អ្នកដាំដំណាំស្វាយចន្ទី និងបណ្តុះកូនស្វាយចន្ទី លក់បានមើលឃើញនូវកំណើនដ៏ខ្ពស់ក្នុងការដាំដុះស្វាយចន្ទីឡើងវិញ បន្ទាប់ពីតម្លៃគ្រាប់ស្វាយចន្ទី បានហក់ឡើងយ៉ាងខ្ពស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាអ្នកចម្ការមួយរូប ឯកឧត្តម វ៉ា រុតសាន បាននិយាយថា ការដាំដុះស្វាយចន្ទី បានកើនឡើងយ៉ាងច្រើនក្នុងឆ្នាំនេះ ទាំងការដាំជាលក្ខណៈគ្រួសារ និងក្រុមហ៊ុន។ឯកឧត្តមបន្តថា មានមូលហេតុ ជាច្រើនដែលនាំឱ្យប្រជាជន ក៏ដូចជាក្រុមហ៊ុនមួយចំនួនងាកមកចាប់អារម្មណ៍ចំពោះការដាំដុះស្វាយចន្ទីឡើងវិញ។ ហេតុផលទាំងនោះមានដូចជា មានទីផ្សារនាំចេញល្អ ការលក់បានតម្លៃខ្ពស់ មានភាពងាយស្រួលក្នុងការថែទាំជាងដំណាំម្រេច ដាំតែម្តងអាចប្រមូលផលបានចន្លោះពី20-30ឆ្នាំ មិនពិបាកទុកដាក់ក្រោយពេលប្រមូលផល និងមានពូជ M-23 ដែលផ្តល់ផលខ្ពស់ និងគុណភាពគ្រាប់ល្អ។
ឯកឧត្តម វ៉ា រុតសាន បានបញ្ជាក់ថា តម្លៃគ្រាប់ស្វាយចន្ទី ក្នុងឆ្នាំ2017 នេះមានរហូតដល់2,350ដុល្លារ ក្នុងមួយតោន ដោយកើនឡើង500ដុល្លារក្នុងមួយតោន បើធៀបជាមួយតម្លៃកាលពីឆ្នាំ2016 ដែលមានតម្លៃត្រឹមតែ1,850ដុល្លារក្នុងមួយតោន។ កាលពីឆ្នាំ2015 តម្លៃគ្រាប់ស្វាយចន្ទីមានត្រឹមតែ1,550ដុល្លារប៉ុណ្ណោះក្នុងមួយតោន។បច្ចុប្បន្ននេះកម្ពុជាបានពឹងផ្អែកស្ទើរទាំងស្រុងទៅលើទីផ្សាររបស់ប្រទេសវៀតណាម ដោយសារប្រទេសវៀតណាម មានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីច្រើន ប៉ុន្តែមិនមានផលិតកម្មស្វាយចន្ទីគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការរបស់ខ្លួន។ឯកឧត្តម វ៉ា រុតសាន បានមានប្រសាសន៍ថា៖“វៀតណាម មានរោងចក្រកែច្នៃច្រើន ដោយត្រូវការប្រហែល1លានតោនក្នុងមួយឆ្នាំ ខណៈវៀតណាម អាចផលិតបានតែ30-40ម៉ឺនតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ហេតុនេះគេត្រូវការនាំចូលពីប្រទេសកម្ពុជា និងពីតំបន់អាហ្វ្រិកបន្ថែម”។
លោក យីម សុខគង់ អ្នកបណ្តុះកូនស្វាយចន្ទីលក់នៅខេត្តត្បូងឃ្មុំ ដែលទើបតែចាប់ផ្តើមបណ្តុះកូនស្វាយចន្ទីលក់ក្នុងឆ្នាំ2017 នេះបានអះអាងថា លោកទើបតែងាកមកបណ្តុះកូនស្វាយចន្ទីលក់កាលពីខែមិថុនា ឆ្នាំ2017 នេះដោយមើលឃើញពីសន្ទុះនៃការពេញចិត្តក្នុងការដាំដុះ និងតម្លៃគ្រាប់ស្វាយចន្ទីហក់ឡើងខ្ពស់។ ក្នុងរយៈពេលជិតកន្លះឆ្នាំនេះ លោកលក់កូនស្វាយចន្ទីបានប្រមាណជាង1ម៉ឺនដើម។លោក សុខគង់ បាននិយាយថា៖“មានក្រុមហ៊ុនចិនមួយកុម្ម៉ង់ខ្ញុំរហូតដល់ទៅ20ម៉ឺនកូនសម្រាប់ដាំលើផ្ទៃដីជាង500ហិកតានៅខេត្តមណ្ឌលគិរី ប៉ុន្តែការផ្តល់តម្លៃរបស់គាត់នៅទាប ដូច្នេះខ្ញុំមិនទាន់យល់ព្រមសម្រាប់ផលិតឱ្យគាត់ទេ”។លោក បានអះអាងថា តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើង និងរក្សាលំនឹងបានយ៉ាងល្អ លើសពីនេះទីផ្សារគ្រាប់ស្វាយចន្ទីមិនដែលខ្វះនោះទេ។
លោកនិយាយថា៖“ខ្ញុំយល់ថាសន្ទុះនៃការដាំដុះនឹងមិនថយចុះទេ ព្រោះគ្រាប់ស្វាយចន្ទីមានតម្រូវការខ្ពស់នៅទីផ្សារអន្តរជាតិ ដូចជាថ្មីៗនេះប្រទេសកូរ៉េ ក៏ចង់នាំចេញគ្រាប់ស្វាយចន្ទីពីកម្ពុជាដែរ”។កាលពីថ្ងៃទី20 ខែកុម្ភៈ ឆ្នាំ2017 លោក YoungKyu M00N ប្រធានក្រុមហ៊ុន Hwashin Construction Co., LTD នៃសាធារណរដ្ឋកូរ៉េ និងតំណាងក្រុមហ៊ុន M0C 101 កម្ពុជាបានជួបពិភាក្សាការងារជាមួយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីលើកទឹកចិត្តដល់កិច្ចសហការរវាងក្រុមហ៊ុនទាំងពីរលើគម្រោងវិនិយោគប្រមូលនិងនាំចេញគ្រាប់ស្វាយចន្ទីនាពេលអនាគត។នាពេលកន្លងមក ឯកឧត្តម វេង សាខុន ក៏ធ្លាប់បានដឹកនាំគណៈប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅបំពេញទស្សនកិច្ចនៅរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី របស់ក្រុមហ៊ុន Dan On Food Corporation នៅខេត្តបិញឌួង ប្រទេសវៀតណាម ដោយក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីនេះបាននិងកំពុងគាំទ្រ និងប្រមូលទិញគ្រាប់ស្វាយចន្ទីពីកម្ពុជាជាបន្តបន្ទាប់។ ក្រុមហ៊ុននេះ មានសមត្ថភាពកែច្នៃ វិចខ្ចប់ និងនាំចេញទៅកាន់បណ្តាប្រទេសជាង10លើពិភពលោក ក្នុងបរិមាណប្រហែល8,000តោនក្នុងមួយឆ្នាំ។
ឯកសារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា កម្ពុជាគឺជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់លើផលិតកម្មគ្រាប់ស្វាយចន្ទី ហើយស្វាយចន្ទី គឺជាដំណាំផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើន។ក្រៅពីសាច់ និងគ្រាប់ដែលគេយកទៅបកសម្បកហើយលីងសម្រាប់ធ្វើម្ហូបអាហារផ្សេងៗនោះ ផ្លែរបស់វា គេអាចយកទៅកែច្នៃធ្វើជាអាហារបានច្រើនថែមទៀតផង ដូចជា ទឹកផ្លែឈើ ដំណាប់ ទឹកខ្មេះ និងទទួលទានផ្ទាល់តែម្ដងក៏បាន។តំបន់សំខាន់ៗដែលផលិតស្វាយចន្ទី និងដាំដុះស្វាយចន្ទីនៅក្នុងកម្ពុជា គឺស្ថិតនៅតាមបណ្ដាខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ កំពត កោះកុង និងខេត្តកំពង់ស្ពឺ ជាដើម៕