ការបង់ពន្ធជាកាតព្វកិច្ចយ៉ាងសំខាន់មួយដែលប្រជាជនគ្រប់រូបត្រូវយកចិត្តទុកដាក់ ព្រោះក្នុងនាមជាប្រជាពលរដ្ឋដែលមានការទទួលខុសត្រូវ ត្រូវតែបំពេញឱ្យបាននូវកាតព្វកិច្ចដ៏សំខាន់មួយនេះ។
ពាក់ព័ន្ធនឹងបញ្ហានេះ មានសំណួរបានចោទឡើងថា ប្រជាជនខ្មែរត្រូវបានច្បាប់ចែងយ៉ាងច្បាស់អំពីកាតព្វកិច្ចដែលត្រូវបង់ពន្ធតាមលទ្ធភាពរកប្រាក់ចំណូល ឬប្រាក់ខែរបស់ខ្លួន ចុះជនបរទេសធ្វើការនៅស្រុកខ្មែរវិញ តើត្រូវបង់ពន្ធដែរឬទេ បើគាត់មិនមែនជាប្រជាជនខ្មែរផងនោះ?។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជីវ គីមស្រូយ នាយិកាសេវាកម្មពន្ធ និងប្រឹក្សាយោបល់នៃក្រុមហ៊ុន Deloitte (Cambodia) Co., Ltd បានលើកឡើងថា សម្រាប់បញ្ហាជនបរទេសធ្វើការនៅកម្ពុជាគឺ តាមច្បាប់កម្ពុជាគេបែងចែកចេញជា 2ប្រភេទ។ ប្រភេទទី1 គឺជនដែលស្នាក់នៅកម្ពុជាលើសពី 182ថ្ងៃ ដែលយើងហៅថាជានិវេសនជន (resident) និងមួយប្រភេទទៀតដែលស្នាក់នៅតិចជាង 182ថ្ងៃ ហើយត្រឡប់ទៅប្រទេសរបស់គាត់វិញដែលយើងហៅថាជាអនិវេសនជន (non-residence)។
លោកស្រី ជីវ គីមស្រូយ បាននិយាយថា៖ «ចំពោះជនដែលជានិវេសនជន មានន័យថាគាត់បានរស់នៅ និងធ្វើការនៅកម្ពុជាច្រើនជាង 182ថ្ងៃ គាត់ត្រូវមានកាតព្វកិច្ចបង់ពន្ធទៅតាមច្បាប់របស់កម្ពុជា»។
លោកស្រី គីមស្រូយ បានបន្ថែមទៀតថា ចំពោះអ្នកដែលស្នាក់នៅ ឬរស់នៅប្រទេសកម្ពុជាតិចជាង 182ថ្ងៃ ដែលអ្នកខ្លះអាចមកធ្វើការនៅស្រុកខ្មែរតែប្រមាណ 2ខែ បន្ទាប់មកគាត់ត្រឡប់ទៅផ្ទះវិញ គាត់មិនបាច់បង់ពន្ធលើប្រាក់ខែនោះទេ តែគាត់ត្រូវបង់ប្រាក់ប្រមាណ 20% នៃប្រាក់ចំណូលរបស់គាត់ក្នុងចន្លោះពេលនោះ៕