ភ្នំពេញ – ស្របពេលកម្ពុជាកំពុងក្លាយជាទីតាំងដ៏មានសក្ដានុពលក្នុងការទាក់ទាញចំណាប់អារម្មណ៍ពីអន្ដរជាតិនោះ ថ្មីៗនេះកម្ពុជាក៏បានជំរុញ និងលើកទឹកចិត្ដដល់អ្នកវិនិយោគជប៉ុនដើម្បីមកបោះទុនវិនិយោគបន្ថែមនៅកម្ពុជា។
ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងក្នុងជំនួបជាមួយគណៈប្រតិភូជប៉ុន ជាប្រធានធនាគារ 77 Bank ថា ឯកឧត្ដមមានចិត្ដសប្បាយរីករាយដែលគណៈប្រតិភូជប៉ុនបានស្វែងយល់កាន់តែច្បាស់អំពីការរីកចម្រើនរបស់កម្ពុជា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលក៏ដូចជាកាលានុវត្តភាពនានាក្នុងការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះឯកឧត្ដមក៏បានលើកឡើងពីការចូលរួមចំណែករបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុនក្នុងការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជា ក្នុងអំឡុងពេលជាង2ទស្សវត្សរ៍កន្លងមក និងកំណើននៃការវិនិយោគរបស់ជប៉ុនក្នុងអំឡុងពេល1ទសវត្សរ៍ចុងក្រោយនេះ ដែលបានចូលរួមចំណែកដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជា ក៏ដូចជានាំមកនូវបច្ចេកវិទ្យាថ្មីៗដែរ។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានជម្រាបជូនគណៈប្រតិភូដែរអំពីគោលនយោបាយបើកចំហរបស់រាជរដ្ឋាភិបាលក្នុងការស្វាគមន៍ និងឱកាសការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសការវិនិយោគផ្ទាល់ពីជប៉ុន។ ក្នុងនាមជាស្ថាប័នជំរុញការវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាតែងតែបានចូលរួមសិក្ខាសាលាវិនិយោគកម្ពុជានៅប្រទេសជប៉ុនក៏ដូចជារៀបចំឱ្យមានតុជប៉ុន និងយន្តការគាំពារអ្នកវិនិយោគជប៉ុននៅកម្ពុជាផងដែរ។
សូមបញ្ជាក់ថា 77 Bank ជាធនាគារដ៏ធំមួយដែលមានទីស្នាក់ការនៅក្រុង សេនដាយ (Sendai) ស្ថិតនៅភាគពាយ័ព្យនៃប្រទេសជប៉ុន និងការវិនិយោគផ្ទាល់ពីជប៉ុនមកកាន់កម្ពុជានាពេលកន្លងមកមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាពិសេសនៅឆ្នាំ 2016 ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគជប៉ុនដែលមានដើមទុនវិនិយោគសរុបប្រមាណ 822លានដុល្លារអាមេរិក។
ឆ្លើយតបនឹងការស្វាគមន៍របស់កម្ពុជា លោក អ៊ុជីអិ តេរឺហ៊ីកុ ប្រធានធនាគារ 77 Bank បានកោតសរសើរដល់ថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានយកចិត្ដទុកដាក់លើដំណើរទស្សនកិច្ចរបស់គណៈប្រតិភូជប៉ុន ដែលជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ការអភិវឌ្ឍវិស័យឯកជន។ ពិសេសលោកក៏បានកោតសរសើរនូវការរីកចម្រើនរបស់កម្ពុជាដែលរក្សាបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមប្រមាណ7%ក្នុងមួយឆ្នាំ ក្នុងរយៈពេលជាង2ទសវត្សរ៍កន្លងទៅ និងបានសន្យាថា នឹងជួយជំរុញការវិនិយោគពីក្រុង សេនដាយ មកកម្ពុជា៕