Skip to content

លោក Loew និង​អាល្លឺម៉ង់ នឹង​ដឹង​ពី​គូប្រកួត​របស់ខ្លួន​ក្នុង World Cup ក្នុងការ​ចាប់ឆ្នោត​នៅថ្ងៃនេះ

លោក Joachim Loew ពិតជា​មិនមាន​ការព្រួយបារម្ភ​ជាមួយនឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ឡើយ ខណៈដែល​ពួកគេ​ត្រូវបាន​គេ​មើលឃើញថា ជា​ក្រុម​ដែលមាន​ក្តីសង្ឃឹម​ច្រើនជាងគេ​ក្នុងការ​ឈ្នះ​ពាន World Cup ឆ្នាំ2018 ប៉ុន្តែ គ្រូបង្វឹក​រូបនេះ​ក៏ត្រូវ​តែ​ធ្វើការ​ពង្រឹង​តំបន់ផ្សេងៗផងដែរ នៅមុន​ពេលធ្វើ​ការការពា​រ​ពាន​ពិភពលោក​នៅ​ប្រទេស​រុស្ស៊ី។

ក្រុម​ជម្រើសជាតិ​អង់គ្លេស និង​អេ​ស្ប៉ា​ញ​នឹងត្រូវ​ស្ថិតក្នុង​ពូ​ល​ផ្សេង​ពីគ្នា​ក្នុងនាម​ជា​ក្រុម​ខ្លាំង​ដែល​អាច​នឹង​ក្លាយជា​ឧបសគ្គ​សម្រាប់​អាល្លឺម៉ង់ ខណៈដែល​ក្រុម​ម្ចាស់​ជើងឯក World Cup មួយ​នេះ នឹង​ដឹង​ពី​គូប្រកួត​របស់ខ្លួន​ក្នុងការ​ចាប់ឆ្នោត​នៅ​ថ្ងៃ​សុក្រ​នេះ ក្នុង​ទីក្រុង​ម៉ូស្គូ។ លោក Loew បានចាត់ទុក​យុទ្ធនាការ World Cup ឆ្នាំ2018 គឺជា​យុទ្ធនាការ​ដ៏​លំបាក​បំផុត​មកទល់ពេលនេះ ក្នុងចំណោម​ការ​កាន់តំណែង​ជា​គ្រូបង្វឹក​រយៈពេល12ឆ្នាំ​របស់លោក ពីព្រោះ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​នឹង​ក្លាយជា​ក្រុម​មួយ​ដែល​ក្រុម​ឯទៀត​ចង់​ផ្តួល។ ក្រោយពី​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ 2-2 ជាមួយនឹង​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុងការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ចុងក្រោយ​របស់​ពួកគេ​ក្នុង​ឆ្នាំ2017 កាលពី2សប្តាហ៍​មុន Joachim Loew បាន​ឲ្យ​ដឹងថា៖ «ខ្ញុំ​ពិតជា​ស្ថិតក្នុង​អារម្មណ៍​ស្ងប់​ទាំងស្រុង ហើយ​មិនមាន​រាត្រី​ណា​ដែល​ខ្ញុំ​ដេក​មិន​លក់​នោះទេ»។

ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ កំពុងតែ​ស្ថិតក្នុង​ទម្រង់​លេង​យ៉ាងរឹងមាំ និង​មិន​ស្គាល់​ចាញ់​សោះ​ក្នុងចំណោម​ការប្រកួត​អន្តរជាតិ21លើកចុងក្រោយ​របស់​ពួកគេ ចាប់ពី​តាំង​បរាជ័យ​ក្រោម​ស្នាដៃ​ក្រុម​ជម្រើសជាតិ​បារាំង​ក្នុងការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ2016 វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ។ លោក Loew បាន​បន្ថែមទៀតថា៖ «យើង​បានធ្វើការ​ទៅលើ​ការបង្កើត​ឲ្យ​មាន​មូលដ្ឋាន​ដ៏​ល្អ​មួយ។ យើង​ដឹង​ពីអ្វី​ដែល​យើង​អាចធ្វើ​បាន ហេតុនេះ ខ្ញុំ​មិនមាន​ការភិតភ័យ​ឡើយ​អំពី​ការត្រៀម​លក្ខណៈ​របស់​យើង»៕

ប្រភពពី៖ Sport24

Leave a Reply

Your email address will not be published. Required fields are marked *