Skip to content

ប្រទេស​សមាជិក​ថ្នាក់​តំបន់​ជំរុញឱ្យមាន​ការបង្កើត​ទីផ្សារ​រួមគ្នា​មួយ

ភ្នំពេញ៖ ថ្នាក់ដឹកនាំ​ប្រទេស​ជា​សមាជិក​ថ្នាក់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក បានរួម​គ្នា​ធ្វើ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​នៅក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ ដែល​សហការ​រៀបចំ​ដោយ​គណៈកម្មការ​សេដ្ឋកិច្ច និង​សង្គម​សម្រាប់​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក​របស់​អង្គការសហប្រជាជាតិ (UNESCAP) ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដើម្បី​ជំរុញឱ្យមាន​ការបង្កើត​ទីផ្សារ​រួមគ្នា​មួយ​ឱ្យ​ឆាប់រហ័ស​ក្នុង​គោលដៅ​ធ្វើ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព។

សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី2នេះ​ធ្វើឡើង​ដោយ​មានបំណង​ស្វែងយល់​ពី​វឌ្ឍនភាព​របស់​ប្រទេស​ជា​សមាជិក សម្រាប់​ការអនុវត្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​នៅក្នុង​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក (Regional Economic Cooperation and Integration – RECI) ដូច​មានកំណត់​នៅក្នុង​សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក(Bangkok Declaration) ដែល​ត្រូវ​បានអនុម័ត​នា​អំឡុងពេល​សន្និសីទ​រដ្ឋ​មន្ត្រី​កាលពី​លើក​ទី1។

សូម​រំឭកថា សេចក្តីថ្លែងការណ៍​ទីក្រុង​បាងកក​បាន​អំពាវនាវ​ឱ្យ UNESCAP បន្ត​អនុវត្ត RECI ដោយ​ផ្តោតលើ​វិស័យសំខាន់ៗចំនួន4 រួមមាន ៖

1.ការ​ឆ្ពោះទៅរក​ការបង្កើត​ទីផ្សារ​រួមគ្នា

2.ការអភិវឌ្ឍ​កា​រត​ភា្ជ​ប់​គ្នា​នៅ​ទូទាំង​តំបន់​សម្រាប់​វិស័យ​ដឹកជញ្ជូន ថាមពល ព័ត៌មាន និង​បច្ចេកវិទ្យា​គមនាគមន៍

3.ការបង្កើន​កិច្ចសហប្រតិបត្តិការ​ហិរញ្ញវត្ថុ

និង4.ការបង្កើន​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​បច្ចេកទេស​ដើម្បី​ដោះស្រាយ​ភាព​ងាយ​រងគ្រោះ  និង​ហានិភ័យ​រួម ដោយ​វិស័យ​ទាំង4នេះ​នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​ការអនុវត្ត របៀបវារៈ 2030 ស្តីពី​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ផងដែរ។

លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ និង​ជា​តំណាង​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បានលើកឡើង​អំពី​វឌ្ឍនភាព​ការងារ​នៅក្នុង​វិស័យ​ទាំង4ខាងលើ ដែល​ប្រទេសនីមួយៗសម្រេចបាន​នាពេល​កន្លងមក អំពី​បញ្ហា​ប្រឈម និង​ទស្សនវិស័យ​លើ​ការបង្កើន​ការអនុវត្ត RECI ដើម្បីឱ្យ​លេខាធិការដ្ឋាន​ដាក់បញ្ចូល​ទៅក្នុង​សេចក្ដីព្រាង​សេចក្តីថ្លែងការណ៍​បន្ទាប់។ ជា​លទ្ធផល អង្គ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី2នេះ​បានអនុម័ត​លើ​សេចក្ដីព្រាង​សេចក្តីថ្លែងការណ៍​ស្តីពី​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ការធ្វើសមាហរណកម្ម​នៅក្នុង​តំបន់​ដើម្បី​គាំទ្រ​ដល់​ការអនុវត្ត​របៀបវារៈ​ឆ្នាំ2030 សម្រាប់​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក។

សន្និសីទ​នេះ​ក៏បាន​លើកឡើង​ផងដែរ​អំពី​គំនិត​ផ្តួចផ្តើម ខ្សែក្រវាត់ និង​ផ្លូវ (High-level side event on the Belt and Road Initiative) ដែល​សហការ​រៀបចំឡើង​ដោយ ESCAP និង​ប្រទេស​ចិន​ក្នុង​ដំណើរ​ការតភ្ជាប់​តំបន់ ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​ក៏ដូចជា​នៅ​ទូទាំង​តំបន់​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *