Skip to content

ការសាកល្បង​ដាំ​ពូជស្រូវ​ថ្មី​របស់​ជប៉ុន​នៅ​កម្ពុជា​ទទួលបាន​ជោគជ័យ​ខ្ពស់

ភ្នំពេញ៖ លោក​សាស្ត្រាចារ្យ Qi Shaowu នាយក​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ China National Hybrid Rice R&D Center បាន​ថ្លែងឱ្យដឹងថា ការសាកល្បង​ដាំ​ស្រូវ​ប្រភេទ​ថ្មី​នាំ​មកពី​ប្រទេស​ជប៉ុន​កំពុង​ទទួលបាន​ជោគជ័យ​ខ្លាំង​នៅក្នុង​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់ថា ការសាកល្បង​ដាំ​ដុះ​ពូជ​អង្ករ​គ្រាប់ឃ្លី​នៅ​កម្ពុជា​ទទួលបាន​លទ្ធផល​ល្អប្រសើរ​ខ្លាំង​ជាង​ពូជស្រូវ​ដទៃ ដោយ​ក្នុង1ហិកតា​ទទួលផល​បាន​ប្រមាណ​ជា 7.7តោន​នៅក្នុង​ខេត្តកំពង់ស្ពឺ និង 7.4តោន​នៅក្នុង​ខេត្តពោធិ៍សាត់។ លក្ខណៈពិសេស​របស់​ពូជស្រូវ​ជប៉ុន​ប្រភេទ​នេះ​មាន​ចំនួន4យ៉ាង​ដែល​ត្រូវបាន​ជ្រើសរើស​យកមក​ដាំ​នៅ​ប្រទេស​កម្ពុជា​ដោយ​ពូជនីមួយៗអាច​ធន់​នឹង​ទឹកជំនន់ ធន់​នឹង​ជំងឺឆ្លង និង​ត្រូវការ​ប្រើប្រាស់​សារធាតុ​ជី​តិច​បំផុត ជាពិសេស​ធន់​នឹង​អាកាសធាតុ​ក្តៅ។ បច្ចុប្បន្ន​ប្រភេទ​ពូជស្រូវ​ជប៉ុន​នេះ​កំពុងមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ទូទាំង​ពិភពលោក ជាពិសេស​ប្រទេស​ចិន​ដែល​កំពុងមាន​ការខ្វះខាត​អង្ករ​ប្រភេទ​នេះ​ជាង3លាន​តោន​ក្នុង​មួយឆ្នាំ។

ឯកឧត្តម​វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​ថ្លែង​កោត​ស​សើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ China National Hybrid Rice R&D Center ជាពិសេស​លោក​សាស្ត្រាចារ្យ Qi និង​សហការី​ដែល​បានមក​សិក្សា​ស្រាវជ្រាវ​ពូជ​អង្ករ​គ្រាប់ឃ្លី​ថ្មី​នេះ​នៅ​ប្រទេស​កម្ពុជា និង​មានបំណង​វិនិយោគ និង​សហការ​ជាមួយ​ក្រសួង​ក្នុងការ​ផ្លាស់ប្តូ​បទពិសោធ​ការងារ​ដើម្បី​អភិវឌ្ឍ​វិស័យ​ស្រូវ​អង្ករ​នៅ​កម្ពុជា​ឱ្យ​កាន់​តែមាន​កិត្យានុភាព​លើ​ទីផ្សារ​ស្រូវ​អង្ករ​ពិភពលោក​ដែល​ស្រប​ជាមួយ​គោលដៅ​អាទិភាព​របស់​រាជរដ្ឋាភិបាល​ក្នុង​ការធានា​សន្តិសុខ​ស្បៀង និង​បង្កើត​ការនាំចេញ​អង្ករ​កម្ពុជា​ឱ្យបាន​លើសពី 1លាន​តោន​ក្នុង1ឆ្នាំ។

ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បានផ្តល់​អនុសាសន៍​ណែនាំ​មួយចំនួន​ដល់​លោក​សាស្ត្រាចារ្យ Qi និង​សហការី ត្រូវ​រៀបចំ​សេចក្តីព្រាង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា3ភាគី រវាង​ក្រុមហ៊ុន​ទទួល​ទិញ​អង្ករ​នេះ​ទៅកាន់​ទីផ្សារ​ចិន ខណៈ​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ និង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹងត្រូវ​ចុះហត្ថលេខា​នៅ​ពាក់កណ្តាល​ខែធ្នូ​ខាងមុខ។

ទន្ទឹមនឹងនេះ​ត្រូវអនុវត្ត​នូវ​យុទ្ធសាស្ត្រ​មួយចំនួន​គឺ

ទី1.គិតគូរ​ពី​ការអនុវត្ត​ដោយ​ផ្សារភ្ជាប់​វិស័យ​ឯកជន និង​កសិករ​តាមរយៈ​ធ្វើ​ការដាំដុះ និង​ផ្គត់ផ្គង់​តាម​កិច្ចសន្យា។

ទី2. ផ្តល់​ស្រូវ​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​ដល់​កសិករ​ខ្មែរ។

ទី3.កំណត់​តំបន់​ដាំ​ដុះ​ដែលមាន​សក្តានុពល​ខ្ពស់​ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​គុណភាព​អង្ករ។ ទី4.បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​មជ្ឈមណ្ឌល​វិទ្យាស្ថាន​ស្រាវជ្រាវ​ពូជស្រូវ និង​ក្រសួង​ដោយ​ការបង្កើត​ក្រុមការងារ និង​គណៈកម្មការ។

លោក​សាស្ត្រាចារ្យ​ Qi Shaowu និង​តំណាង​ក្រុមហ៊ុន​ចិន​បានបញ្ជាក់​យ៉ាង​មុតមាំ​ថា ក្រុមហ៊ុន​នឹង​ប្រមូល​ទិញ​ប្រភេទ​ស្រូវ​ខាងលើ​ទាំងអស់​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នៅពេល​កសិករ​កម្ពុជា​ផលិត​បាន៕

Leave a Reply

Your email address will not be published. Required fields are marked *