ជែក ម៉ា ស្ថាបនិក អាលីបាបា អាណាចក្រ អ៊ី-ខំមើកស៍ ដ៏ធំបំផុតរបស់ចិន និងជាបុគ្គលដែលគ្រងតំណែងបុរសអ្នកមានបំផុតក្នុងដែនដីនាគចិន។ ពីមនុស្សដែលទើបនឹងស្គាល់អ៊ីនធើណិតពេលអាយុជ្រុលដល់ 30 ជាងទៅហើយនោះ នៅថ្ងៃនេះ ម៉ា បានក្លាយជាម្ចាស់ក្រុមហ៊ុនដែលមានប្រាក់ចំណូល 23,000លានដុល្លារកាលពីឆ្នាំកន្លងទៅ។ យើងនាំគ្នាទៅមើលថា តើបុរសម្នាក់នេះមានវិធីការគិតយ៉ាងណា ទើបគេអាចសាងភាពជោគជ័យលំដាប់ពិភពលោកបែបនេះបាន?
1 . បង្កើតការជឿជាក់ដល់មនុស្សគ្រប់គ្នា
រៀបចំខ្លួនឱ្យគួរគោរពជឿជាក់ពីសំណាក់មនុស្សជុំវិញខ្លួន តាំងពីបុគ្គលិករហូតដល់អ្នកវិនិយោគទុន អ្នកដែលចូលរួមប្រថុយប្រថានទៅជាមួយយើងត្រូវតែទុកចិត្តលើយើង។ ម៉ា និយាយថា Trust ឬការជឿទុកចិត្តគឺជាផ្នែកផ្គុំសំខាន់ក្នុងការធ្វើឱ្យអាលីបាបាទទួលបានជោគជ័យ។
“ភាពជឿទុកចិត្ត ធ្វើឱ្យយើងមានសាមគ្គីជាធ្លុងមួយ ដោយសារតែបណ្ដាអ្នកវិយោគទុនជឿទុកចិត្តលើរូបខ្ញុំ ទើបខ្ញុំត្រូវតែស្មោះត្រង់ចំពោះពួកគេ ស្មោះត្រង់ក្នុងអ្វីដែលកំពុងធ្វើ”។ ការដែលអ្នកដទៃជឿទុកចិត្តលើម៉ា និងជឿលើភារកិច្ចដែលក្រុមហ៊ុនកំពុងដំណើរការ អាចរាប់បានថា ជាវត្ថុដែលមានតម្លៃខ្ពស់បំផុតដែលខ្លួនគេមាន។ មានតម្លៃខ្លាំងដល់ថ្នាក់ថា បើសិនដកលុយច្រើនជាង 1 លានដុល្លារទិញភាពជឿទុកចិត្តបាន ក៏គេសុខចិត្តដកទិញដែរ។
2 . បំភ្លេចចោលការប្រកួតប្រជែង តែត្រូវផ្ដោតសំខាន់លើអតិថិជន
ម៉ាមិនដែលពិបាកវេទនាចិត្តជាមួយការប្រកួតប្រជែងខាងជំនួញនោះទេ គ្រប់យ៉ាងដែលអាលីបាបាធ្វើ ទាំងអស់ស្ថិតលើគោលការណ៍ថា តើអតិថិជនត្រូវការអ្វី?។ ហេតុផលធម្មតាខ្លាំងណាស់ បើត្រូវការឱ្យមុខជំនួញឈរជើងបានស្ថិតស្ថេរ ក្នុងការសម្រេចចិត្តណាមួយ ភាពពេញចិត្តរបស់អតិថិជនត្រូវមកមុនគេបង្អស់។
“បើមានអតិថិជនមកប្រាប់ខ្ញុំថា ជែក! លោកគួរតែសង់ឃ្លាំងដាក់ទំនិញបន្ថែម យើងនឹងសង់!។ មិនមែនព្រោះយើងមានដើមទុនច្រើននោះទេ តែព្រោះវាជារឿងចាំបាច់”។ នៅពេលសួរថា តើនរណាជាគូប្រជែងរបស់អាលីបាបា? ម៉ាឆ្លើយថា គាត់មិនដឹងទេ “ក្នុងឋានៈជាសហគ្រិន កុំសម្លឹងមើលមិត្តរួមជំនួញថាជាគូប្រជែង កុំទៅចាប់អារម្មណ៍បើជាក្រុមហ៊ុនតូចៗផងនោះ ទុកពេលទៅធ្វើឱ្យអតិថិជនពេញចិត្តនឹងយើងវិញប្រសើរជាង”។
