អាមេរិក៖ ក្រុមហ៊ុនផលិតទូរស័ព្ទដៃកាណាដា BlackBerry នៅថ្ងៃនេះ ត្រូវបានតុលាការអន្តរជាតិ បង្គាប់ឲ្យបង់ប្រាក់ 137លានដុល្លារអាមេរិក ទៅក្រុមហ៊ុន Nokia ដើម្បីបញ្ចប់ជម្លោះកិច្ចសន្យារវាងក្រុមហ៊ុនទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena ចេញផ្សាយនៅថ្ងៃទី 02 ខែធ្នូ ឆ្នាំ 2017។
ក្រុមហ៊ុន Nokia បានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការអាជ្ញាកណ្ដាលពាណិជ្ជកម្មអន្តរជាតិ ឲ្យជួយដោះស្រាយពាក់ព័ន្ធនឹងករណីដែលក្រុមហ៊ុន BlackBerry បានល្មើសទៅនឹងកិច្ចសន្យា ប៉ុន្តែនៅក្នុងពាក្យបណ្ដឹងនោះ ក្រុមហ៊ុន Nokia មិនបានស្នើឲ្យតុលាការជួយដោះស្រាយរឿងករណី BlackBerry រំលោភលើកម្មសិទ្ធិបញ្ញាឡើយ ខណៈដែលគេដឹងថា ក្រុមហ៊ុន BlackBerry បានប្រើប្រាស់នូវប៉ាតង់ជាច្រើនរបស់ Nokia ដោយមិនបានសុំសិទ្ធិប្រើប្រាស់។
ពាក់ព័ន្ធនឹងករណីនេះ ក្រុមហ៊ុន BlackBerry នៅមិនទាន់មានប្រតិកម្ម ឬសេចក្ដីថ្លែងការណ៍ណាមួយឡើយ ខណៈដែលសារព័ត៌មានជាច្រើនកំពុងតែផ្ដោតសំខាន់ទៅលើរឿងនេះ៕