បច្ចុប្បន្ន អ្នកលេង Facebook មួយចំនួន មិនសូវចាប់អារម្មណ៍ថា Facebook មាន Domain ផ្ទាល់ខ្លួនមួយទៀតគឺ fb.com ពោលគឺភាគច្រើនស្គាល់ត្រឹមតែ facebook.com ប៉ុណ្ណោះ។
តើលោកអ្នកមានដឹងទេថា Domain Name « fb.com និង facbeook.com » មានតម្លៃប៉ុន្មាន?
យោងតាមការចេញផ្សាយរបស់ Wikipedia បានឲ្យដឹងថា បណ្ដាញទំនាក់ទំនងសង្គម Facebook ដំបូងឡើងគឺមានឈ្មោះ « thefacebook.com » ប៉ុន្តែក្រោយមកនៅឆ្នាំ 2005 លោក Mark Zuckerberg ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិនាពេលបច្ចុប្បន្ន បានសម្រេចចិត្តប្ដូរ ទៅប្រើ facebook.com វិញ ដោយ Domain name មួយនេះ ត្រូវបានទិញពីក្រុមហ៊ុន AboutFace ក្នុងតម្លៃ 20ម៉ឺនដុល្លារអាមរិក។ វាពិតជាថ្លៃណាស់មែនទេ? នៅមិនទាន់ចប់នោះទេ នៅឆ្នាំ 2010 បណ្ដាញសង្គមយក្សមួយនេះ បានសម្រេចចិត្តទិញ Domain name មួយទៀតគឺ « fb.com » ពីការិយាល័យសហព័ន្ធកសិកម្មរបស់អាមេរិក តែស្ថាប័នទាំងពីរនេះ បានលាក់បំបាំងនូវតម្លៃ រហូតក្រោយមកបានបន្តិច ក៏មានប្រភពព័ត៌មានជាច្រើនបានទម្លាយឲ្យដឹងថា Facebook ទិញ fb.com ក្នុងតម្លៃ 8,5លានដុល្លារអាមេរិក ខណៈដែល Domain name ទូទៅមានតម្លៃចន្លោះត្រឹមតែ 10 ដុល្លារអាមេរិកប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា ពេលនេះ Facebook បានក្លាយជាបណ្ដាញសង្គមដែលមានអ្នកប្រើប្រាស់ច្រើនជាងគេបំផុតរហូតដល់ជាង 2,1ពាន់លាននាក់ ហើយក៏ជាបណ្ដាញសង្គមដែលមានឥទ្ធិពលផងដែរ៕