Skip to content

ក្រសួងទេសចរណ៍​ដាក់​ផែនការ​យុទ្ធសាស្ដ្រ បង្កើត​ការងារ​ផ្ទាល់​ឱ្យបាន1លាន​នាក់​ក្នុង​ឆ្នាំ2020

ភ្នំពេញ – ដើម្បី​បង្កើត​ធនធានមនុស្ស​ក៏ដូចជា​ការងារ​បន្ថែម​លើ​ជំនាញ ក្រសួងទេសចរណ៍ និង​ប្រធាន​គណៈកម្មាធិការ​ជាតិ​អ្នកជំនាញ​ទេសចរណ៍ បានប្រកាស​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ 2017-2025ដើម្បី​បង្កើត​ការងារ​ឲ្យ​បាន​ជាង1.2លាន​នាក់​នៅ​ឆ្នាំ2025 និង1.7លាន​នាក់ នៅ​ឆ្នាំ2030។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​មានប្រសាសន៍ថា ផែនការ​យុទ្ធសាស្ត្រ​នេះ​រៀបចំ​ឡើងជា​ផែនទី​សម្រាប់​ចង្អុល​ទិស​ក្នុងការ​បង្កើត​ការងារ និង​ជំនាញ​ជូន​យុវជន​កម្ពុជា​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន និង​ចូលរួម​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព 2020-2030 (SDGs) របស់​អង្គការ​សហ​ប្រជា​តិ តាមរយៈ​វិស័យ​ទេសចរណ៍ ពោលគឺ​អនុលោម​តាម​សេចក្តីថ្លែងការណ៍​របស់​អង្គការសហប្រជាជាតិ ឆ្នាំ2015 ដែល​ប្រកាសថា៖ «2017 ជា​ឆ្នាំ​អន្តរជាតិ​ស្ដីពី​ទេសចរណ៍ ដើម្បី​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព»។

ឯកឧត្ដម​បន្ដថា ដើម្បី​សម្រេច​នូវ​គោលនយោបាយ​ខាងលើ ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​គោលដៅ​រួមមួយ​ចំនួន​បន្ថែមទៀត ជាការ​រំពឹងទុក​ដែល​កើតចេញពី​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ខាងលើ ក្នុងនោះ​រួមមាន៖

1៖ ឆ្នាំ2020 ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ចូលរួម​បង្កើត​ការងារ​ផ្ទាល់​ឲ្យ​បាន​ប្រមាណ 1លាន​នាក់ ហើយ​ត្រូវ​ជំរុញ​ឲ្យ​មាន​អ្នកជំនាញ​យ៉ាងតិច 50% ត្រូវមាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន តាមរយៈ​ការបណ្តុះបណ្តាល ឬ​ការវាយតម្លៃ​សមត្ថភាព។

2៖ ឆ្នាំ2025 ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ចូលរួម​បង្កើត​ការងារ​ផ្ទាល់​ឲ្យ​បាន​ប្រមាណ1.2លាន​នាក់ និង​ត្រូវ​សម្រេច​ឲ្យ​បាន​យុទ្ធនាការ «បុគ្គលិក​ម្នាក់ ជំនាញ​មួយ» ពោលគឺ​ជំរុញ​ឲ្យ​អ្នកជំនាញ​ទេសចរណ៍​ទាំងអស់ (100%) ឲ្យ​មាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​បញ្ជាក់​សមត្ថភាព​ស្របតាម​ស្តង់ដារ​ជាតិ និង​អាស៊ាន។

3៖ ឆ្នាំ2030 ក្រសួងទេសចរណ៍ និង​ភាគី​ពាក់ព័ន្ធ​ត្រូវ​សហការ​ចូលរួម​សម្រេច​ឲ្យ​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព SDG4 «ធានា​ឲ្យ​បាន​នូវ​ការអប់រំ​បណ្តុះបណ្តាល ប្រកបដោយ​គុណភាព សមធម៌ និង​បរិ​យា​ប័ន្ន ព្រមទាំង​លើកកម្ពស់​ឱកាស​សិក្សា​ពេញ​មួយជីវិត​ដល់​ជន​គ្រប់រូប» និង SDG8 «ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការងារ​សមរម្យ​ដល់​ជន​គ្រប់រូប» ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​ធនធានមនុស្ស​ក្រោម​បរិបទ​ជាតិ និង​តំបន់។

នៅ​ឆ្នាំ2016កន្លងទៅ វិស័យ​ទេសចរណ៍​ក​ម្ព​ជា​សម្រេចបាន​កំណើន 5% ដែល​នាំ​ចំណូល​ចូល​សេដ្ឋកិច្ច​ប្រមាណ 3,400លាន​ដុល្លារ​អាមេរិក ស្មើនឹង 12% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ហើយ​បង្កើត​ការងារ​ផ្ទាល់​បាន​ប្រមាណ​ជាង62 ម៉ឺន​នាក់។ ដោយឡែក​ក្នុង​រយៈពេល9ខែ​នៃ​ឆ្នាំ2017 កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ចំនួន 3,912,761នាក់ កើនឡើង11.5% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2016។ នៅ​ឆ្នាំ2017 នេះ​ក្រសួងទេសចរណ៍​រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ 5 លាន 6សែន​នាក់។

ជាង​នេះ ឯកឧត្ដម ថោង ខុន បាន​បន្ថែមថា ដើម្បី​សម្រេចបាន​នូវ​ចក្ខុវិស័យ​ដូច​ការរំពឹងទុក​ខាង​លើ ក្រសួងទេសចរណ៍​បានដាក់​ចេញ​នូវ​ទិសដៅ​សកម្មភាព​សម្រាប់​ឆ្នាំ2018 នាពេលខាងមុខ រួមមាន៖

