តាមរយៈគេហទំព័រសារព័ត៌មាន ENews ដែលបានចេញផ្សាយនៅថ្ងៃទី27 ខែវិច្ឆិកា ឆ្នាំ2017 មុននេះបន្ដិច បានឱ្យដឹងថា បវរកញ្ញាដែលបានគ្រងតំណែងជាម្ចាស់មកុដ Miss Universe ជំនាន់ទី 66 សម្រាប់ឆ្នាំ 2017 នេះ គឺបានទៅលើបវរកញ្ញាមកពីប្រទេសអាហ្វ្រិកខាងត្បូង កញ្ញា Demi-Leigh Nel-Peters។
បវរកញ្ញារូបនេះមានវ័យ 22 ឆ្នាំ ទទួលបាននូវក្ដីពេញចិត្តយ៉ាងខ្លាំងពីសំណាក់មហាជនអ្នកគាំទ្រ ដែលចេញពីរូបសម្រស់ដ៏ស្រស់សោភា និងសមត្ថភាពពិសេសនៅក្នុងអំឡុងពេលប្រកួត។ នាងត្រូវបានឡើងទៅទទួលរង្វាន់ និងបំពាក់មកុដពីអតីតបវរកញ្ញាចក្កវាឡឆ្នាំ 2016 គឺកញ្ញា Iris Mittenaere មកពីប្រទេសបារាំង ហើយកាលពីពេលថ្មីៗនេះ រូបនាងថែមទាំងបានឈ្នះការប្រកួតនៅក្នុងកម្មវិធីលំដាប់អន្ដរជាតិចំនួនពីររួចមកហើយទៀតផងគឺ The Axis និង The Planet Hollywood ។
គួរបញ្ជាក់ផងដែរថា បវរកញ្ញារូបនេះ បានសម្រេចជោគជ័យពិសេសទៅលើវគ្គបង្ហាញម៉ូដឈុតហែលទឹក និងឈុតរាត្រីសមោសរ ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ គឺនាងបានឆ្លើយនឹងសំណួរបានល្អជាងគេ ដែលជាមូលហេតុទាក់ទាញចិត្តគណៈកម្មការ និងមហាជនឱ្យបោះឆ្នោតគាំទ្រ៕