នៅក្នុងការរស់នៅ មនុស្សម្នាក់ៗមានវិធីរៀងៗខ្លួនក្នុងការអភិវឌ្ឍខ្លួនឯងឆ្ពោះទៅរកភាពជាបុគ្គលអស្ចារ្យ ឬបុគ្គលដែលទទួលបានការគោរព និងឱ្យតម្លៃពីសង្គម។ ក្នុងចំណោមវិធីទាំងអស់ក្នុងការអភិវឌ្ឍខ្លួនឯង ការបើកចិត្តឱ្យទូលាយជារឿងសំខាន់ចម្បងមួយដែលជាចំណុចបើកផ្លូវទៅកាន់ភាពជាអ្នកដែលមានគុណតម្លៃជាលក្ខណៈសកល។
លោក កឹម អឿន នាយកប្រតិបត្តិនៃវិទ្យាស្ថានសិក្សាដើម្បីជោគជ័យ បានលើកឡើងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំថា អ្នកដែលមនុស្សគ្រប់គ្នាគួរតែត្រៀមចាត់ទុកថា ជាមនុស្សសកលដែលមានតម្លៃសម្រាប់សង្គម និងមនុស្សទូទៅ គឺមនុស្សដែលបើកចំហ និងទទួលយកបាននូវអ្វីដែលល្អ និងមានភាពទទួលខុសត្រូវ។ ភាពជាប្រជាជនសកលគឺជារឿងសំខាន់មួយដែលអាចធ្វើឱ្យយើងងាយស្រួលក្នុងការរស់នៅ ឬធ្វើការងារដោយអាចប្រើគំនិតប្រកបដោយភាពទូលំទូលាយ និងមានភាពជាអ្នកដឹកនាំដ៏ល្អថែមទៀតផង។
លោក កឹម អឿន បាននិយាយថា៖ «ដើម្បីក្លាយខ្លួនជាមនុស្សដ៏អស្ចារ្យ និងមានតម្លៃម្នាក់ យើងម្នាក់ៗគួរទុកអត្តសញ្ញាណ (identity) ទៅម្ខាងសិន ហើយទទួលយករឿងគ្រប់យ៉ាង»។
ជាការពិតណាស់ បើតាមលោក កឹម អឿន មនុស្សជាច្រើនតែងតែប្រកាន់ខ្លួនថា ខ្លួនឯងជាអ្នកចេះ ជាមនុស្សមានសមត្ថភាពស្រាប់ហើយ ជាមនុស្សដែលជំនាញផ្នែកនេះ ឬជំនាញផ្នែកនោះជាដើម ហើយព្យាយាមប្រើតែសមត្ថភាពដែលខ្លួនមាន និងមិនព្រមទទួលយកនូវអ្វីដែលថ្មីពីមជ្ឈដ្ឋានខាងក្រៅនោះទេ បើទោះបីជាដឹងថា រឿងនោះជារឿងល្អក៏ដោយ។ តាមពិតទៅប្រសិនបើមនុស្សអាចដកអត្តសញ្ញាណរបស់ខ្លួនទុកមួយឡែកសិន បន្ទាប់មកពិចារណាទទួលយករឿងល្អៗពីគ្រប់ទីកន្លែង គេនឹងអាចក្លាយជាមនុស្សដែលមានទាំងជំនាញគោល និងជំនាញទូទៅ ឬជំនាញទន់ ដែលពិភពលោកកំពុងត្រូវការ៕