Skip to content

អាជីវកម្ម​តាម​អន​ឡាញ​រីកសាយ ប៉ុន្តែ​មិនទាន់មាន​របៀប និង​គ្មាន​និរន្តរភាព

អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា​បាន​រីក​សាយ​ភាយ​គួរ​ឱ្យ​កត់​សម្គាល់​ ថ្វី​បើ​ហាក់​នៅ​មាន​ភាព​យឺត​យ៉ាវ​បន្តិច​បើ​ធៀប​នឹង​ដំណើរការ​អាជីវកម្ម​តាម​អនឡាញ​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ក៏​ដោយ​។ នេះ​បើ​តាម​​​ថ្នាក់​ដឹកនាំ​នៃ​ក្រសួងឧស្សាហកម្ម​ និង​សិប្បកម្ម។ឯកឧត្តម ភោគ សុវណ្ណរិទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​និយាយ​ថា តាម​ការ​សង្កេត ការ​ប្រកប​អាជីវកម្ម​តាម​ប្រព័ន្ធ​អនឡាញ​នៅ​កម្ពុជា​កំពុង​មាន​ទំនោរ​កើន​ឡើង​ច្រើន​ ពិសេស​ក្នុង​ចំណោម​ក្រុម​យុវវ័យ។ អាជីវកម្ម​លក់​រាយ​តាម​អនឡាញ​មាន​ភាគ​ច្រើន​ជា​ការ​លក់សម្ភារ និង​ស្បែកជើង ខណៈ​ផលិតផល​ផ្សេង​ទៀត​មិន​ទាន់​មាន​ច្រើន​នោះ​ទេ។ឯកឧត្តមរដ្ឋលេខាធិការ​ បានមាន​ប្រសាសន៍​ថា៖“ប្រទេស​កម្ពុជា​មាន​ការ​លក់​រាយ​តាម​អនឡាញ​ច្រើន។ យើង​សង្កេត​ឃើញ​មាន​ការ​លក់​សម្លៀកបំពាក់​ និង​លក់​ស្បែកជើង​តាម​អន​ឡាញ ហើយ​ក៏​មាន​ក្រុម​យុវជន​ក្មេងៗ​កុម្ម៉ង់​ទិញ​សម្ភារ​​តាម​អនឡាញ​ពី​ក្រៅ​ប្រទេសផង​​ដែរ។ ដូច​នេះ​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា គឺ​គេ​អាច​មើល​ឃើញ​តាមរយៈ​អាជីវ​កម្ម​នេះ”។

ទោះ​ជា​យ៉ាង​ណា ឯកឧត្តម ភោគ សុវណ្ណរិទ្ធិ ​អះអាង​ថា កម្ពុជា​នៅ​ដើរ​យឺត​ជាង​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​លើ​ការ​លក់​រាយ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ ព្រោះ​សហគ្រិន​ខ្មែរ​នៅ​មាន​ការ​យល់​ដឹង​តិចតួច ចំណែក​អ្នក​ខ្លះទៀត​មិន​បាន​យក​ចិត្ត​ទុកដាក់​សម្រាប់​ការ​ផ្សារភ្ជាប់​អាជីវកម្ម​របស់​ខ្លួន​ជា​មួយ​បច្ចេក​វិទ្យា​ទាន់​សម័យ​នោះ​​ទេ។ឯកឧត្តមបាន​បញ្ជាក់​ថា៖“យើង​ដឹង​ហើយ​ថា ប្រទេស​កម្ពុជា​ត្រូវការ​ជា​ចាំ​បាច់​នូវ​ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស​ច្រើន​ឆ្នាំ​ត​ទៅ​មុខ​ទៀត។ ក្រៅ​ពី​ការ​បណ្តុះ​បណ្តា​ធនធាន​មនុស្ស​ក្នុង​វិស័យ​សាធារណៈ​របស់​រដ្ឋ យើង​ក៏​បាន​ព្យាយាម​ជួយ​ដល់​វិស័យ​ឯកជន ដើម្បី​ឱ្យ​ពួក​គាត់​មាន​ជំនាញ​ក្នុង​ការ​ផលិត​ផលិត​ផល​របស់​ខ្លួន​ឱ្យ​មាន​គុណភាព ដើម្បី​ប្រកួត​ជាមួយ​ទីផ្សារ​អន្តរជាតិ”។ ឯកឧត្តម​បន្ថែម​ថា​៖​“គេ​អាច​លក់​សម្ភារ​ពី​ប្រទេស​មួយ​ឆ្លង​ទៅ​កាន់​ប្រទេស​មួយ​ទៀត​បាន​ដោយ​ងាយ​ ដោយ​ប្រើ​ប្រព័ន្ធ​អនឡាញ​”។

