Skip to content

ធនាគារ CIMB សហការ​ជាមួយ​ក្រុមហ៊ុន​មូល​ប​ត្រ ផ្តល់​រង្វាន់​ដល់​និស្សិត​ជាប់​ជយលាភី

ភ្នំពេញ៖ ដើម្បី​លើក​ចិត្ត​ដល់​និស្សិត​ដែល​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ធនាគារ CIMB បាន​សហការ​ជា​មូ​យ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា (CSX) ប្រគល់​រង្វាន់​ជយលាភី​ថ្នាក់ជាតិ​ដល់​ក្រុម​ជយលាភីកំពូល3ក្រុម​ក្នុង​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ2017 នៅ​ប្រទេស​កម្ពុជា។

ក្រុម​ជយលាភី​ថ្នាក់ជាតិ​ដែល​តំណាងឱ្យ​ប្រទេស​កម្ពុជា​សម្រាប់​ការប្រកួត​ថ្នាក់​តំបន់ គឺ​ក្រុម The Brilliant។ ជាមួយគ្នានេះ​ក្រុម​ជយលាភី​លេខ1គឺ​ក្រុម Team Potatoes មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន ទទួលបាន​ប្រាក់រង្វាន់800ដុល្លារ​ពី​ធនាគារ CIMB និង 500ដុល្លារ​ពី CSX  រីឯ​ក្រុម​ជយលាភី​លេខ2 គឺ​ក្រុម​The Brilliant មកពី​សាកលវិទ្យាល័យ​កម្ពុជា ទទួលបាន​ប្រាក់រង្វាន់ 500ដុល្លារ​ពី​ធនាគារ CIMB និង 350ដុល្លារ​ពី CSX ខណៈដែល​ក្រុម​ជយលាភី​លេខ3 គឺ​ក្រុម The Gravity មកពី​សាកលវិទ្យាល័យ​ហ្សា​ម៉ាន ទទួលបាន​ប្រាក់រង្វាន់ 400ដុល្លារ​ពី​ធនាគារ CIMB និង 250ដុល្លារ​ពី​CSX។ ស្របតាម​ការប្តេជ្ញាចិត្ត​របស់​ស៊ី​អាយ​អិ​ម​ប៊ី​ក្នុងការ​អភិវឌ្ឍ​ទេពកោសល្យ​យុវជន​ជំនាន់​ក្រោយ ក្រុម​កំពូល​ទាំង3 ក៏​នឹង​ទទួលបាន​ឱកាស​ក្លាយជា​បុគ្គលិក​ហាត់​ការ នៅក្នុង​ធនាគារ ស៊ី​អាយ​អិ​ម​ប៊ី ផងដែរ។

លោក ប៊ុន យីន ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ CIMB បានបង្ហាញ​ចំណាប់អារម្មណ៍​ដោយបាន​សម្តែង​នូវ​ការកោតសរសើរ​ដល់​ក្រុម​បេក្ខជន​ដែល​ទទួលបាន​ជយលាភី​ទាំងអស់ ជាពិសេស​គឺ​ក្រុម​ជើងឯក​ថ្នាក់ជាតិ​ដែល​ត្រូវបាន​ជ្រើសរើស​ជា​ក្រុម​ជយលាភី​តំណាង​កម្ពុជា​ទៅ​ចូលរួម​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នៃ​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី​ប្រចាំ​តំបន់​អាស៊ាន​ឆ្នាំ2017 នៅ​ប្រទេស​ឥណ្ឌូនេស៊ី នាពេល​ខាងមុខនេះ។

លោក​បន្ថែមថា ការចូលរួម​កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី​ប្រចាំ​តំបន់​អាស៊ាន គឺ​មិន​ត្រឹមតែ​បង្កើន​ចំណេះដឹង និង​ជំនាញ​វិនិយោគ Platform ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​លើកកម្ពស់​ការទទួលស្គាល់​លើ​សមត្ថភាព​របស់​និស្សិត​កម្ពុជា​ពី​តំបន់​អាស៊ាន​ដ៏​ទូលំទូលាយ​ទៀតផង។

