ក្រុម Manchester United បានកាត់បន្ថយពិន្ទុនាំមុខរបស់ក្រុម Manchester City នៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League ឲ្យនៅមកត្រឹម5ពិន្ទុ ខណៈដែលខ្សែបម្រើ Ashley Young បានធ្វើឲ្យពួកគេទទួលជ័យជម្នះ 4-2 លើក្រុម Watford ខណៈដែលក្តីសង្ឃឹមនៃការប្រជែងពានរបស់ក្រុម Tottenham បានជួបការខកចិត្តធំតាមរយៈការចាញ់ក្នុងលទ្ធផល 2-1 នៅលើទឹកដីក្រុម Leicester កាលពីថ្ងៃអង្គារ។
គ្រាប់បាល់បញ្ចូលទីជាលើកទី1របស់ Young សម្រាប់ក្រុម Man United ចាប់តាំងពីខែឧសភា ឆ្នាំ2016 បានកើតឡើងនៅមុនពេលមានគ្រាប់បាល់1គ្រាប់ពីខ្សែប្រយុទ្ធ Anthony Martial ខណៈដែលក្រុមបិសាចក្រហមមួយនេះបានបង្ហាញពីទម្រង់លេងយ៉ាងល្អក្នុងតង់ទី1នាកីឡដ្ឋាន Vicarage Road។ ការទទួលជ័យជម្នះក្នុងការប្រកួតលីកជាលើកទី3ជាប់ៗគ្នារបស់ក្រុម Man United ត្រូវបានធ្វើឲ្យមានសុវត្ថិភាព។
នៅពេលជិតបញ្ចប់ការប្រកួត ខណៈដែល Troy Deeney និង Abdoulaye Doucoure បានរកគ្រាប់បាល់វាយបកវិញសម្រាប់ក្រុមម្ចាស់ផ្ទះ មុនពេល Jesse Lingard បានបណ្តើរបាល់ដាច់តែម្នាក់ឯងហើយស៊ុតបញ្ចូលទីយ៉ាងល្អ។ បើទោះបីក្រុម Man United បានកាត់បន្ថយពិន្ទុដេញតាមក្រោយក្រុម Man City ក៏ដោយ ប៉ុន្តែក្រុមរបស់លោក Pep Guardiola ដែលកំពុងតែសម្លឹងរកការទទួលជ័យជម្នះក្នុងការប្រកួតលីកជាលើកទី12ជាប់ៗគ្នារបស់ពួកគេនោះ អាចនឹងរក្សាការនាំមុខ8ពិន្ទុវិញ នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Southampton នៅរាត្រីនេះ។
ចំណែកនៅឯកីឡដ្ឋាន King Power ឯនោះវិញ ក្រុម Tottenham បានភ្លាត់ស្នៀត និងរងបរាជ័យដ៏គួរឱ្យខកចិត្តមួយ ដែលធ្វើឲ្យពួកគេបានកត់ត្រាជ័យជម្នះត្រឹមតែ1លើកគត់ក្នុងចំណោមការប្រកួតក្របខ័ណ្ឌលីក5លើកចុងក្រោយរបស់ពួកគេ៕
ប្រភពពី៖ The Straits Times