ទី1៖ សហការ​គាំទ្រ​អនុវត្ត​កម្មវិធី 2018ជា​ឆ្នាំ​សម្រាប់​ស្តង់ដារ និង​វាយតម្លៃ​អ្នកជំនាញ​ទេសចរណ៍ ឆ្ពោះទៅកាន់​ការសិក្សា​ពេញ​មួយជីវិត សំដៅ​អភិវឌ្ឍ​កម្មវិធី​បណ្តុះបណ្តាល​ដែលមាន​ស្តង់ដារ​ខ្ពស់ មានការ​ទទួលស្គាល់​ពី​គ្រប់ភាគី​ពាក់ព័ន្ធ និង​ធ្វើការ​វាយតម្លៃ​ទទួលស្គាល់​សមត្ថភាព​អ្នកជំនាញ​ទេសចរណ៍ ដែល​កំពុង​បម្រើ​ការងារ​បច្ចុប្បន្ន តាមរយៈ​ការវាយតម្លៃ​ការសិក្សា​ពីមុន​ឲ្យ​ទទួលបាន​គុណវុឌ្ឍិ​ជាក់លាក់ ដើម្បី​តម្រង់ទិស​អាជីព​ការងារ​ពេញ​មួយជីវិត។

ទី2៖ ដាក់ចុះ​នូវ​គម្រោង​សាកល្បង​កម្មវិធី​ហ្វឹកហាត់​ការងារ ដើម្បី​បណ្តុះបណ្តាល​អ្នកជំនាញ​ក​ម្ពុ​ជា​ឲ្យ​មាន​ជំនាញ​វិជ្ជាជីវៈ​ពិតប្រាកដ ស្របតាម​ទស្សនទាន​សកល «រៀន​បណ្តើរ ធ្វើការ​បណ្តើរ»។ កម្មវិធី​ហ្វឹកហាត់​ការងារ​ក៏​នឹងចូលរួម​ជំរុញ​ឲ្យ​យុវជន​ក្រីក្រ​អាចមាន​លទ្ធភាព​ធ្វើការ និង​សិក្សា​ក្នុងពេល​តែមួយ ហើយ​ទទួលបាន​វិញ្ញាបនបត្រ ឬ​សញ្ញាបត្រ​ទទួលស្គាល់​កម្រិត​ជាតិ និង​អាស៊ាន។

ទី3៖ អនុវត្ត​គម្រោង​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​ដល់​ពលករ​ចំណាកស្រុក ដើម្បី​ផ្តល់ឱកាស​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ដល់​ពលករ​ទាំងនេះ។

ទី4៖ សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ និង​អ្នកជំនាញ ដើម្បី​អភិវឌ្ឍ​ជំនាញ​ទេសចរណ៍​ផ្នែក​ស្ប៉ា និង​សុខុមាលភាព សំដៅ​លើកកម្ពស់​ជំនាញ​វិជ្ជាជីវៈ​នេះ ឲ្យ​មានការ​ទទួលស្គាល់​កម្រិត​ជាតិ និង​អាស៊ាន។

ទី5៖ ដាក់ចុះ​ការអនុវត្ត​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​អាស៊ាន​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស​ទូទាំងប្រទេស ដោយ​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ជំនាញផ្សេងៗទៀត។ កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹងចូលរួម​ផ្តល់​ជំនាញ​ទេសចរណ៍​ដល់​យុវជន​កម្ពុជា តាំងពី​វ័យក្មេង​កម្រិត​វិទ្យាល័យ ដែលជា​មូលដ្ឋាន​ក្នុងការ​អភិវឌ្ឍ​អាជីព​ពេញ​មួយជីវិត។

ទី6៖ ជំរុញ​កម្មវិធី​ឥណទាន​ដល់​សិស្ស​និស្សិត​រៀន​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ ដើម្បី​សម្រួល​ជីវភាព​សិក្សា និង​លើកទឹកចិត្ត​សិស្សានុសិស្ស​ជាពិសេស សិស្ស​បោះបង់​ការសិក្សា ពលករ​ចំណាកស្រុក​ដែល​ត្រឡប់មកវិញ និង​យុវជន​ស្ថិតក្នុង​គ្រួសារ​ក្រីក្រ ឱ្យ​ចាប់យក​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍​កាន់តែ​ផុលផុស​ថែមទៀត។

ទី7៖ បន្ត​ជំរុញ​អនុវត្ត និង​ប្រើប្រាស់​សៀវភៅ​ជំនាញ​ទេសចរណ៍ សម្រាប់​កត់ត្រា​គុណវុឌ្ឍិ​របស់​អ្នកជំនាញ​ដែល​បានបញ្ចប់​ការសិក្សា និង​ទទួល​ការវាយតម្លៃ​រួចហើយ​សម្រាប់​រក​ការងារ​ធ្វើ និង​អភិវឌ្ឍ​ខ្លួន​ក្នុង​វិស័យ​ទេសចរណ៍​បាន​យ៉ាង​ល្អប្រសើរ។

ទី8៖ បន្ត​ពង្រឹងសមត្ថភាព​គ្រឹះស្ថាន​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទេសចរណ៍ គ្រូ​បង្គោល និង​អ្នកវាយតម្លៃ​បង្គោល​ឱ្យមាន​សមត្ថភាព​កាន់តែ​ល្អប្រសើរ ចូលរួម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ដែល​បានដាក់ចុះ៕

Leave a Reply

Your email address will not be published. Required fields are marked *