ភ្នំពេញៈ មិននឹកស្មានថាបទថ្មីមានចំណងជើងថា «បំពេម្តាយ» ធ្វើឲ្យកំពូលតារាស្រីឈរលើទ្រនំផលិតកម្មថោន អ្នកនាង មាស សុខសោភា កប់អារម្មណ៍អួលដើមក ច្រៀងលែងចេញទំរាំត្រូវគឺចំណាយពេលច្រើនលើកឯណោះ។
ទោះបីជាខ្លួនធ្លាប់ ឆ្លងកាត់បទពិសោធន៍ស្ទើរគ្រប់រសជាតិនៅក្នុងឈុតឆាកថតសម្តែងបទជាង១០ឆ្នាំហើយក៏មិនដែលមានអារម្មណ៍រន្ធត់បែបនេះដែរគឺបទ «បំពេម្តាយ» ធ្វើឲ្យអ្នកនាង មាស សុខសោភា ស្រែកច្រៀងលែងចេញ បែរជាចេញទឹកភ្នែកជោគជាំលើផែនថ្ពាល់ទាំងគូជំនួសសំនៀងរ៉ៃកណ្តឹងដ៏ក្រអួនក្រអៅខ្លួន។
ប្រភពពីលោក អ៊ុក រតនា អ្នកដឹកនាំសម្តែងរបស់ផលិតកម្មថោនបានបង្ហើបឲ្យដឹងថា៖ «តារាចម្រៀងស្រី មាស សុខសោភា អួលដើមក ច្រៀងមិនចេញ និងបង្ហូរទឹកភ្នែក មកពីគាត់ចូលអារម្មណ៍ស្លុងនឹងអត្ថន័យបទចម្រៀងនេះ។ ពិសេសទៅទៀតគឺបទនេះក៏មានវត្តមានអ្នកម្តាយជាទីស្រឡាញ់របស់អ្នកនាងផ្ទាល់ចូលរួមសម្តែង ដោយក្រុមការងារយើងលាក់ការសំងាត់គឺមិនប្រាប់ ឲ្យដឹងមុន។ ក៏ស្រាប់តែអ្នកនាង មាស សុខសោភា ភ្ញាក់ផ្អើលក្នុងអារម្មណ៍យ៉ាងខ្លាំង ខណៈក្រុមការងារគ្រាន់ប្រាប់គាត់ថានឹងមានបទសម្ភាសន៍មួយត្រូវនិយាយពីអារម្មណ៍ពិតចំពោះម្តាយមុនពេល ចេញទៅកាណាដា នោះឯង»។
លោក អ៊ុក រតនា បន្តថា៖ «ទំរាំគាត់ប្រមូលអារម្មណ៍ល្អ អាចបង្ហើរសំនៀងបាននោះ គឺគាត់ជាប់គាំងពីរបីដងឯណោះ ទើបយើងអាចចាប់យកការថតជាការបាន។ គាត់ថា មកពីអារម្មណ៍នឹកស្រណោះឃើញកាលគ្រានៅពីក្មេងម្តាយធ្លាប់បីបាច់ថែរក្សា និងបំពេគាត់ ខណៈបទចម្រៀងហាក់ជម្រុញទឹកចិត្តឲ្យកូនៗចេះបំពេម្តាយវិញទើបស្រក់ទឹកភ្នែកទប់លែងបានដូច្នេះនឹងឯង»៕