ទិនានុលេខន៍ (diary) ភាគច្រើនគ្រប់គ្នាស្គាល់ថា ជាសៀវភៅកត់ត្រាពីសកម្មភាពប្រចាំថ្ងៃលើគ្រប់ផ្នែកនៃការរស់នៅ ទាំងពីជីវិតការងារ ការសិក្សា ទំនាក់ទំនង និងគម្រោងជាច្រើនទៀត។ នៅរដូវកាលចុងឆ្នាំនេះ មនុស្សជាច្រើនចាប់ផ្តើមស្វែងរកទិញទិនានុលេខន៍នៅតាមបណ្ណាគារ និងកន្លែងផ្សេងៗទៀតដើម្បីត្រៀមសម្រាប់ប្រើប្រាស់នៅឆ្នាំក្រោយដែលនឹងចូលមកដល់ក្នុងពេលត្រឹមតែជាងមួយខែទៀតប៉ុណ្ណោះ។
តាមរយៈការបង្ហាញរបស់ស្ថាប័នស្រាវជ្រាវចិត្តសាស្ត្រ Psychology today បានលើកឡើងថា អ្នកដែលប្រើទិនានុលេខន៍ជាប្រចាំ ជាមនុស្សដែលមានការគ្រប់គ្រងខ្លួនឯងល្អ ហើយការងារគ្រប់យ៉ាងរបស់គាត់គឺតែងតែអាចអភិវឌ្ឍបានលឿនជាងមនុស្សទូទៅដែលមិនកត់ត្រាពីកំណត់ត្រាផ្ទាល់ខ្លួនប្រចាំថ្ងៃ។ ខាងក្រោមនេះជាចំណុចមួយចំនួនដែលបង្ហាញថា អ្នកដែលប្រើទិនានុលេខន៍ជាមនុស្សដែលគ្រប់គ្រងខ្លួនឯងបានល្អ។
- អ្នកប្រើទិនានុលេខន៍បង្ហាញពីភាពជាអ្នកមានគោលដៅច្បាស់លាស់
ជារៀងរាល់ថ្ងៃ មនុស្សដែលមានគោលដៅ និងមនុស្សដែលគ្មានគោលដៅ ពួកគេធ្វើការងារដូចគ្នា តែលទ្ធផលនៃការងារខុសគ្នាដាច់ស្រឡះ ព្រោះថា អ្នកដែលគ្មានគោលដៅតែងតែត្រូវចំណាយពេលវេលាដើម្បីស្វែងរកចំណុចដែលត្រូវធ្វើជាមុនសិនទើបចាប់ផ្តើមធ្វើ ហើយរស់នៅមួយថ្ងៃ ដើម្បីតែមួយថ្ងៃប៉ុណ្ណោះ តែសម្រាប់អ្នកមានគោលដៅវិញ គឺគេដឹងរូចជាស្រេចនៅរៀងរាល់ព្រឹកថា ថ្ងៃនេះគេនឹងត្រូវសម្រេចអ្វីខ្លះ ហើយនឹងទទួលបានអ្វីខ្លះ។
អ្នកដែលប្រើទិនានុលេខន៍ ជាអ្នកដែលបានកត់ត្រារួចជាស្រេចពីអ្វីដែលខ្លួនត្រូវធ្វើ ហេតុនេះគេមិនចាំបាច់ចំណាយពេលច្រើនដើម្បីគិតថា គេត្រូវធ្វើអ្វីនៅពេលទៅដល់ការិយាល័យនោះទេ។ គេចំណាយពេលច្រើនបំផុតនៅកន្លែងការងារដើម្បីធ្វើនូវអ្វីដែលគេបានគ្រោងទុកជាមុន ដែលអាចធ្វើឱ្យពួកគេធ្វើការងារបានលឿន ហើយថែមទាំងសល់ពេលដើម្បីស្វែងរកចំណុចអភិវឌ្ឍន៍ខ្លួនឯងបានថែមទៀតផង។
- អ្នកប្រើទិនានុលេខន៍មិនសូវកុហកខ្លួនឯងទេ
កំណត់ត្រាប្រចាំថ្ងៃ គឺជាភ័ស្តុតាងដែលបញ្ជាក់ពីការងារដែលត្រូវធ្វើជាប្រចាំ។ ចំណុចនេះគឺអាចជួយមនុស្សរួចផុតពីវិបត្តិកុហកខ្លួនឯងបានច្រើនបំផុត ព្រោះថា ពួកគេគង់តែត្រូវយកការងារដែលនៅសល់ពីថ្ងៃនេះទៅធ្វើនៅថ្ងៃស្អែកមិនខាន។ ការសរសេរទុកនូវចំណុចដែលត្រូវធ្វើ និងមិនត្រូវធ្វើ ជារឿងសំខាន់ណាស់ ព្រោះថា មនុស្សដែលមិនសរសេរទុកតែងតែភ្លេចបាត់ ឬកុហកថា ភ្លេចរឿងណាមួយដែលខ្លួនមិនបានធ្វើ ដើម្បីគេចវេះពីការទទួលខុសត្រូវដែលធ្វើឱ្យប្រសិទ្ធភាពការងារធ្លាក់ចុះ។
សម្រាប់អ្នកដែលបានតាមដាន និងសរសេរទុកនូវការងាររបស់ខ្លួននៅក្នុងសៀវភៅទិនានុលេខន៍ គេដឹងយ៉ាងច្បាស់ចំពោះការងារដែលមិនទាន់ធ្វើ ហើយជាកាតព្វកិច្ច គឺត្រូវតែដាក់ចំណុចអវត្តមាននៅថ្ងៃនេះ ជាចំណុចដែលត្រូវធ្វើសងនៅថ្ងៃស្អែក៕