លោក Alan Pardew ដែលជាគ្រូបង្វឹកទើបតែតែងតាំងថ្មី បានបញ្ជាក់ថា West Brom «នឹងលេងប្រកបដោយការវាយសម្រុកជានិច្ច» បើទោះបីការព្យាយាមនោះនឹងធ្វើឲ្យពួកគេអាចនឹងហូរឈាមតាមច្រមុះក៏ដោយ។
គ្រូបង្វឹកវ័យ56ឆ្នាំរូបនេះបានចូលមកជំនួសកន្លែងរបស់លោក Tony Pulis គ្រូបង្វឹកចាស់ដែលត្រូវបានបណ្តេញចេញកាលពីថ្ងៃពុធ ក្នុងកិច្ចសន្យាមួយដែលនឹងបន្តរហូតដល់ចុងរដូវកាលឆ្នាំ2019-2020។ លោក Pulis ត្រូវបានគេរិះគន់ទៅលើទម្រង់លេងរបស់ក្រុម ខណៈដែលពួកគេបានស៊ុតបាល់បញ្ចូលទីបានត្រឹមតែ9គ្រាប់គត់ ក្នុងចំណោមការប្រកួតលីក12លើកចុងក្រោយរបស់ពួកគេ។
លោក Pardew បានឲ្យដឹងថា៖ «រឿងដ៏សំខាន់បំផុតនោះគឺការឈ្នះការប្រកួត។ លោក Tony បានដឹកនាំយ៉ាងល្អ និងមានលក្ខណៈផ្សេងពីខ្ញុំ។ ខ្ញុំសង្ឃឹមថា នឹងធ្វើឲ្យក្រុមនេះមានសេរីភាពជាងមុនបន្តិច»។ West Brom បានកត់ត្រាជ័យជម្នះក្នុងការប្រកួតលីក2លើកដំបូងរបស់គេនៅរដូវកាលនេះ ប៉ុន្តែ ចាប់តាំងពីពេលនោះមក មិនបានទទួលជ័យជម្នះឡើយ និងបន្តជួបភាពត្រដាបត្រដួសជាបន្តបន្ទាប់ ដែលនាំឲ្យមានការបណ្តេញលោក Pulis ចេញពីតំណែងតែម្តង ក្រោយពីពួកគេរកបានត្រឹមតែ 12ពិន្ទុគត់ពីការប្រកួត 21លើក។ លោក Pardew បានឲ្យដឹងថា៖ «ចំណុចដ៏ខ្លាំងបំផុតរបស់ខ្ញុំ គឺផ្តោតទៅលើការលេងទៅមុខជានិច្ច និងព្យាយាមយ៉ាងខ្លាំងដើម្បីធ្វើឲ្យក្រុមជាច្រើនស្ថិតក្រោមសម្ពាធ។ ពេលខ្លះ អ្នកនឹងត្រូវឈាមច្រមុះក្នុងការធ្វើបែបនោះ ហើយនោះគឺជាអ្វីដែលខ្ញុំនឹងផ្តល់ឲ្យនៅទីនេះក្នុងក្លិប West Brom»។
គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា៖ «បញ្ហាប្រឈមមុខភ្លាមៗពេលនេះ គឺការផ្អាកការធ្លាក់ចុះជាបន្តបន្ទាប់ ទទួលបានពិន្ទុនៅលើតារាង និងធ្វើឲ្យខ្លួនយើងស្ថិតក្នុងទីតាំងដែលយើងអាចព្យាយាមប្រជែងចំណាត់ថ្នាក់កំពូលទាំង1០ ប្រសិនបើអាច»៕
ប្រភពពី៖ BBC