ជាមួយគ្នានេះ ឯកឧត្តម ហុង សុ​ហួរ អគ្គនាយក​នៃ​ក្រុមហ៊ុន​ផ្សារ​មូល​ប​ត្រ​កម្ពុជា​បាន​មានប្រសាសន៍ថា កន្លងមក​ដើម្បី​គាំទ្រ​កម្មវិធី​ប្រកួតប្រជែង​នេះ​ឱ្យ​ទទួលបាន​ភាពជោគជ័យ ក្រុមហ៊ុន​ផ្សារ​មួ​លប​ត្រ​កម្ពុជា​បានរៀបចំ​វគ្គ​បណ្តុះបណ្តាល​ក៏ដូចជា​សិក្ខាសាលា​មួយចំនួន​ដែរ​ដោយ​សហការ​ជាមួយ​ធនាគារ​ស៊ី​អាយ​អិ​ម​ប៊ី ដើម្បី​ពន្យល់​ពី​របៀប​ដាក់​ការបញ្ជា​ជួញដូរ និង​ការវិភាគផ្សេងៗដែលជា​ទុន​សម្រាប់ប្អូនៗនិស្សិត​ក្នុងការ​ប្រកួត។ ជាការ​ពិត ការចូលរួម​នៅក្នុង​កម្មវិធី​ប្រកួតប្រជែង​បែបនេះ​នឹង​ញ៉ាំងឱ្យប្អូនៗនិស្សិត​កាន់តែ​មាន​ទំនុកចិត្ត​មួយកម្រិត​ថែមទៀត​ក្នុងការ​ចូលរួម​ក្នុង​វិស័យ​មូល​ប​ត្រ​នាពេល​អនាគត​ក្នុងនាម​ជា​វិនិយោគិន ឬ​ជាម​ន្ត្រី​បុគ្គលិក ដែល​ទទួលបន្ទុក​ការងារ​ពាក់ព័ន្ធ និង​ដំណើរការ​ទីផ្សារ​មូល​ប​ត្រ​ផ្ទាល់​តែម្តង។

មកដល់ពេលនេះ កម្មវិធី​ប្រកួត​ជួញដូរ​ភាគហ៊ុន​ស៊ី​អាយ​អិ​ម​ប៊ី​ប្រចាំ​តំបន់​អាស៊ាន​បាន​ឈាន​មកដល់​ឆ្នាំ​ទី8ហើយ ហើយ​ប្រទេស​កម្ពុជា​ទើបតែ​បាន​ចូលរួម​កម្មវិធី​ប្រកួត​ថ្នាក់​តំបន់​នេះ ចំនួន 3ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ក្រុម​ជើងឯក​តំណាង​កម្ពុជា​តែងតែ​បង្ហាញ​នូវ​ភាព​លេចធ្លោ​របស់ខ្លួន ដោយ​ដណ្តើមបាន​តំណែង​រងជើង​ឯក​ថ្នាក់​តំបន់ 2ឆ្នាំ​ជាប់​គ្នា និង​ជយលាភី​លេខ4កាលពី​ឆ្នាំមុន​ទៀតផង។ កម្មវិធី​នេះ​មានការ​គាំទ្រ​យ៉ាង​ផុលផុស​ពី​បណ្តា​សាកលវិទ្យាល័យ​នានា និង​មានការ​ចូលរួម​ប្រកួត​ពី​សំណាក់​និស្សិត​ដែល​កាន់តែ​កើន​ច្រើនឡើង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ។ ក្នុងឆ្នាំនេះ​មាន​ក្រុម​ចូលរួម​ប្រកួតប្រជែង​កើនឡើង​រហូតដល់124ក្រុម​មកពី​សាកលវិទ្យាល័យ​ចំនួន23 នៅក្នុង​រាជធានី​ភ្នំពេញ៕

Leave a Reply

Your email address will not be published. Required fields are marked *