Chelsea បានធ្វើឲ្យក្តីសង្ឃឹមនៃការប្រជែងពានក្របខ័ណ្ឌ Premier League របស់ខ្លួននៅតែបន្ត ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល 1-០ លើក្រុម Swansea ខណៈដែលគ្រូបង្វឹកនៃក្រុមតោខៀវមួយនេះគឺលោក Antonio Conte ត្រូវបានបណ្តេញឲ្យទៅអង្គុយនៅកៅអីរបស់អ្នកទស្សនា សម្រាប់ការសម្តែងកំហឹងយ៉ាងខ្លាំងក្លានៅក្បែរខ្សែបន្ទាត់នៃទីលានប្រកួត។
លោក Conte បានបាត់បង់ការគ្រប់គ្រងអារម្មណ៍របស់លោកក្នុងតង់ទី1 នាកីឡដ្ឋាន Stamford Bridge ក្រោយពីបានសម្តែងនូវការខឹងសម្បាយ៉ាងខ្លាំង និងបានធ្វើការរិះគន់ទៅលើអាជ្ញាកណ្ដាលទី4លោក Lee Mason ក្រោយពីលោកអាជ្ញាកណ្តាល Neil Swarbrick មិនបានផ្តល់បាល់ជ្រុងឲ្យក្រុមរបស់ខ្លួន។ Chelsea មិនបានបាក់ស្មារតីដោយសារតែការអវត្តមានរបស់អ្នកចាត់ការទូទៅរបស់ខ្លួនឡើយ និងដណ្តើមបាន3ពិន្ទុពេញក្នុងតង់ទី2 នៅពេលដែលខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Antonio Rudiger បានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតលីកជាលើកទី1របស់គេ ចាប់តាំងពីផ្ទេរមកពីក្លិប Roma មុនពេលបើករដូវកាល។ ស្របពេលជាមួយគ្នានេះដែរ ខ្សែបម្រើឡើងទម្រង់លេង Raheem Sterling បានរកគ្រាប់បាល់ឈ្នះដ៏មិននឹកស្មានដល់នៅនាទីទី96 ដោយបានធ្វើឱ្យក្រុម Manchester City យកឈ្នះលើក្រុម Southampton ទាំងប្រផិតប្រផើយក្នុងលទ្ធផល1-0 កាលពីថ្ងៃពុធ ដើម្បីរក្សាការនាំមុខពិន្ទុដាច់នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។
ក្រុមរបស់លោក Pep Guardiola ហាក់ដូចជាត្រូវបាត់បង់ពិន្ទុទៅហើយ ក្រោយពីខ្សែប្រយុទ្ធ Oriol Romeu បានរកគ្រាប់បាល់តាមស្មើគ្រាប់បាល់បើកឆាករបស់ខ្សែបម្រើ Kevin De Bruyne មុនពេល Sterling បានជួយឲ្យក្រុម Man City កត់ត្រាជ័យជម្នះជាលើកទី19ជាប់ៗគ្នា ក្នុងរាល់យុទ្ធនាការទាំងអស់ និងជាលើកទី12ជាប់ៗគ្នា ក្នុងក្របខ័ណ្ឌលីក។ វាជាគ្រាប់បាល់ឈ្នះជាលើកទី3របស់ Sterling ពីការប្រកួតទាំង3លើកចុងក្រោយនៃក្រុមរបស់គេ៕
ប្រភពពី៖ The Straits Times