ភ្នំពេញៈ មួយរយៈចុងក្រោយនេះ គេស្រាប់តែបានឃើញតារាចម្រៀងស្រីចាស់វស្សានៅលើទ្រនំផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា បង្ហាញសិ្នទ្ធិស្នាលនឹងតារាសម្តែងប្រុសលោក ឆឺម សក្កដា និងមានសារផ្អែមល្ហែមទៀតផង ដែលសរបញ្ជាក់ថា ចំណងស្នេហ៍ពួកគេពិតជាមានពន្លឺត្រចះត្រចង់ទៅមុខ។ តែក៏មានការលើកឡើងពីមហាជនខ្លះដែរថា ពួកគេគ្រាន់តែសម្តែងប៉ុណ្ណោះ មិនមានអ្វីកើតឡើងជាពិតនោះទេ។
ហាក់ដូចជាចង់មានការបញ្ជាក់ឲ្យមហាជនដឹង នាពេលថ្មីៗនេះ គេឃើញមានការពាក់ចិញ្ចៀនគូស្នេហ៍រវាងតារាចម្រៀងជាគ្រូបង្វឹកនៅក្នុងកម្មវិធី The Voice Cambodia អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា បង្ហោះតាមបណ្តាញសង្គមអ៊ីនស្តាក្រាម និងសារមួយនៅតាមហ្វេសប៊ុកសរសេរថា៖ «សំខាន់យើងទាំងពីរសប្បយចិត្ត ទោះជារឿងអ្វីក៏ដោយ ឲ្យតែជួបគ្នាAlways សប្បាយចិត្ត និងនិយាយរឿងល្អឲ្យស្តាប់ទៀត»។
ចំពោះរឿងចិញ្ចៀនគូស្នេហ៍ដែលធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងសង្ស័យនោះ ត្រូវបានម្ចាស់បទចម្រៀង «ឆ្កែរាំបុកប៉ោត» និង«រាំឡូយកប់លូ» និងបទ «ហុយៗ» ដែលមានស្រុកកំណើតពីខេត្តព្រៃវែង អ្នកនាង ពេជ្រ សោភា បង្ហើបថា៖ «អត់ទាន់បើកចំហដល់ម្លឹងនោះទេ! តែអរគុណដែរសម្រាប់ការយកចិត្តទុកដាក់ពីសំណាក់បងប្អូនមហាជនតាមដានពីជីវិតគូរបស់ពួកយើង។ សូមបងប្អូនចំណាយពេលតាមដានរឿងយើងបន្តិចទៀតសិនចុះ នឹងជ្រាបហើយ!»៕