ក្លិបទូកក្តោង Everton កំពុងតែពិចារណាទៅលើការពិភាក្សាផ្សេងៗជាមួយនឹងលោក Sam Allardyce ជុំវិញការតែងតាំងរូបលោកធ្វើជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេ ក្រោយពីការពិភាក្សាជាបឋមជាមួយនឹងគ្រូបង្វឹកវ័យ63ឆ្នាំរូបនេះទទួលបរាជ័យកាលពីដើមខែនេះ។
ទីតាំងរបស់លោក Allardyce ក្នុងនាមជាបេក្ខភាពដ៏មានសក្តានុពលម្តងទៀតបានបង្ហាញថា ក្លិប Everton ត្រូវតែស្វែងរកគ្រូបង្វឹកជាអចិន្ត្រៃយ៍ម្នាក់ដើម្បីជំនួសកន្លែងរបស់លោក Ronald Koeman ក្រោយពីការទាក់ទងជាលើកទី1ជាមួយនឹងអតីតអ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេសរូបនេះ ត្រូវបានគេគិតថា បានទទួលបរាជ័យដោយសារតែទំហំ និងលក្ខខណ្ឌផ្សេងៗនៃកិច្ចសន្យាដែលលោកត្រូវបានគេផ្តល់ឲ្យ។ រយៈពេល5សប្តាហ៍បានកន្លងផុតទៅ ចាប់តាំងពីលោក Koeman សញ្ជាតិហូឡង់ ត្រូវបានបណ្តេញចេញ កាលពីថ្ងៃទី23 ខែតុលា ហើយលោក David Unsworth ដែលជាគ្រូបង្វឹកក្រុមអាយុក្រោម23ឆ្នាំរបស់ Everton ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន។ ប៉ុន្តែ ទម្រង់លេងរបស់ក្រុមបានបន្តធ្លាក់ចុះជាបន្តបន្ទាប់ ដូចក្នុងពេលស្ថិតក្រោមការដឹកនាំរបស់លោក Koeman អ៊ីចឹងដែរ។ លោក Unsworth បានដឹកនាំឲ្យក្រុមខ្លួនរងបរាជ័យ5លើក ក្នុងចំណោមការប្រកួត7លើកក្រោមការដឹកនាំរបស់លោកក្នុងរាល់យុទ្ធនាការទាំងអស់ ខណៈដែលពួកគេដណ្តើមបានជ័យជម្នះតែ1លើកគត់។
ការរងបរាជ័យក្នុងលទ្ធផល 4-1 កាលពីថ្ងៃអាទិត្យ នៅលើទឹកដីក្រុម Southampton បានធ្វើឲ្យក្រុម Everton មាន12ពិន្ទុ ពោលគឺនាំមុខ2ពិន្ទុលើក្រុមស្ថិតក្នុងតំបន់កាត់ចោល ក្រោយពីការប្រកួត13លើក៕
ប្រភពពី៖ The Guardian