Skip to content

ការ​ព្យាករ ៖ សេដ្ឋកិច្ចកម្ពុជា​នឹងមាន​ល្បឿន​ថយចុះ​ជាង​ឆ្នាំ​ចាស់

ភ្នំពេញ៖ ទោះបីជា​មានការ​អះអាង​អំពី​ស្ថេរភាព​នៃ​កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​រយៈពេល​ជិត2ទសវត្សរ៍​ចុងក្រោយ​នេះ​ក៏ដោយ ក៏ប៉ុន្តែ​បើតាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក​បាន​បង្ហាញថា ឆ្នាំ2017នេះ​កំណើន​សេដ្ឋកិច្ចកម្ពុជា​នឹង​ថយ​ចុះមក​នៅត្រឹម 6.8% ប៉ុណ្ណោះ។

របាយការណ៍​បាន​លើកឡើងថា ការធ្លាក់ចុះ​នៃ​ល្បឿន​សេដ្ឋកិច្ចកម្ពុជា​សម្រាប់​ឆ្នាំ2017នេះ គឺ​ដោយសារ​ការថយចុះ​នូវ​ការនាំចេញ​សម្លៀកបំពាក់ ការ​ថមថយ​ល្បឿន​នៃ​វិស័យ​សំណង់ នៅក្នុង​រាជធានី​ភ្នំពេញ និង​នៅតាម​ទីប្រជុំជន​មួយចំនួន។

ទោះជា​ដូច្នេះ​ក្តី យោងតាម​របាយការណ៍​ស្តីពី​បច្ចុប្បន្នភាព​បានលើកឡើង​ថា សេដ្ឋកិច្ចកម្ពុជា​បាន​បោះជំហាន​ឡើង​ខ្សែចង្វាក់​តម្លៃ​ក្នុង​វិស័យ​កម្មន្តសាល​ដែល​បានចេញ​ផ្សាយ​នៅ​ចុងខែ​វិច្ឆិកា​នេះ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ2018នឹង​កើន​ឡើងដល់6,9ភាគរយ​ធៀប​នឹង​ឆ្នាំនេះ។ របាយការណ៍​ដដែល​បាន​លើកឡើងថា ទោះបីជា​មានការ​ថយចុះ​នូវ​ការនាំចេញ​សម្លៀកបំពាក់​ក្តី ប៉ុន្តែ​វិស័យ​នាំចេញ​របស់​កម្ពុជា​បាន​ប៉ះប៉ូវ​មកវិញ​ដោយ​ការនាំចេញ​ម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​រថយន្ត​ដែល​ទើប​លេចចេញ​ជា​រូបរាង​កាលពីពេលថ្មីៗនេះ។

ជាមួយគ្នានេះ ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ទាក់ទាញ​ទេសចរ​ពី​អាជ្ញាធរ វិស័យនេះ​ហាក់បីដូច​ជាមាន​លទ្ធផល​ល្អ ដោយមាន​ការ​ងើប​ឡើងវិញ​នូវ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ដែលជា​ផ្នែក​មួយ​នៃ​ការជួប​ទប់ស្កាត់​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច ជាក់ស្តែង​គិត​ត្រឹម​រយៈពេល9ខែ នៃ​ឆ្នាំ2017 កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ចំនួន3,912,761នាក់ ក្នុង​កំណើន11.5% ដោយបាន​នាំមក​នូវ​ប្រាក់ចំណូល​ប្រមាណ3,400លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​ដោយផ្ទាល់​ប្រមាណ​ជាង62ម៉ឺន​នាក់ និង​ដោយ​ប្រយោល​រាប់សិប​ម៉ឺន​នាក់​បន្ថែមទៀត ដោយ​ក្នុងនោះ​ពលកម្ម​ជា​ស្ត្រី​មាន​ប្រមាណ 60%។

របាយការណ៍​របស់​ធ​នាគារ​ពិភពលោក​បាន​រកឃើញ​ផងដែរ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​រឹងមាំ​នៅ​ឆ្នាំ2018 គឺ​ជំរុញ​ដោយ​ការធ្វើ​ពិពិធ​កម្ម​នៃ​ការនាំចេញ គាំទ្រ​ដោយ​ការហូរចូល​នៃ​ការវិនិយោគ​ផ្ទា​ល់ពី​បរទេស និង​ភាពប្រសើរឡើង​នៃ​ទស្សនវិស័យ​ពិភពលោក៕

Leave a Reply

Your email address will not be published. Required fields are marked *