
នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ2017នេះ នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី គង់ ចាន់ស្រីមុំ បានបង្ហោះសារដ៏សែនក្ដៅស្លឹកត្រចៀកមួយចំពោះសារព័ត៌មានថៃក្លែងក្លាយមួយដែលបានសរសេរប្រឌិតរឿងបំភ្លៃការពិត ដោយយករូបនាង និងស្វាមីនៅក្នុងថ្ងៃរៀបមង្គលការកំពុងសំពះផ្ទឹមទៅកាត់តជាមួយបុរសថៃវ័យចំណាស់ម្នាក់ និងថែមទាំងដាក់ចំណងជើងថា «រៀបការមិនអញ្ជើញឪពុក ព្រោះអៀនខ្មាសដែលឪពុកក្របើកម៉ូតូកង់បី បានប្រពន្ធអ្នកមានបោះបង់ឪពុកក្រលំបាកចោល ឪពុកក្រគ្មានលុយ អត់អីស៊ី ស៊ីតែដៃម៉ូតូកង់បីរហូតដល់ឈឺស្លាប់»។

ឃើញហើយទ្រាំមិនបាន តារាស្រីរូបនេះបានពន្លះព័ត៌មានក្លែងក្លាយនោះ និងបកស្រាយនៅលើហ្វេសប៊ុកខ្លួនថា «នាងខ្ញុំ និងស្វាមីសូមបដិសេធព័ត៌មានថៃមួយនេះ ដែលសរសេរបំផ្លើសកាពិត សូមមេត្តាយកវិជ្ជាជីវៈជាអ្នកសារព័ត៌មានមកពិចារណាផងមុននឹងសរសេរ ហើយនាងខ្ញុំក៏មិនដឹងថា សារពត៌មាននេះចេញមកពីប្រភពណាទេ ហើយមានបំណងអ្វីដែរបានជាយករូបភាពយើងខ្ញុំទាំង2 នាក់មកភ្ជាប់ជាមួយអត្ថបទមួយនេះ សូមមេត្តាកុំដើម្បីតែផលប្រយោជន៍ខ្លួនឯង ហើយមកបំផ្លាញកិត្តិយសអ្នកដទៃបែបនេះអី។ នេះជារូបភាពលោកឱពុក និងអ្នកម្តាយ របស់ស្វាមីនាងខ្ញុំក្នុងថ្ងៃមង្គលការរបស់យើងទាំងពីរ»។
គង់ ចាន់ស្រីមុំ បានបញ្ជាក់បន្ថែមទៀតថា ដូច្នេះសូមបងប្អូនទាំងអស់កុំមានការយល់ច្រឡំ ឬជឿលើព័ត៌មានដែលមានប្រភពមិនច្បាស់លាស់នេះទៀត។ សូមជួយស៊ែរផងដើម្បីកុំឱ្យមានការយល់ច្រឡំបន្តទៀត។

សូមអរគុណចំពោះការស្រឡាញ់ និងគាំទ្រយើងខ្ញុំទាំង2នាក់កន្លងមក៕







