នៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 គឺជាថ្ងៃរៀបចំពិធីសូត្រមន្តចូលរោងការរបស់កូនក្រមុំជាតារាចម្រៀងស្រីប្រចាំទ្រនំរស្មីហង្សមាសកញ្ញា សុគន្ធ នីសា ឬមានឈ្មោះពិតថា ប៉ុង សុគន្ធា ជាមួយនឹងកូនកំលោះលោក ចៅ សម្បត្តិ ដែលមានការចូលរួមអបអរសាទរពីសំណាក់មិត្តភ័ក្តិសិល្បករ និងញាតិមិត្តជាច្រើន។ ជាពិសេសរូបថតប៉ុន្មានសន្លឹកដែលបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក ដែលបង្ហាញពីថ្ងៃសូត្រមន្តចូលរោងការ គេសង្គេតឃើញនាងមានទឹកមុខស្រស់ញញឹម អរសប្បាយរីករាយជាមួយភ្ញៀវកិត្តិយស ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនាងបានបញ្ជេញនូវស្នាមញញឹមដ៏ស្រស់ស្អាត ដែលស្ទើតែរលាយផែនដីទៅកាន់ស្វាមីរបស់នាងខណៈសំពះផ្ទឹម ដែលស្វាមីរបស់នាងក៏ញញឹមតបវិញសឹងតែបិទមាត់មិនជិតផងដែរ។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី1 ខែធ្នូ ឆ្នាំ2017នេះ ពិធីរៀបអាពាហ៍ពិពាហ៍របស់តារាស្រីរូបនេះនឹងត្រៀមទទួលភ្ញៀវកិត្តយសនៅក្នុងបរិវេណសណ្ឋាគារលំដាប់ផ្កាប្រាំ សូហ្វីតែល ភូគីត្រា ដែលនៅក្នុងនោះក៏នឹងមានវត្តមានភ្ញៀវកិត្តិយសដែលជាមន្ត្រីរាជការ អ្នកមានមុខមាត់ក្នុងសង្គម អ្នកជំនួញធំៗ ជាពិសេសគឺ អ្នកសិល្បៈចូលរួមដែលសរុបទាំងអស់មិនក្រោម 1,000 នាក់ឡើយ៕