ក្នុងនាមជាក្រុមមិនស្គាល់ចាញ់ដូចគ្នាក្នុងក្របខ័ណ្ឌ La Liga នារដូវកាលនេះ ក្រុម Valencia នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Barcelona ក្នុងការប្រកួតនៅថ្ងៃអាទិត្យនេះ ដោយមានបំណងបង្ហាញថា ភាពខ្លាំងក្នុងនាមជាក្រុមប្រជែងពានរបស់ពួកគេ គឺជាការពិត។
ក្រោយពីជួបភាពត្រដាបត្រដួសអស់រយៈពេល2រដូវកាល និងបានផ្លាស់ប្តូរគ្រូបង្វឹកអស់ជាច្រើននាក់ រួមទាំងការចោទសួរផ្សេងៗទៅលើការគ្រប់គ្រងក្លិបនេះពីមហាសេដ្ឋីសញ្ជាតិសិង្ហបុរីលោក Peter Lim រួចមក ទីបំផុត Valencia ត្រូវបានធ្វើឲ្យមានភាពខ្លាំងឡើងវិញក្រោមការដឹកនាំរបស់គ្រូបង្វឹក Marcelino Garcia Toral និងប្រធានផ្នែកកីឡាលោក Mateu Alemany ដើម្បីជួយឲ្យពួកគេកត់ត្រាជ័យជម្នះក្នុងក្របខ័ណ្ឌចំនួន8លើកជាប់ៗគ្នា។ ទោះបីជាយ៉ាងណា ពួកគេនៅតែដេញតាមពីក្រោយក្រុម Barca ចំនួន4ពិន្ទុនៅលើកំពូលតារាង ខណៈដែលក្រុមមានមូលដ្ឋាននៅ Catalonia មួយនេះ រកបានដល់ទៅ34ពិន្ទុពីការប្រកួតដែលផ្តល់ពិន្ទុសរុបចំនួន36ពិន្ទុ។ ខ្សែប្រយុទ្ធ Simone Zaza របស់ Valencia ដែលបានវិលមករកទម្រង់លេងដ៏ល្អរបស់ខ្លួនវិញ ក្រោយពីជួបពេលវេលាខ្ចីជើងដ៏សែនខកចិត្តនៅឯក្លិប West Ham United កាលពីរដូវកាលមុននោះបានឲ្យដឹងថា៖ «រឿងដែលពិតប្រាកដនោះគឺថា ក្រុមនេះបានផ្លាស់ប្តូរទាំងស្រុង។ មិនត្រឹមតែអាចលេងក្នុងកម្រិតល្អមួយឡើយ ប៉ុន្តែថែមទាំងមានស្មារតីប្រយុទ្ធផងដែរ។ នេះគឺជាអ្វីដែលគ្រូបង្វឹកបានជួយដល់យើងជាច្រើន»។
លោក Marcelino នឹងត្រូវអង្គុយមើលពីកៅអីទស្សនិកជននៅថ្ងៃអាទិត្យនេះ ដោយសារតែបានរងពិន័យកាតក្រហមបណ្តេញចេញក្នុងពេលដែលក្រុមរបស់លោកទទួលជ័យជម្នះ 2-០ នៅលើទឹកដីក្រុម Espanyol កាលពីចុងសប្តាហ៍នេះ។ បច្ចុប្បន្នលោកកំពុងព្យាយាមផ្តួលក្រុម Barcelona ជាលើកទីដំបូងក្នុងនាមជាគ្រូបង្វឹកនៅពេលជួបគ្នាជាលើកទី15 នេះ។ ការប្រកួតនៅថ្ងៃអាទិត្យនេះនឹងចាប់ផ្តើមនៅម៉ោង2:45ទៀបភ្លឺ៕
ប្រភពពី៖ Daily Stars