3 . ត្រូវគិតថា ជំនួញរបស់អ្នកគឺខ្នាតលំដាប់អន្តរជាតិ
សម្រាប់ម៉ា ការសម្លឹងមើលមុខជំនួញ ត្រូវត្រៀមបម្រុងដើម្បីទៅដល់លំដាប់ពិភពលោក។ គាត់ជឿថា មុខជំនួញ ទោះជាមានខ្នាតតូចក៏ដោយ តែបើអាច “ហក់ដល់លំដាប់ពិភពលោក” ក៏នឹងឈរជើងបានក្នុងរយៈពេលវែង ហើយឧបករណ៍ដែលធ្វើឱ្យហក់ទៅដល់លំដាប់ពិភពលោកបាននោះគឺ ខ្សែបណ្ដាញអ៊ីនធើណិតហ្នឹងឯង។
កណ្ដាលការប្រកួតប្រជែងដែលកាន់តែខ្ពស់ឡើង ក្ដៅគគុកឡើងនោះ បើនៅតែដំណើរការមុខជំនួញតាមបែបបុរាណដដែលៗ គ្មានការកែសម្រួល មិនប្រើប្រាស់អ៊ីនធើណិត ឬបណ្ដាញសង្គមធ្វើជាឧបករណ៍ទេនោះ មានឱកាសខ្ពស់ណាស់ក្នុងការស្ថិតនៅចុងកន្ទុយគេ។ ដូច្នេះ តឱ្យវាជាមុខជំនួញខ្នាតតូចប៉ុនណា ក៏ត្រូវតែរិះរកវិធីថា ធ្វើយ៉ាងណាទើបលក់បានទូទាំងពិភពលោក?។
4 . ប្រើមនុស្សជំនាន់ថ្មី
“ពេលយើងនៅកំលោះ-ក្រមុំ មិនសូវមានអ្នកណាឱ្យឱកាសយើងទេ មកដល់ពេលនេះ យើងគួរឱ្យឱកាសមនុស្សជំនាន់ថ្មី។ ថាៗទៅ មនុស្សកំលោះពេញកម្លាំងដែលឆ្លាតវៃ ធ្វើការបានល្អជាងយើងទៀតផង” ម៉ា និយាយថា ការសាងក្រុមដែលធ្វើការរួមគ្នាបានយូរ និងការផ្ដល់ឱកាសឱ្យមនុស្សទាំងនោះ ជារឿងសំខាន់ជាងអ្វីទាំងអស់។
នោះគឺជាហេតុផលដែលម៉ា ជ្រើសរើសជួលនិយោជិតដែលឆ្លាតៗមកធ្វើការឱ្យ ព្រោះដឹងថា បុគ្គលិកដែលពូកែ អាចរាប់បានថា ជាទ្រព្យសម្បត្តិ និងជាធនធានដែលល្អបំផុតសម្រាប់ស្ថាប័ន។
5 . កុំបោះបង់គោលដៅ
ដំណើរផ្លូវរបស់ម៉ា ក្នុងការសាងអាលីបាបាគឺ “ដើរតទៅមុខ” ។ បើមិនបាក់ទឹកចិត្ត ឬបញ្ឈប់កណ្ដាលទីទេនោះ ឱកាសនៅតែមាន តែបើលើកទង់ជ័យសចុះចាញ់វិញនោះ គឺជាក្ដីបរាជ័យយ៉ាងធំបំផុត។ ក្ដីឧស្សាហ៍ ក្ដីមានះព្យាយាមពុះពារគឺជារឿងចាំបាច់ “ថ្ងៃនេះថាពិបាកហើយ ថ្ងៃស្អែកនឹងពិបាកខ្លាំងជាងទៅទៀត តែបើឆ្លងវាទៅបាន បន្ទាប់ពីនោះទៅ នឹងមានតែរឿងល្អៗប៉ុណ្ណោះ”៕
រៀបរៀងដោយ តាវ៉ែនតា