ភ្នំពេញ៖ ឯកឧត្តម Juan Carlos Gonzalez អគ្គរដ្ឋទូតប្រទេសកូឡុំប៊ី បានថ្លែងថា សមាជិកអង្គការពាណិជ្ជកម្មពិភពលោក បានសម្ដែងការសាទរចំពោះសមិទ្ធផលរបស់កម្ពុជាក្នុងផែនការយុទ្ធសាស្ត្រនានារួមមានគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ឆ្នាំ2015-2025 និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យទេសចរណ៍ ឆ្នាំ2012-2020 ជាដើម។
ការលើកសរសើរអំពីផែនការអភិវឌ្ឍន៍គោលនយោបាយឧស្សាហកម្ម និងពាណិជ្ជកម្មរបស់ប្រទេសកម្ពុជាធ្វើឡើងក្នុងកិច្ចប្រជុំត្រួតពិនិត្យទ្បើងវិញនូវគោលនយោបាយពាណិជ្ជកម្មលើកទី2របស់កម្ពុជានៅអង្គការពាណិជ្ជកម្មពិភពលោក។ យ៉ាងនេះក្តីឯកឧត្តម Juan Carlos Gonzalez ប្រធានអង្គប្រជុំក៏ជំរុញឱ្យកម្ពុជាបន្តកិច្ចការដែលកំពុងធ្វើ និងបំពេញកាតព្វកិច្ចរបស់ខ្លួនបន្ថែមទៀត ពិសេសតាមការស្នើសុំរបស់សមាជិកអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីលើកកម្ពស់តម្លាភាពក្នុងរបបពាណិជ្ជកម្ម និងអនុលោមភាពស្របតាមគោលការណ៍ ដែលមានចែងក្នុងបទដ្ឋានអន្តរជាតិ ដែលកម្ពុជាបានចូលជាភាគីហត្ថលេខី។
ឆ្លើយតបនូវការលើកឡើងនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានថ្លែងក្នុងកិច្ចប្រជុំខាងលើនេះថា គំនិតផ្តួចផ្តើមនៃការបង្កើតស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការពាណិជ្ជកម្មពិភពលោកជាសក្ខីភាពបង្ហាញអំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោកដែលនឹងជួយជ្រោមជ្រែងបន្ថែមដល់ការចូលរួមរបស់កម្ពុជាក្នុងកិច្ចការអន្តរជាតិ ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម ពិសេសការបំពេញតួនាទីរបស់កម្ពុជាជាប្រធានសម្របសម្រួលប្រទេសអភិវឌ្ឍន៍តិចតួច។
គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសអភិវឌ្ឍន៍តិចតួចភាគច្រើនចំណូលជាមធ្យមរបស់ប្រជាជនគឺ 1.25 ដុល្លារអាមេរិក និងបានរួមចំណែក 0.9% នៃ ផ.ស.ស (GDP) របស់ពិភពលោក។ លទ្ធផលនៃសេដ្ឋកិច្ចទន់ខ្សោយរបស់ប្រទេសអភិវឌ្ឍន៍តិចតួចជាច្រើន បានធ្វើឱ្យមានការថមថយនៃកំណើន ផ.ស.ស (GDP) ជាមធ្យមសម្រាប់មនុស្សម្នាក់ក្នុងមួយឆ្នាំដល់ 1.5% នៅឆ្នាំ 2015 ដែលក្នុងឆ្នាំ2014មាន 3.3%។ ការធ្លាក់ចុះបែបនេះហើយដែលជាកត្តារារាំងដល់ការកាត់បន្ថយភាពក្រីក្រ និងអូសបន្លាយពេលក្នុងការសម្រេចបាននូវទិសដៅការអភិវឌ្ឍប្រកបដោយចីរភាព។
គណៈកម្មាធិការស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍរបស់អង្គការពាណិជ្ជកម្មពិភពលោកបានគូសបញ្ជាក់ច្បាស់អំពីការបើកច្រកទីផ្សាររបស់ប្រទេសអភិវឌ្ឍន៍តិចតួចពីឆ្នាំ2005 ដល់ 2016 ដែលការនាំចេញទំនិញ និងសេវាកម្មរបស់ប្រទេសអភិវឌ្ឍន៍តិចតួចបានកើនឡើងតិចតួចជាមធ្យម 6.4%៕