ការគាំពារបុគ្គលិក និងការជំរុញឱ្យមានការគោរពសិទ្ធិការងារឱ្យកាន់តែទូលំទូលាយ ជារឿងសំខាន់មួយដែលកម្ពុជាកំពុងយកចិត្តទុកដាក់។
វិធានការមួយចំនួនដែលរដ្ឋាភិបាល ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានចាប់ផ្តើមធ្វើចំពោះក្រុមហ៊ុនឯកជននាពេលបច្ចុប្បន្ននេះ គឺការដាក់ពិន័យទៅលើក្រុមហ៊ុនទាំងឡាយណាដែលមិនគោរពតាមច្បាប់ការងារ ជាពិសេសលើលក្ខខណ្ឌមួយចំនួនស្តីពីសិទ្ធិការងារ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកមេធាវី សោម ចំណាន ដែលជាអ្នកជំនាញផ្នែកច្បាប់ការងារបានលើកឡើងថា នេះជាពេលវេលាដ៏សំខាន់ដែលក្រសួងចាប់ផ្តើមចាត់វិធានការលើក្រុមហ៊ុនទាំងឡាយណាដែលមិនគោរពសិទ្ធិការងារ។ ដើម្បីធានាដល់ការគ្រប់គ្រងយន្តការនេះ ក្រសួងបានបង្កើតឱ្យមានក្រុមអធិការកិច្ចដែលក្នុងនោះ តួនាទីរបស់ពួកគាត់គឺធ្វើការត្រួតពិនិត្យ និងផាកពិន័យចំពោះក្រុមហ៊ុន ឬសហគ្រាសទាំងឡាយណាដែលមិនគោរពសិទ្ធិបុគ្គលិក។
លោកមេធាវី សោម ចំណាន បាននិយាយថា៖ «នៅឆ្នាំ 2015 ដល់ឆ្នាំ 2016 មានការផាកពិន័យកើនឡើងដល់ទៅ 100%។ វាជាពេលដែលត្រូវផាកពិន័យហើយ ព្រោះច្បាប់ការងារបានធ្វើប្រមាណជាង 30ឆ្នាំ មកហើយ ហេតុនេះល្មមដល់ពេលដែលក្រុមហ៊ុននានាយល់ច្បាស់ និងចូលរួមអនុវត្តហើយ»។
ក្រៅពីនេះ ហេតុផលដែលជំរុញឱ្យមានការផាកពិន័យកាន់តែច្រើននេះ ព្រោះក្រសួងមានយន្តការលើកទឹកចិត្តដល់ក្រុមអធិការកិច្ច ដោយក្រសួងបានផ្តល់ថវិកាប្រមាណ 70% នៃចំនួនទឹកប្រាក់ដែលបានមកពីការផាកពិន័យឱ្យទៅក្រុមអធិការកិច្ចដែលបានចាត់វិធានការលើក្រុមហ៊ុនឯកជន។ ក្រៅពីនេះ សហជីពអន្តរជាតិក៏តែងតែធ្វើការស្នើសុំ (Complain) និងជំរុញដើម្បីឱ្យក្រសួងចាត់វិធានការឱ្យបានដិតដល់ជុំវិញបញ្ហានេះផងដែរ៕