បង្កើនទម្លាប់នៃការអានដល់ប្រជាជនខ្មែរ ជាប្រធានបទដែលកំពុងតែមានការចាប់អារម្មណ៍ក្នុងចំណោមយុវវ័យ ដែលនាពេលថ្មីៗនេះមានយុវជនជាច្រើនបានចាប់ផ្តើមបង្កើតក្រុមការងារឡើងដើម្បីជួយជំរុញឱ្យប្រទេសកម្ពុជាចាប់ផ្តើមអានឱ្យបានច្រើនឡើង។ នៅពេលថ្មីៗនេះ យុវជនមួយក្រុមបានចាប់ផ្តើមឈានមួយជំហានទៀតទៅកាន់ការអភិវឌ្ឍសមត្ថភាពសំណេរដល់អ្នកនិពន្ធវ័យក្មេងនៅកម្ពុជា។
លោក លី តារា អ្នកនិពន្ធ និងជាស្ថាបនិកនៃក្រុមអ្នកនិពន្ធវ័យក្មេង CYA បានលើកឡើងថា ក្រុមរបស់លោកបង្កើតឡើងដើម្បីជំរុញវប្បធម៌នៃការអាន និងការសរសេរនៅកម្ពុជា។ ក្រៅពីនេះ លោកក៏មានបំណងចង់សម្រេចក្តីស្រមៃរបស់យុវជនដែលចង់ក្លាយជាអ្នកនិពន្ធឱ្យក្លាយជាការពិត តាមរយៈការជំរុញឱ្យមានសមត្ថភាពសរសេរ និងបោះពុម្ពផ្សាយជាសាធារណៈ។ មួយវិញទៀត ក្រុមអ្នកនិពន្ធវ័យក្មេង ក៏ចង់ឱ្យយុវជនមានទម្លាប់ក្នុងការចែករំលែកគំនិតរបស់ខ្លួនជាសាធារណៈតាមរយៈសំណេររបស់ខ្លួន។
លោក លី តារា បាននិយាយថា៖ «ជាគោលបំណងសំខាន់របស់ក្រុមអ្នកនិពន្ធវ័យក្មេង គឺបង្កើតសៀវភៅឱ្យបាន 111ចំណងជើង ដែលខណៈពេលនេះ យើងបានបោះពុម្ពផ្សាយចំនួន 6ចំណងជើងរួចមកហើយ ហើយសៀវភៅចំនួនប្រមាណ 1,000ក្បាល នឹងត្រូវចែកដោយឥតគិតថ្លៃក្នុងថ្ងៃពិព័រណ៍សៀវភៅខាងមុខនេះ»។
ស្ថាបនិក និងជាប្រធានក្រុមអ្នកនិពន្ធខាងលើបានលើកឡើងផងដែរថា ដើម្បីជំរុញឱ្យសមាជិកមានសមត្ថភាពក្នុងការបោះពុម្ពផ្សាយសៀវភៅរបស់ខ្លួនប្រកបដោយតម្លៃពិតប្រាកដ ក្រុមរបស់លោកបានផ្តល់ជំនួយ 5យ៉ាងដល់ពួកគេ គឺ ៖
ដំណាក់កាលទី1 លោកមានធនធានមនុស្សក្នុងការបណ្តុះបណ្តាល និងណែនាំពួកគាត់ពីបច្ចេកទេសក្នុងការសរសេរឱ្យបានត្រឹមត្រូវ មុននឹងចាប់ផ្តើមសរសេរ។
បន្ទាប់មក ដំណាក់កាលទី2 នៅពេលដែលគាត់កំពុងសរសេរគឺ យើងមានជំនួយក្នុងការស្វែងរកអ្នកណែនាំដើម្បីធានាថា សៀវភៅនឹងស្របទៅតាមស្ថានភាពជាក់ស្តែង និងមានតម្លៃអប់រំត្រឹមត្រូវ។
ដំណាក់កាលទី 3 គឺនៅពេលដែលគាត់សរសេរចប់ យើងនឹងជួយស្វែងរកបណ្ណាធិការ ដើម្បីកែតម្រូវឯកសាររបស់គាត់ឱ្យបានត្រឹមត្រូវ។
ហើយដំណាក់កាលទី4 គឺ យើងជួយពួកគាត់សម្រួលដល់ការងារបច្ចេកទេសក្នុងការរចនា និងបោះពុម្ពសៀវភៅឱ្យមានសោភ័ណភាព និងដំណាក់កាលចុងក្រោយគឺយើងជួយអ្នកនិពន្ធក្នុងការធ្វើទីផ្សារ ឬលក់សៀវភៅ ជាមួយនឹងការសម្ពោធសៀវភៅដែលគាត់បានបោះពុម្ពផ្សាយនោះ៕