Skip to content

ការ​នាំចូលគ្រឿងយន្ត​កសិកម្មទទួល​បានការកែសម្រួល​នៅតាមមាត់ច្រក​

អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​តម្រូវ​ឱ្យ​ការ​បំពេញ​បែបបទ​នាំ​ចូល​គ្រឿង​យន្ត​កសិកម្ម អាច​ធ្វើ​​បាន​នៅ​​តាម​មាត់​ច្រកនាំ​ចូល​តែម្តង ដោយ​អគ្គនាយក​ដ្ឋាន ​បាន​ចាត់​ទុក​ទង្វើ​នេះ​ថា​​ជា​ផ្នែក​មួយ​នៃ​ការ​ជួយ​លើក​​ទឹក​ចិត្ត​សម្រាប់​អ្នក​ប្រកប​របរ​កសិកម្ម។

យោង​តាម​លិខិត​របស់​អគ្គ​នាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ ​ចុះ​ថ្ងៃទី​20 ខែវិច្ឆិកា ​ឆ្នាំ2017 ឯកឧត្តម​ គុណ ញឹម ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា ​នៃ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ បាន​ណែនាំ​ចំនួន​ពីរ​ចំណុច​សម្រាប់​ការ​នាំ​ចូល​គ្រឿង​យន្ត​កសិកម្ម ពិសេស​ត្រាក់ទ័រ​ចូល​មក​កាន់​ទីផ្សារ​កម្ពុជា​។ ចំណុច​ទាំង​2​នោះ រួម​មាន ទី​1 មុខ​ទំនិញ​ត្រាក់ទ័រ និង​គ្រឿង​ចក្រ​កសិកម្ម​គ្រប់ប្រភេទ​នាំ​ចូល ដែល​ជាប់​អត្រា​ពន្ធ​គយ​0% ឬ​ពន្ធអាករ​ជាបន្ទុក​របស់​រដ្ឋ ត្រូវ​បាន​លើក​លែង​ការ​ផ្ទៀង​ផ្ទាត់​តម្លៃ​គិត​ពន្ធគយ ដោយ​អាច​ធ្វើ​ការ​បំពេញ​បែប​បទ​គយ​នៅ​អង្គភាព​គយ និង​រដ្ឋាករ​តាម​​មាត់​ច្រក​នាំ​ចូល​តែម្តង តាម​បទ​ប្បញ្ញត្តិ​ជាធរមាន និង​ចំណុច​ទី2 ចែង​ថា ឧបករណ៍​បរិក្ខា​សម្រាប់​បំពាក់​ជាមួយ​ត្រាក់ទ័រ ទាំង​ផ្នែក​ខាង​មុខ និង​ផ្នែក​ខាង​ក្រោយ ដែល​ពុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពន្ធ​អាករ ជា​បន្ទុក​របស់រដ្ឋ លើ​ការ​នាំ​ចូល អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់ តម្លៃ​គិត​ពន្ធ​គយ​ក្នុង​ក្របខណ្ឌ​វិមជ្ឈការ។

ឯកឧត្តម គុណ ញឹម បាន​ចាត់​ទុក​ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​ចូល​រួម​ចំណែក​លើក​ទឹកចិត្ត​ដល់​វិស័យ​កសិកម្ម តាម​រយៈ​ការ​ធ្វើ​​សាមញ្ញ​កម្ម​នីតិវិធីគយ។ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ហាក់​បាន​និង​កំពុង​បង្វែរ​សកម្មភាព​យ៉ាង​ច្រើន​ដើម្បី​ជួយ​លើក​ស្ទួយ​​វិស័យ​កសិកម្ម​នា​​ពេល​ចុង​ក្រោយ​នេះ បន្ទាប់​ពី​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់​ចុះ​យ៉ាង​គំហុក​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ឆ្នាំប៉ុណ្ណោះ។យោង​តាម​ទិន្នន័យ​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ការ​ប្រើប្រាស់​គ្រឿង​យន្ត​ក្នុង​វិស័យ​កសិកម្ម​មាន​ស្ទើរ​តែ​100%​ទៅ​ហើយ​ក្នុង​​​ឆ្នាំ​2017 ​នេះ ខណៈ​ពេល​ដែល​ធនធាន​មនុស្ស​​បម្រើ​ការងារ​ក្នុង​វិស័យ​កសិកម្ម​ បាន​ធ្លាក់​ចុះ​មក​នៅ​ក្រោម​50​%។កាល​ពី​ឆ្នាំ2013 ការ​ភ្ជួរ​រាស់​ស្រែ​ចម្ការ​ដោយ​សត្វ​ពាហនៈ​មាន​ចំនួន​0.96​លាន​ហិកតា ស្មើនឹង​30% ខណៈ​ការ​ភ្ជួរ​រាស់​ដោយ​ប្រើ​ប្រាស់​ត្រាក់ទ័រ-គោយន្ត មាន​ចំនួន​2.31​លាន​ហិកតា ស្មើ​នឹង​70%ប៉ុន្តែ​ទិន្នន័យ​ឆ្នាំ​2016 បង្ហាញ​ថា ការ​ភ្ជូរ​រាស់​ស្រែចម្ការ​​ដោយ​ប្រើ​ប្រាស់​គ្រឿង​ម៉ាស៊ីន​ បាន​គ្រប​ដណ្តប់​ស្ទើរ​តែ​100%​ទៅ​ហើយ​។ប្រទេសកម្ពុជា​បាន​នាំ​ចូល​គ្រឿងយន្ត​កសិកម្ម​ជា​ច្រើន​ពី​ប្រទេស​ថៃ សហរដ្ឋ​អាមេរិក និង ប្រទេស
អូស្រ្តាលី ជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *