ភ្នំពេញ – បច្ចុប្បន្នក្រៅពីបឹងកេងកង1 – 2 និង3 ទួលគោកត្រូវបានគេចាត់ទុកជាតំបន់សក្ដានុពលទីពីរដែលអ្នកវិនិយោគផ្នែកអចលនវត្ថុនានាមិនអាចមើលរំលងបានក្នុងការអភិវឌ្ឍ ខណៈដែលគម្រោងធំៗ ផ្សារទំនើប និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំង ពិសេសម្ចាស់គម្រោងអភិវឌ្ឍន៍ដែលកំពុងតែធ្វើការងារសាងសង់អគាររបស់ខ្លួនបានបង្កើនសកម្មភាពដើម្បីឱ្យបញ្ចប់តាមការសន្យាជាមួយអតិថិជនផងដែរ។
លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Realestate បានថ្លែងថា ទួលគោកត្រូវបានគេចាត់ទុកថា ជាតំបន់មានសក្ដានុពលទីពីរ បន្ទាប់ពីតំបន់បឹងកេងកង១ ដោយសារតែតំបន់នេះមានផ្ទះធំៗ ដីទំនេរធំៗ និងមានហេដ្ឋារចនាសម្ព័ន្ធល្អ។ ពិសេសបច្ចុប្បន្ន តំបន់នេះត្រូវបានអភិវឌ្ឍឡើងដោយអគារខ្ពស់ៗជាច្រើន ដែលធ្វើឱ្យតំបន់ទួលគោកផ្លាស់ប្តូរមុខមាត់ ជាក់ស្ដែងដូចជានៅតំបន់បឹងកក់ ជាដើម។ លើសពីនេះទៅទៀតនឹងមានផ្លូវ30ម៉ែត្រថ្មីមួយខ្សែដែលសព្វថ្ងៃកំពុងសាងសង់នៅលើផ្លូវរថភ្លើងចាស់ដែលស្ថិតនៅចន្លោះទួលគោក និងបឹងកក់ដែលតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្សីទៅកាន់សង្កាត់ឬស្សីកែវទៀតផង។
បច្ចុប្បន្នគេសង្កេតឃើញថា តម្លៃដីនៅតំបន់ទួលគោកស្ថិតក្នុងសភាពថេរនៅពេលបច្ចុប្បន្ន បើប្រៀបធៀបទៅនឹងតំបន់អភិវឌ្ឍន៍ជាស្រេចផ្សេងទៀតនៅក្នុងទីក្រុង។ តម្លៃដីនៅតំបន់ទួលគោកមិនមានការកើនឡើង ឬថយចុះនោះទេនៅក្នុងរយៈពេល 2ឆ្នាំចុងក្រោយនេះ។
លោក សន សៀប បន្ដថា លោកទទួលស្គាល់ថា តំបន់ទួលគោកជាតំបន់ដែលមានសក្ដានុពលខ្លាំង ព្រោះវាហ៊ុមព័ទ្ធទៅដោយគម្រោងធំៗជាច្រើនដែលអាចទាក់ទាញចំណាប់អារម្មណ៍នៃការរស់នៅពីប្រជាជនដោយសារតែពួកគេងាយស្រួលរកសេវាកម្មនានាដែលមាននៅជិតខ្លួនដូចជា សាលារៀន មន្ទីរពេទ្យ ផ្សារទំនើប និងភោជនីយដ្ឋានល្បីៗជាដើម ។
អគ្គនាយកក្រុមហ៊ុន Key Realestate បន្ថែមទៀតថា ទួលគោកជាតំបន់ដែលតភ្ជាប់ទៅតំបន់នានាជាច្រើនពិសេសភ្នំពេញថ្មីដែលសម្បូរទៅដោយគម្រោងនានា និងមានប្រជាជនរស់នៅច្រើន និងកំពុងតែមានការអភិវឌ្ឍយ៉ាងខ្លាំងទៀតផង។ ជាងនេះទួលគោកត្រូវបានគេចាត់ទុកថា ជាខណ្ឌនៅកណ្ដាលទីក្រុងក្នុងចំណោមខណ្ឌទាំង 4ដែលមានការអភិវឌ្ឍខ្លាំងជាងគេដែលមានហេដ្ឋារចនាសម្ព័ន្ធផ្លូវធំៗ ដូច្នេះវានឹងធ្វើឱ្យតម្លៃអចលនទ្រព្យកើនឡើងខ្លាំងៗនាពេលខាងមុខដ៏ខ្លី៕