ក្រុមជិតខាងគ្នា អេស្ប៉ាញ និងព័រទុយហ្គាល់នឹងត្រូវប្រជែងគ្នាក្នុងយុទ្ធនាការ World Cup នៅឆ្នាំក្រោយនេះ ក្រោយពីត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូលតែមួយនៅក្នុងការចាប់ឆ្នោតចែកពូលដែលបានរៀបចំឡើងក្នុងទីក្រុងម៉ូស្គូ កាលពីថ្ងៃសុក្រ។
ស្របពេលជាមួយគ្នានេះ ក្រុមម្ចាស់ការពារតំណែងជើងឯកអាល្លឺម៉ង់ ស្ថិតក្នុងពូល F ជាមួយនឹងក្រុមជម្រើសជាតិម៉ិកស៊ិក ស៊ុយអែត និងក្រុមជម្រើសជាតិកូរ៉េខាងត្បូង។ ការប្រកួតបើកឆាកនៃយុទ្ធនាការ World Cup លើកនេះនឹងតម្រូវឲ្យក្រុមម្ចាស់ផ្ទះត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រកួតពូល A នាថ្ងៃព្រហស្បតិ៍ ទី14 ខែមិថុនា។ ដោយឡែក ក្នុងពូល B ក្រុមម្ចាស់ជើងឯកឆ្នាំ2010 អេស្ប៉ាញ និងក្រុមម្ចាស់ជើងឯកប្រចាំទ្វីបអឺរ៉ុប ព័រទុយហ្គាល់ ត្រូវបានចាប់ឆ្នោតឲ្យស្ថិតនៅជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក និងអ៊ីរ៉ង់ ដែលស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក Carlos Queiroz។
ហេតុនេះ មានន័យថា ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ព័រទុយហ្គាល់ នឹងត្រូវធ្វើការប្រកួតជាមួយនឹងកីឡាករអេស្ប៉ាញជាច្រើនដែលលេងឲ្យក្លិប Real Madrid ដូចគ្នា និងក្រុមដែលត្រូវបានដឹកនាំដោយលោក Queiroz ដែលជាអតីតគ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់។ ខ្សែការពារអន្តរជាតិព័រទុយហ្គាល់ Jose Fonte របស់ក្លិប West Ham បានប្រាប់ទូរទស្សន៍ BBC Sport ថា៖ «វាជាការប្រជែងគ្នាដ៏ធំមួយ ហើយវានឹងក្លាយជាការប្រកួតរវាងក្រុមស្ថិតក្នុងតំបន់តែមួយ។ វាពិតជាអស្ចារ្យណាស់។ គ្រប់គ្នាពិតជាស្រេកឃ្លានក្នុងការទស្សនាការប្រកួតនេះ»។ ដោយឡែក អង់គ្លេស ត្រូវបានចាប់ឆ្នោតឲ្យស្ថិតក្នុងពូល G រួមជាមួយនឹងក្រុមជម្រើសជាតិបែលហ្ស៊ិក ប៉ាណាម៉ា និងទុយនីស៊ី៕
ប្រភពពី៖ BBC