Skip to content

មន្ត្រី​ជាន់​ខ្ពស់​លើក​ទឹក​ចិត្ត​ឱ្យ​ប្រជាជន​ដាំដូង​សម្រាប់​លក់​លើ​ទីផ្សារ

ដូង ជា​ប្រភេទ​ដំណាំ​កសិកម្ម​ដែល​ងាយ​ស្រួល​ដាំនិង​មិន​ពិបាក​ថែទាំ​ដូច​ដំណាំ​ផ្សេង​ទៀត​នោះ​ទេ មិន​តែ​ប៉ុណ្ណោះ​វា​ក៏​ផ្តល់​នូវ​ផល​ប្រយោជន៍​ជា​ច្រើន​ដែល​មិន​គួរ​មើល​រំលងទៀត​ផង​។ឯកឧត្តម គង់ ចាន់ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែង​ក្នុង​ពិធី​បើក​វេទិកា​សាធារណៈ​អំពី​របាយការណ៍ និង​ការ​សិក្សា​ស្រាវជ្រាវ​ដំណាំ​ដូង​ នៅ​ប្រទេស​កម្ពុជា នា​សណ្ឋាគារ​កាំបូឌីយ៉ាណា កាល​ពី​ចុង​សប្តាហ៍​មុន​ថា នៅ​ប្រទេស​កម្ពុជា ​ដំណាំ​ដូងនៅ​មិន​ទាន់​មាន​ការ​ដាំដុះ​ជា​លក្ខណៈ​ពាណិជ្ជ​កម្ម ឬ​ឧស្សាហ​កម្ម​នៅ​ឡើយ​ទេ ដូច្នេះ​ហើយ​ទិន្នន័យ​ដំណាំ​ដូង​ក៏​ពុំ​ទាន់​មាន​គ្រប់​គ្រាន់​ដែរ។ ឯកឧត្តម​ បាន​បន្ត​ថា ផ្លែ​ដូងខ្ចី​បាន​ផ្តល់​ជា​ទឹក​សម្រាប់​បរិភោគ ចំពោះ​ដូងទុំ​ វិញគេ​អាច​ទាញ​យក​ជា​ខ្ទិះ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ជា​អាហារ ​និង​បង្អែម​។ ជាទូទៅ​កសិករ​​ច្រើន​ដាំ​ដូង ​ដោយ​មាន​​គម្លាត​​ពី​គ្នា7.5×7.5ម៉ែត្រ ហើយ​ជា​រួម​ក្នុង​1​ហិកតា មាន​ដើម​ដូង​សរុប​ចំនួន​177 ដើម។ អាយុ​កាល​របស់​ដើម​ដូង គឺ​ចន្លោះ​ពី​40-50​ឆ្នាំ​ ដោយ​វា​ផ្តល់​ផល​រយៈពេល​4-7ឆ្នាំ បន្ទាប់​ពី​ពេល​ដាំ។

តាម​ការ​អង្កេត​ដំណាំ​ដូង​នៅ​កម្ពុជា បាន​បង្ហាញ​ថា នៅ​ឆ្នាំ2010 ដើម​ដូង​មាន​ចំនួន​សរុប​ប្រមាណ​12​លាន​ដើម។ ដូង​ជា​ប្រភេទ​ដំណាំ​ហូប​ផ្លែ ដែល​គេ​និយម​ដាំ​នៅ​​ជុំវិញ​ផ្ទះ ឬ​តាម​វាលស្រែ​ ដោយ​គេ​គ្រាន់​តែ​លើក​ដី​ឱ្យ​ខ្ពស់ រួច​ដាំ​តែ​ម្តង ដើម្បី​ចៀសវាង​ការ​ជាំ​ទឹក​នៅ​រដូវវស្សា។នៅ​​​កម្ពុជា​បច្ចុប្បន្ន ​ដូងខ្ចី​អាច​លក់​នៅលើ​ទីផ្សារ​ក្នុង​តម្លៃ​ជា​មធ្យម​0.5-0.62ដុល្លារ​ក្នុង​មួយ​ផ្លែ សម្រាប់​ការ​លក់​រាយ ហើយ​ការ​លក់​ដុំ​អាច​មាន​តម្លៃ​ពី​0.42-0.5​ដុល្លារ​ក្នុង​មួយ​ផ្លែ។ជាទូទៅ​កសិករ​អាច​លក់​ដូង​នៅ​លើ​ទីផ្សារ​ក្នុងស្រុក ឬ​លក់​ទៅ​ឱ្យ​ឈ្មួញ​ប្រមូល​ទិញ។

