លោក Sam Allardyce ត្រូវបានតែងតាំងជាអ្នកចាត់ការទូទៅថ្មីរបស់ក្លិប Everton ក្រោយពីលោកបានចូលទស្សនាការប្រកួតរបស់ក្រុមទូកក្តោងខណៈដែលពួកគេបានផ្តួលក្រុម West Ham United 4-0 នាកីឡដ្ឋាន Goodison Park។
គ្រូបង្វឹកវ័យ63ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកុងត្រាមួយដែលនឹងផុតកំណត់ក្នុងឆ្នាំ2019។ លោក Allardyce បានចូលជំនួសកន្លែងរបស់លោក Ronald Koeman ដែលត្រូវបានបណ្តេញចេញក្នុងរយៈពេលច្រើនជាង5ឆ្នាំកន្លងទៅ និងបានវិលទៅកាន់តួនាទីផ្នែកដឹកនាំវិញក្នុងរយៈពេល៦ខែ ក្រោយពីចាកចេញពីក្លិប Crystal Palace។ លោក Allardyce នឹងចូលកាន់តំណែងជំនួសគ្រូបង្វឹកបណ្តោះអាសន្នលោក David Unsworth ដែលនឹងនៅតែស្ថិតជាបុគ្គលិករបស់ក្លិបនេះដដែលសម្រាប់ការប្រកួតលើទឹកដីខ្លួនឯងរបស់ក្រុម Everton ជាមួយនឹងក្រុម Huddersfield Town កាលពីថ្ងៃសៅរ៍។
ការបរាជ័យរបស់ក្លិប Everton ក្នុងការលួងលោមលោក Marco Silva ឲ្យចាកចេញពីក្លិប Watford ហើយការសម្រេចចិត្តក្នុងការផ្តល់កិច្ចសន្យារយៈពេលវែងដល់លោក Allardyce បានធ្វើឲ្យគ្រូបង្វឹកចាស់វស្សារូបនេះ វិលទៅកាន់ក្របខ័ណ្ឌ Premier League តែម្តង។ លោក Allardyce ដែលធ្លាប់បានដឹកនាំក្លិប Bolton Wanderers, Newcastle United, Blackburn Rovers, West Ham Sunderland និង Crystal Palace ក្នុងក្របខ័ណ្ឌ Premier League នោះ មិនធ្លាប់បានដឹកនាំឲ្យក្រុមមួយធ្លាក់ចេញពីក្របខ័ណ្ឌកំពូលរបស់អង់គ្លេសឡើយ។
លោក Allardyce បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ខ្ញុំតែងតែបានគិតថា Everton គឺជាក្លិបដ៏អស្ចារ្យមួយ។ ពិតណាស់ ក្លិបនេះ បានឆ្លងកាត់ឧបសគ្គជាច្រើន ហើយជាការរំពឹងទុក ខ្ញុំអាចបញ្ចប់បញ្ហាផ្សេងៗឲ្យបានឆាប់តាមដែលអាច និងចាប់ផ្តើមវិលទៅរកភាពខ្លាំងម្តងទៀត»៕
ប្រភពពី៖ The Guardian