ភ្នំពេញ៖ ពិតជាគួរឱ្យមោទនភាពខ្លាំងណាស់សម្រាប់កម្ពុជាយើង ខណៈដែលក្រុមហ៊ុនកូនខ្មែរដំបូងគេទទួលបានពានរង្វាន់កិត្តិយសលើឆាកអន្តរជាតិសម្រាប់ឆ្នាំ2017 ដែលត្រូវបានប្រគល់ជូននៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ក្រុមហ៊ុនដែលទទួលបានពានរង្វាន់កិត្តិយសនេះគឺ ក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal Co, Ltd (KFA) ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចេញផ្សាយជាសាធារណៈនូវវប្បធម៌គុណភាពនេះ (Quality Culture) ដល់បុគ្គលិក អ្នកផ្គត់ផ្គង់សម្ភារដល់អតិថិជន និងសហគមន៍ដែលបានគាំទ្រដោយ QC 100 Total Quality Management Model។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន (KFA) មានប្រសាសន៍ថា អ្វីដែលធ្វើឱ្យក្រុមហ៊ុនលោកទទួលបានពានរង្វាន់កិត្តិយសដ៏អស្ចារ្យនេះ គឺដោយសារក្រុមហ៊ុនអនុវត្តនូវគោលការណ៍មួយចំនួនដូចជា ៖
ទី1.គុណភាព គឺជាហេតុផលមួយសម្រាប់ផ្តល់ទំនុកចិត្តទៅដល់អតិថិជន។
ទី2.ជាមួយកម្រិតគុណភាពដែលបានបង្កើតក្នុងក្រុមហ៊ុនដោយយោងជាមួយនឹងពិន្ទុគុណភាព QC 100%។
ទី3.លើកទឹកចិត្តការចូលរួម និងធ្វើការជាដៃគូក្នុងការសម្រេចចិត្ត។
ទី4.មានភាពសប្បាយរីករាយចំពោះតម្រូវការអតិថិជនរបស់យើង និងការរំពឹងទុករបស់ពួកគេ។
ទី5.ផ្តល់ធនធានមនុស្ស ទាំងបច្ចេកទេស និងសេដ្ឋកិច្ចដើម្បីបន្តសម្រេចបាននូវការរីកចម្រើននិងការគោរពចំពោះបរិស្ថាន។
ទី6. គ្រប់គ្រងធនធានមនុស្សក្នុងក្រុមហ៊ុនឱ្យទទួលបានសក្ដានុពលកម្រិតខ្ពស់។
និងទី7.ធ្វើឱ្យបុគ្គលិកយល់ដឹងពីសារៈសំខាន់នៃការតាំងចិត្តលើសកម្មភាពមុខងារផលប្រយោជន៍ និងទទួលបានលទ្ធផលអាជីវកម្មល្អ។
ជាមួយនឹងសក្ខីភាពនៃការទទួលបានពានរង្វាន់លំដាប់ពិភពលោកនាទីក្រុងឡុងដ៍ចក្រភពអង់គ្លេសខាងលើនេះ លោកឧកញ៉ា នួន រិទ្ធី ក៏ដូចជាស្ថាបនិក និងបុគ្គលិកទាំងអស់បានបង្ហាញពីក្ដីរីករាយ ព្រមទាំងមានមោទនភាពជាខ្លាំងជាមួយនឹងសមិទ្ធផលដែលសម្រេចបានកន្លងមក។
លោកឧកញ៉ា នួន រិទ្ធី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីរីករាយឥតឧបមា រួមជាមួយនឹងមោទនភាពចំពោះរូបខ្ញុំផ្ទាល់ និងយុវជនខ្មែរយើងដទៃទៀតដែលតែងនាំយកមកនូវកិត្តិយស និងកិត្តិស័ព្ទជូនដល់ក្រុមគ្រួសារក៏ដូចប្រទេសជាតិទាំងមូល។ ការទទួលបានពាននេះគឺកើតឡើងដោយសារការចូលរួមគាំទ្រំពីសំណាក់អតិថិជន ការខិតខំប្រឹងប្រែងរបស់បុគ្គលិកគ្រប់ជាន់ថ្នាក់ ជាពិសេសស្ថេរភាពសេដ្ឋកិច្ចដែលរក្សាកំណើន GDP 7% ។ បើគ្មានសុខសន្តិភាពដូចសព្វថ្ងៃទេនោះ ម្ល៉េះរូបខ្ញុំក៏មិនមានឱកាសបញ្ចេញសមត្ថភាពដើម្បីមកទទួលពានរង្វាន់អន្តរជាតិនេះដែរ។ កត្តាដែលនៅពីក្រោយភាពជោគជ័យរបស់ខ្ញុំ គឺជាការតស៊ូ ព្យាយាម និងស្មោះត្រង់»៕