ក្នុង​មួយ​ហិកតា គេ​អាច​ដាំដូង​បាន​ចំនួន 177ដើម ហើយ​ក្នុង​មួយ​ដើម​អាច​ផ្តល់​ផ្លែ​បាន​ចំនួន​60 ដោយ​1ផ្លែ​លក់​បាន​​0.42ដុល្លារ។ ដូចនេះ​កសិករ​បាន​ទទួល​បាន​ប្រាក់​​ចំនួន 4,460ដុល្លារ​ក្នុង​មួយ​ហិកតា​ សម្រាប់​រយៈ​ពេល​​​មួយឆ្នាំ។ជាមួយ​គ្នានេះ ​លោក ង៉ ខេវិន តំណាង​ក្រុមហ៊ុន​ សោម៉ា គ្រុប មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​ការ​ដាំដូង ​នៅ​​មិន​ទាន់​មាន​លក្ខណៈ​កែច្នៃ​ជា​ឧស្សាហកម្ម​រោងចក្រ​សម្រាប់​នាំចេញ​ទេ គឺ​មាន​តែ​ការ​លក់​ដូង​ស្រស់​នៅ​លើ​ទីផ្សារ​តែ​ប៉ុណ្ណោះ។ ដោយ​មើល​ឃើញ​តម្រូវការ​ផ្លែ​ដូង លោក​បាន​ដាំ​​​ដូង​ក្រអូប​សម្រាប់​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ មក​ទល់​បច្ចុប្បន្ន​មាន​ចំនួន​45,000ដើម​នៅ​ស្រុក​បាទី ខេត្តតាកែវ និង​ខេត្តកំពត​ ដែលជា​ខេត្ត​ជាប់​ចំណាត់​ថ្នាក់​លេខ1 មាន​ដូង​ច្រើន​ជាង​គេ និង​ទឹកដូង​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ជាង​គេ បើ​ធៀប​នឹង​ភូមិសាស្ត្រ​ផ្សេងៗ​នៅ​កម្ពុជា។

លោក ចាន់​ប្រាន នៀ នាយក​វិទ្យាស្ថាន​សកល​សម្រាប់​អនាគត បាន​និយាយ​ថា ដោយ​មើល​ឃើញ​ពី​សក្តានុពល​នៃ​ទីតាំង​ភូមិសាស្ត្រ​ លោក​ ព្រម​ទាំង​​​សមាជិក​ក្រុម​ដទៃ​ទៀត មក​ពី​14​ប្រទេស​ក្នុង​តំបន់​អាស៊ី បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រក​ឃើញ​ថា ដំណាំ​ដូង​ពិត​ជាមាន​សក្តានុពល​នៅ​លើ​ទីផ្សារ តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​​ទាន់​មាន​ក្រុមហ៊ុន​កែច្នៃ​ផ្លែ​ដូងទុំ​សម្រាប់​នាំចេញ​ទៅ​លក់​នៅក្រៅ​ប្រទេស​នៅឡើយ។លោកអះអាង​​ថា ការ​សិក្សា​អំពី​ដូង​នេះ​​​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​សិក្សា​ស្រូវ​អង្ករ​រួច​មក។ ជាមួយ​គ្នា​នេះ​លោក​​លើក​ទឹក​ចិត្ត​ដល់​វិនិយោគិន​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ស្រុក គួរ​សហការ​ជាមួយ​កសិករ​ដាំដូង​ឱ្យ​បាន​ច្រើន សម្រាប់​កែច្នៃ​នាំ​ចេញ​ទៅលក់​​នៅលើ​ទីផ្សារ​ក្រៅប្រទេស៕

Leave a Reply

Your email address will not be published. Required fields are marked *