លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្រុម Liverpool កំពុងតែបដិសេធក្នុងការទទួលស្គាល់ថា ក្រុមរបស់លោកធ្លាក់ចេញពីការប្រជែងពានក្របខ័ណ្ឌ Premier League ប៉ុន្តែ បានទទួលស្គាល់ថា មិនមានក្រុមណាអាចតាមទាន់ក្រុម Manchester City ឡើយ ប្រសិនបើពួកគេមិនធ្លាក់ទម្រង់លេងទេនោះ។
កាលពីចុងសប្តាហ៍មុន លោក Mauricio Pochettino គ្រូបង្វឹករបស់ក្រុម Tottenham Hotspur បាននិយាយថា ក្រុមរបស់លោកមិនអាចតាមទាន់ក្រុម Man City ដែលកំពុងតែនាំមុខ13ពិន្ទុដាច់លើក្រុមរបស់លោកបានឡើយ ប៉ុន្តែលោក Klopp ដែលក្រុមរបស់លោកកំពុងតែដេញតាមពីក្រោយក្រុម Spurs 1ពិន្ទុនោះ មិនគិតបែបនោះឡើយ។ នៅឯទីលានហ្វឹកហាត់ Melwood របស់ក្រុម Liverpool លោក Klopp បានឲ្យដឹងកាលពីថ្ងៃអង្គារថា៖ «យើងកំពុងតែស្ថិតក្បែរក្នុងការប្រជែងដណ្តើមពាន»។
គ្រូបង្វឹករូបនេះបានបន្តថា៖ «ពួកគេបានយកឈ្នះលើក្រុម Huddersfield ហើយនៅពេលដែលពួកគេបន្តឈ្នះ មិនមានក្រុមណាមានឱកាសឡើយ។ ប្រសិនបើពួកគេឈប់ទទួលជ័យជម្នះ ហើយក្រុមរបស់យើងបានជួបពេលវេលាដ៏ល្អមួយនោះ វាអាចទៅរួចដែលយើងអាចតាមទាន់ពួកគេ»។ លោក Klopp បានបន្ថែមទៀតថា៖ «យើងចង់ទទួលបាន3ពិន្ទុសម្រាប់ការប្រកួតបន្ទាប់ ហើយបន្ទាប់មក ទទួលបាន3ពិន្ទុទៀត ពីព្រោះប្រសិនបើពួកគេជួបភាពត្រដាបត្រដួស យើងត្រូវតែស្ថិតក្នុងចំណុចនោះ»។ Liverpool នឹងសម្លឹងរកការបន្តការមិនស្គាល់ចាញ់របស់ពួកគេឲ្យបានច្រើនជាង6លើក ក្នុងរាល់យុទ្ធនាការទាំងអស់ នៅលើទឹកដីក្រុម Stoke City នៅរាត្រីនេះ ដែលជាកន្លែងពួកគេដណ្តើមបានជ័យជម្នះ3លើកពីការធ្វើដំណើរទៅប្រកួតទាំង3លើកចុងក្រោយរបស់ពួកគេ។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង3ទៀបភ្លឺ៕
ប្រភពពី៖ The Straits Times