើនឡើងពី6,000តោនក្នុងឆ្នាំ2008 រហូតដល់រាប់ម៉ឺនតោននៅឆ្នាំបន្តបន្ទាប់។
ដោយមើលឃើញពីសក្តានុពលក្នុងការនាំចេញ និងការបង្កើតការងារតាមរយៈការដាំដុះស្រូវ កែច្នៃអង្ករ និងបង្កើតតម្លៃបន្ថែមពីផលិតផលអង្ករ រាជរដ្ឋាភិបាលបានសម្រេចដាក់ចេញនូវគោលនយោបាយស្រូវអង្ករដ៏ទាក់ទាញមួយ ដែលនៅពេលនោះហើយវិស័យហិរញ្ញវត្ថុឯកជន និងប្រតិបត្តិករឯកជនខ្លួនឯងមានរោងម៉ាស៊ីនជាដើម បានចូលរួមអភិវឌ្ឍន៍វិស័យនេះយ៉ាងសស្រោកសស្រាំ។

ទោះជាយ៉ាងដោយសារមានការប្រកួតប្រជែងខ្លាំងពីទីផ្សារខាងក្រៅ និងទំហំទីផ្សារកម្ពុជានៅមានកម្រិតនោះ បានធ្វើឱ្យតម្លៃស្រូវអង្ករមានការធ្លាក់ចុះខ្លះ និងធ្វើឱ្យអ្នកវិនិយោគក្នុងវិស័យនេះប្រឈមនឹងការលំបាកជាច្រើន។ លក្ខខណ្ឌផ្តល់កម្ចីងាយៗពីវិស័យហិរញ្ញវត្ថុឯកជន ត្រូវបានរឹតបន្តឹង និងចរន្តនៃការដួលរលំរោងម៉ាស៊ីន និងក្រុមហ៊ុននាំចេញធំៗខ្លះបានបន្ថែមការលំបាកដល់ការទទួលបានទុនសម្រាប់បម្រើឱ្យវិស័យកសិកម្មមួយនេះ។
ដោយមើលឃើញពីភាពយឺតយ៉ាវ ឬដើរថយក្រោយនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តួចផ្តើមបង្កើតគម្រោងធានាឥណទានថ្មីមួយដោយរំពឹងទៅលើការបង្កើតទំនុកចិត្តពីអ្នកផ្តល់ប្រាក់កម្ចីសម្រាប់វិស័យមួយនេះ។
ឯកឧត្តម ម៉ី វ៉ាន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្ម ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា វិស័យកសិកម្មជាវិស័យទ្រទ្រង់សេដ្ឋកិច្ច និងបង្កើតការងារសំខាន់ៗមួយចំនួន ប៉ុន្តែវិស័យនេះបានប្រឈមនឹងការលំបាកដោយសារលទ្ធភាពដាក់ទ្រព្យដំកល់ទទួលបានកម្ចីត្រូវអស់។ ឯកឧត្តម បានអះអាងថា ដើម្បីរក្សាកំណើនសេដ្ឋកិច្ច និងបង្កើតការងារ គេមិនអាចទុកចោលឱ្យវិស័យហិរញ្ញវត្ថុឯកជនមិនធ្វើចលនានោះទេ។

ឯកឧត្តមបានបញ្ជាក់ថា៖“ធនាគារមាននៅសល់ទុនច្រើនណាស់ គាត់ចង់ផ្តល់ទុនទៅឱ្យសហគ្រាសធុនតូច និងមធ្យម ប៉ុន្តែគាត់គ្មានប្រភពនៃការធានាថាតើសហគ្រាសទាំងនោះយកទុនទៅហើយសងត្រឡប់មកវិញម្តេចបាន? ដូចនេះទើបគាត់ត្រូវការរដ្ឋាភិបាលគាំទ្ររឿងនេះ”។ ឯកឧត្តមបានបន្ថែមថា៖“យើងបានកំណត់គោលដៅគឺវិស័យកសិកម្ម។ កសិកម្ម គឺជាវិស័យមួយដែលអាចបង្កើតការងារបានច្រើនសម្រាប់ប្រជាពលរដ្ឋខ្មែរ ហើយវិស័យនេះក៏យើងជ្រើសរើសយកប្រភេទកសិកម្មដែរ ដោយយើងយកស្រូវ និងផ្នែកកសិកម្មផ្សេងៗមួយចំនួនទៀតដែលអាចបង្កើតការងារបានច្រើន ដូចជា ដំណាំកៅស៊ូ អំពៅ ពោត និងផ្នែកមួយចំនួនទៀតដែលប្រជាជនខ្មែរធ្វើជារៀងរាល់ឆ្នាំ និងជារៀងរាល់រដូវ”។
ថ្មីៗនេះក្រសួងពាណិជ្ជកម្ម ក៏បានបង្ហាញពីចេតនាក្នុងការបង្កើតគោលនយោបាយដំឡូងមីដោយយកគំរូតាមគោលនយោបាយស្រូវអង្ករ ដែលទាក់ទាញបានទុនវិនិយោគយ៉ាងច្រើនក្រោយការបង្កើតគោលនយោបាយជាផ្លូវការ។ អ្នកជំនាញធ្លាប់បានលើកឡើងថា ដំឡូងមីរបស់កម្ពុជាកំពុងតែពឹងផ្អែកលើទីផ្សារនៃប្រទេសជិតខាងប៉ុណ្ណោះ។
នៅឆ្នាំនេះវិស័យកសិកម្មហាក់មានសញ្ញាណវិជ្ជមានឡើងវិញ ទាំងតួលេខនៃការនាំចេញ និងតម្លៃទិញពីកសិករ៕
