ក្រុម Manchester City បានរក្សាការនាំមុខ8ពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីយ៉ាងល្អនៅជិតបញ្ចប់ការប្រកួតពីសំណាក់ខ្សែបម្រើដ៏មានឥទ្ធិពល David Silva បានជួយឲ្យពួកគេទទួលបានជ័យជម្នះក្នុងលទ្ធផល 2-1 លើក្រុម West Ham កាលពីថ្ងៃអាទិត្យ។
ក្រុមរបស់លោក Pep Guardiola បានរក្សាទម្លាប់នាពេលថ្មីៗនេះរបស់ពួកគេតាមរយៈការវាយបកដើម្បីរកគ្រាប់បាល់ឈ្នះនៅជិតបញ្ចប់ការប្រកួត ខណៈដែល Silva បានរកគ្រាប់បាល់បំប៉ោងសំណាញ់នៅរយៈពេល7នាទីចុងក្រោយនាកីឡដ្ឋាន Eastlands ដើម្បីជួយឲ្យក្រុម Man City កត់ត្រាជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Premier League ជាលើកទី13ជាប់ៗគ្នារបស់ពួកគេ។ Silva បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីខ្សែការពារ Nicolas Otamendi ដើម្បីរកគ្រាប់បាល់បញ្ចូលទីក្នុងតង់ទី2 ដើម្បីតាមស្មើគ្រាប់បាល់បើកឆាករបស់ខ្សែការពារ Angelo Ogbonna នៃក្រុម West Ham នៅចុងតង់ទី1។ Man City បានតាមស្មើកំណត់ត្រារបស់ Chelsea ក្នុងរដូវកាលឆ្នាំ2016-2017 និងក្រុម Arsenal ក្នុងរដូវកាលឆ្នាំ2001-2002 សម្រាប់ការកត់ត្រាជ័យជម្នះជាប់ៗគ្នាច្រើនជាងគេបំផុត ក្នុងរដូវកាលតែមួយក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Premier League។ លោក Pep Guardiola បានឲ្យដឹងថា៖ «យើងបានចាប់ផ្តើមយ៉ាងល្អ ប៉ុន្តែ យើងបានបាត់បង់ការអត់ធ្មត់។ យើងមិនមានការលេងប្រកបដោយការស៊ីចង្វាក់គ្នា ដោយសារតែអ្នកចាំទីរបស់ក្រុម West Ham គឺ Adrian បានបំពេញតួនាទីយ៉ាងល្អរាល់ពេលទាំងអស់»។
គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះបានបន្ថែមទៀតថា៖ «ពួកគេបានលេងកីឡាករ10នាក់ក្នុងប្រអប់ទី វាស្ទើរតែមិនអាចទៅរួចឡើយ។ វាជាការទទួលជ័យជម្នះដ៏ធំមួយ។ វាបានបង្ហាញពីទីតាំងរបស់យើង»៕
ប្រភពពី៖ Sky Sports