ភ្នំពេញៈ ទើបតែវិលមកពីសម្តែង និងកើបលុយដុំនៅអូស្រ្តាលីចំនួន ៥ សប្តាហ៍ សោះក៏ស្រាប់តួសម្តែងស្រីចូលចិត្តព្រលែងដើមទ្រូងសិចស៊ី កញ្ញា សាន សុម៉ាលី និងជាតួស្រីល្បីក្នុងភាពយន្តរឿងកាកី បានរអ៊ូររទាំថា ខ្លួនចាស់ហើយមិនសូវមានទីផ្សារក្នុងសង្គមសិល្បៈទៅវិញ។
តារាសម្តែងស្រីចូលចិត្តតុបតែងខ្លួនបែបសិចស៊ី កប់ស៊េរី បញ្ចេញសាច់ក្បាលពោះ និងដើមទ្រូងយ៉ាងគ្រហើៗ សាន សុម៉ាលី ស្រាប់តែថ្មីៗនេះនាងបានរអ៊ូរថា៖ «ហេតុខ្លួនខ្ញុំចាស់ និងសម្រស់ក៏លែងសូវស្អាត ទើបមិនសូវមានផលិតកម្មណាគេ ហៅទៅថតកុនទៀតដូចជាតួស្រីក្មេងៗ និងស្អាតៗជំនាន់ក្រោយ។ ដោយសារតែខ្លួនកាន់តែមានវ័យជ្រេ សម្រស់ក៏លែងសូវស្អាតផូរផង់ដូចកាលមុន និងតម្លៃខ្លួនថតកុនក៏មិនសូវខ្ពស់ដូចតារាស្រីវ័យក្មេងសាច់សខ្ចីមិនអាចប្រជែងបាន» ។
កញ្ញា សាន សុម៉ាលី ក៏ត្អួញត្អែរពីមូលហេតុខ្លះនាំឲ្យមានភាពស្ងាត់ទីផ្សារថា៖ «វិស័យភាពយន្តកាន់តែរីកដុះដាលគ្រាន់ជាងមុនបន្តិច ហើយតារាសម្តែងស្រករក្រោយក៏សម្បូរ និងមានសម្រស់ស្រស់ស្អាតៗច្រើនទៀត ដូច្នេះខ្ញុំពិបាកប្រកួតប្រជែងនឹងពួកគាត់ណាស់។ បច្ចុប្បន្ននេះ ខាងផលិតកម្ម និងអ្នករៀបចំកម្មវិធីទៀតសោត គេក៏រើសយកសិល្បករ សិល្បការិនី ដែលអាចចេះទាំងច្រៀង និងចេះទាំងការសម្តែងផងដែរ»។
គួររំឮកថា តារាចម្រៀង និងសម្តែងស្រីប្រុស ៦ដួង រួមមានកញ្ញា សាន សុម៉ាលី កញ្ញា នៅ សូនីតា កញ្ញា មាស វ៉ារី លោក ម៉ាដូណា លោក អាឡិច ចាន់ត្រា និងពិធីការិនីផ្នែកសម្របសម្រួលកម្មវិធីកញ្ញា ដារ៉ា នីតា បានហោះហើរទៅចូលរួមនៅក្នុងកម្មវិធីសប្បុរធម៌មួយគឺការសម្តែងសិល្បៈនៅជាច្រើនរដ្ឋក្នុងប្រទេសអូស្ត្រាលីកាលពីខែកុម្ភៈ៕