ភ្នំពេញ – ស្របពេលដែលតំបន់ទេសចរណ៍ធម្មជាតិកោះរ៉ុងកំពុងតែទទួលបានភ្ញៀវទេសចរយ៉ាងច្រើនទៅទស្សនានៅទីនោះ ថ្មីៗនេះរដ្ឋមន្ដ្រីក្រសួងទេសចរណ៍បានដាក់ចេញនូវអនុសាសន៍មួយចំនួនដើម្បីធ្វើឱ្យតំបន់នោះកាន់តែអាចបង្កើនសក្ដានុពលរបស់ខ្លួនថែមឡើងទៀត។
ក្នុងអំឡុង 9 ខែនៃឆ្នាំ2017 នេះ ភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តព្រះសីហនុមានចំនួន 1,5លាននាក់ មានកំណើន22,39% ក្នុងនោះទេសចរជាតិ 1,1លាននាក់ កើន 23% ទេសចរអន្តរជាតិជាង 40ម៉ឺននាក់ កើន 18% ក្នុងនោះទេសចរជនជាតិចិនស្ថិតនៅលំដាប់ទី1ដែលមានចំនួនជិត9ម៉ឺននាក់ជាមួយកំណើន170,61%។
តាមការព្យាករ ក្នុងឆ្នាំ2017 ខេត្តព្រះសីហនុអាចមានចំនួនទេសចរប្រមាណជិត2លាននាក់ ក្នុងកំណើនប្រមាណ 20% (ក្នុងនោះទេសចរជាតិប្រមាណ 1,4លាននាក់ ទេសចរអន្តរជាតិប្រមាណជាង60ម៉ឺននាក់។ ឆ្នាំ 2020 ភ្ញៀវទេសចរអាចនឹងមកកម្សាន្តក្នុងខេត្តព្រះសីហនុកើនឡើងដល់ប្រមាណជិត3លាននាក់ ក្នុងនោះមានទេសចរអន្តរជាតិប្រមាណ1លាននាក់។
ដោយឡែក ភ្ញៀវទេសចរដែលទៅកម្សាន្តនៅតាមកោះក្នុងខេត្តព្រះសីហនុដោយជិះទូកសរុបចំនួន 7,897 ជើង ដែលមានភ្ញៀវទេសចរសរុបចំនួន34ម៉ឺននាក់ កើនឡើង42.38 % ក្នុងនោះភ្ញៀវទេសចរជាតិ 10ម៉ឺននាក់ កើន 43.58 % និងទេសចរអន្តរជាតិ 23ម៉ឺននាក់ កើន 41.85 %។
ស្របពេលដែលតំបន់មួយនេះកំពុងតែប្រែមុខមាត់ថ្មីក្នុងការទាក់ទាញភ្ញៀវទេសចររហូតជំរុញឱ្យមានកំណើនយ៉ាងខ្លាំងនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានដាក់ចេញនូវអនុសាសន៍មួយចំនួនពាក់ព័ន្ធនឹងការរៀបចំតំបន់កោះរ៉ុងឱ្យមានសក្ដានុពលខ្លាំងឡើងដែលមានដូចជា៖
1- កិច្ចការឆ្វៀលដីស្បែកខ្លា៖ រដ្ឋបាលខេត្តព្រះសីហនុត្រូវពិនិត្យឱ្យច្បាស់លាស់ និងពន្លឿនការងារចេញប័ណ្ណជូនប្រជាពលរដ្ឋពិតប្រាកដលើកោះរ៉ុង។
2-កិច្ចការគ្រប់គ្រងទេសចរណ៍ បរិស្ថាន និងជលផល៖ ត្រូវពង្រឹងសណ្តាប់ធ្នាប់ អនាម័យ និងការគ្រប់គ្រងគុណភាពសេវាកម្មនៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទាំងអស់នៅលើកោះរ៉ុង ដោយត្រូវធានាថា គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវមានអាជ្ញាប័ណ្ឌទេសចរណ៍ និងពិសេសបុគ្គលិកទាំងអស់ត្រូវទទួលបានការបណ្តុះបណ្តាលជំនាញផ្នែកបដិសណ្ឋារកិច្ចទេសចរណ៍។ ដោយឡែកបញ្ហាកាកសំណល់រឹង-រាវ ត្រូវបន្តធ្វើការទប់ស្កាត់ការបង្ហូរកាកសំណល់រាវចូលសមុទ្រ និងរាល់អាជីវកម្មទេសចរណ៍ត្រូវមានធុងសំរាមផ្ទាល់ខ្លួន ហើយតាមតុអាហារដ្ឋាននីមួយៗ ត្រូវមានកន្ត្រកសម្រាប់ដាក់កាកសំណល់អាហារ។
3- កិច្ចការរៀបចំសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់៖ ត្រូវបន្តពង្រឹងកិច្ចការពារសន្តិសុខសុវត្តិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងការស្នាក់នៅ និងការធ្វើដំណើរតាមមធ្យោបាយផ្លូវទឹក។ ដោយឡែក អាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយអង្គភាពជំនាញ ចាត់វិធានការតឹងរ៉ឹងទប់ស្កាត់ការបំពុលដោយសំឡេងរបស់ក្លិបរាត្រី និងបារ៍មួយចំនួនដែលបានរំខានដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរ៕