លោក Jun Ho-Kim មន្ត្រី​កម្មវិធី​នៃ​នាយកដ្ឋាន​ឧស្សាហកម្ម​នៃ​អង្គការ​ផលិតភាព​អាស៊ី (APO) ដែល​ជា​ដៃគូ​ដ៏​សំខាន់​ក្នុង​ការ​បណ្តុះ​បណ្តាល​សហគ្រិន និង​ការ​កសាង​សមត្ថភាព​របស់​មន្ត្រី​ក្នុង​ស្ថាប័ន​សាធារណៈ បានប្រាប់​ថា ថ្វី​ត្បិត​អាជីវកម្ម​តាម​ប្រព័ន្ធអនឡាញ​កើត​ឡើង​ច្រើន ប៉ុន្តែ​គេ​មិន​ច្បាស់​ថា​តើ​អាជីវកម្ម​នោះ​មាន​និរន្តរ​ភាព​យ៉ាង​ដូច​ម្តេច​នោះទេ។ លោក Jun Ho-Kim បាន​បញ្ជាក់​ថា៖​“យើង​មិន​ដឹង​ដំណើរការ​ទៅ​មុខ​ស្ថានភាព​បច្ចេកវិទ្យា​នឹង​វិវត្តន៍​ទៅ​រក​អ្វី​នោះ​ទេ ប៉ុន្តែ​តាម​ប្រទេស​ខ្លះ​យើង​ដឹង​ហើយ​ថា​វា​ស្ថិត​នៅ​ដំណាក់​កាល​នៃ​ការ​អភិវឌ្ឍ​ខុសៗ​គ្នា ដោយ​ប្រទេស​ខ្លះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​2.0 ប្រទេស​ខ្លះ​ស្ថិត​នៅ​ដំណាក់កាល​3.0 ហើយ​ប្រទេស​ខ្លះ​មាន​ការ​អភិវឌ្ឍ​ដល់​ដំណាក់​កាល​4.0។ នៅ​ក្នុង​ដំណាក់កាល​4.0 មាន​ទម្រង់​អាជីវកម្ម​ច្រើន​ប្រភេទ​ផ្សេងៗ​គ្នា​ជាច្រើន”។
លោក​បន្ថែម​ថា៖​“ពេល​នេះ APO សហការ​ជាមួយ​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​កម្ពុជា ដោយ​​យើង​អភិវឌ្ឍន៍​កម្មវិធី​សិក្សា​នេះ​រួម​គ្នា ដើម្បី​គាំទ្រ​ដល់​ប្រទេស​ជា​សមាជិក​របស់​អង្គការ​ផលិតភាព​អាស៊ី ដើម្បី​ឱ្យ​គេ​ដឹង​ពី​របៀប​រៀបចំ​យុទ្ធសាស្ត្រ​ក្នុង​ការ​ចូលទៅ​កាន់​ទីផ្សារ​ពិភព​លោក​ក្នុង​សម័យ​កាល​ឧស្សាហកម្ម​4.0។ យើង​នឹង​បង្ហាញ​ពួកគេ​ថា​តើ​ធ្វើ​ដូចម្តេច​ដើម្បី​ធានា​និរន្តរភាព​បាន”៕​

Leave a Reply

Your email address will not be published. Required fields are marked *