នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017 នេះ តាមរយៈហ្វេសប៊ុករបស់តារាស្រីល្បីឈ្មោះ ដេនី ក្វាន់ បានឱ្យដឹងថា នាងបានធ្វើដំណើរទៅកាន់ខេត្តព្រៃវែងជាមួយនឹងក្រុមការងារដើម្បីចែកសម្ភារសិក្សា និងកង់មួយចំនួនជូនដល់ប្អូនៗកុមារទីទាល់ក្រនៅក្នុងឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង។
តារាស្រីរូបនេះបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនថា ក្នុងនាមរូបនាងជាសិល្បការិនីម្នាក់ដែលត្រូវជាប់ពិន័យរយៈពេល1ឆ្នាំពីក្រសួងវប្បធម៌មិនឱ្យមានគ្រប់សកម្មភាពក្នុងវិស័យសិល្ប: អាស្រ័យហេតុនេះនាងមិនអាចបង្ហាញខ្លួនឬសម្តែងសកម្មភាពផ្សេងៗដែលពាក់ព័ន្ធនឹងសិល្ប:បានឡើយ ប៉ុន្ដែនាងក៏មិនបានអាក់អន់ចិត្ត ឬខឹងសម្បាអ្វីនោះទេ។ នាងបានបន្ដទៀតថា «នាងខ្ញុំបានបង្វែរការសម្តែងគ្រប់សកម្មភាពក្នុងសិល្ប: មកបង្កើតសកម្មភាពមនុស្សធម៏ដោយចេញពីចិត្ត ចេញពីបេះដូង ទោះបីតិចក្តីច្រើនក្តី ទៅតាមលទ្ធភាពដែលនាងខ្ញុំមាន និងអាចធ្វើបាន។ ដូចជាម្សិលមិញនេះ ថ្ងៃទី 1 ខែធ្នូ ឆ្នាំ 2017 នាងខ្ញុំបាននាំយកនូវអំណោយសម្ភារសិក្សាផ្សេងៗដូចជា កង់3គ្រឿង សៀវភៅ ប៊ិច ខ្មៅដៃ ជ័រលុប និង បន្ទាត់ ចំនួន490ឈុត(សម្រាប់490នាក់) ព្រមទាំងថវិកាបន្តិចបន្តួចទៅចែកជូនបងប្អូន និងលោកគ្រូ-អ្នកគ្រូដែលមានវត្តមាននៅសាលាបឋមសិក្សា សូរ ដែលស្ថិតនៅភូមិសូរថ្មី ឃុំអង្គរ ស្រុកមេសាង ខេត្តព្រៃវែង ដើម្បីជួយសម្រួលដល់ភាពខ្វះខាតរបស់ពួកគាត់»។
នៅក្នុងទឹកចិត្តសប្បុរស និងការចូលរួមចែករំលែកក្ដីស្រឡាញ់ដែលជាផ្នែកមួយនៃការជួយការងារសង្គម តារាសិចស៊ីរូបនេះបានបញ្ជាក់បន្ថែមថា «មូលហេតុដែលនាងខ្ញុំធ្វើសកម្មភាពមួយនេះឡើង គឺដោយសារនាងខ្ញុំធ្លាប់នឹកស្រមៃកាលពីនាងខ្ញុំនៅតូចៗរៀននៅបឋមសិក្សា គឺនាងខ្ញុំធ្លាប់ឈររង់ចាំទទួលអំណោយបែបនេះដោយសប្បាយចិត្ត ទើបមកដល់ថ្ងៃនេះ ពេលនេះ វេលានេះខ្ញុំបានធ្វើសកម្មភាពមួយនេះឡើង។ ខ្ញុំសន្យានឹងខ្លួនឯងថា ខ្ញុំនឹងបន្តការងារផ្សេងៗទៀតដែលទាក់ទងនឹងមនុស្សធម៏តាមរយៈរូបភាពផ្សេងៗទៀតជូនដល់អ្នកដែលខ្វះខាត ។ វប្បធម៌ចែករំលែកមួយនេះ វាធ្វើឱ្យនាងខ្ញុំមានអារម្មណ៍ជ្រះថ្លា សប្បាយរីករាយ ពេញចិត្តនឹងធ្វើ ហើយនឹងបន្តធ្វើវាទៀតតាមលទ្ធភាពនាងខ្ញុំ»៕