យោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Information បានឲ្យដឹងថា លោក Andy Rubin បិតាស្ថាបនិក Android បានដើរចេញពីក្រុមហ៊ុន Google បន្ទាប់ពីផ្ទុះរឿងអាស្រូវផ្លូវភេទជាមួយបុគ្គលិកក្រោមបង្គាប់។
ប្រភពខាងលើបានបញ្ជាក់ថា នៅពេលនេះ លោក Rubin បានចាកចេញពី Google បន្ទាប់ពីក្រុមហ៊ុនអ៊ីនធើណែតយក្សមួយនេះ បានចាប់ផ្ដើមបើកការស៊ើបអង្កេតផ្ទៃក្នុង ពាក់ព័ន្ធនឹងករណីលោក Rubin មានទំនាក់ទំនងផ្លូវភេទជាមួយនឹងស្ត្រីម្នាក់ដែលធ្វើការងារផ្ទាល់ជាមួយលោក។
ក្រោយពី The Information ចេញផ្សាយនូវព័ត៌មាននេះ លោក Mike Sitrick អ្នកនាំពាក្យរបស់លោក Rubin បានបញ្ជាក់ថា ការចាកចេញនោះមិនមែនពាក់ព័ន្ធនឹងករណីខាងលើឡើយ ពោលគឺលោកចាកចេញដោយសារហេតុផលផ្ទាល់ខ្លួន។ លោក Sitrick បានបញ្ជាក់បន្ថែមទៀតថា ស្ត្រីនោះបានធ្វើការនៅក្នុងក្រុម Android តាំងពីឆ្នាំ 2013 តែទំនាក់ទំនងរបស់អ្នកទាំងពីរគឺត្រឹមតែជាមេ និងកូនចៅប៉ុណ្ណោះ។
ទោះជាយ៉ាងនេះក្ដី ខាងក្រុមហ៊ុន Google នៅមិនទាន់មានប្រតិកម្ម ឬការឆ្លើយតបណាមួយឡើយ៕