Robinho ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល9ឆ្នាំ ក្រោយពីតុលាការអ៊ីតាលីរកឃើញថា មានកំហុសទៅលើការរំលោភផ្លូវភេទ។ អតីតតារាឆ្នើមរបស់ក្លិប Manchester City រូបនេះ គឺជាជនជាប់ចោទម្នាក់ក្នុងចំណោមជនជាប់ចោទ5នាក់ទៀតដែលត្រូវបានផ្តន្ទាទោសពីបទរំលោភទៅលើនារីវ័យក្មេងសញ្ជាតិអាល់បានីម្នាក់ ក្នុងក្លិបរាត្រីមួយនៅទីក្រុង Milan កាលពីថ្ងៃទី22 ខែមករា ឆ្នាំ2013។
នៅពេលនោះ Robinho កំពុងតែលេងឲ្យក្លិប AC Milan ក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី។ ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលវ័យ33ឆ្នាំរូបនេះ ដែលបច្ចុប្បន្នកំពុងតែលេងឲ្យក្លិប Atletico Mineiro នោះ បានសន្យាថា នឹងធ្វើការតវ៉ាចំពោះសេចក្តីសម្រេចនេះ។ ក្រោមច្បាប់របស់អ៊ីតាលី រូបគេនឹងមិនត្រូវបានឲ្យចូលគុកភ្លាមៗឡើយ រហូតទាល់តែដំណើរការនៃការប្តឹងឧទ្ធរណ៍ ត្រូវបានបំពេញជាផ្លូវការ ដែលអាចនឹងចំណាយពេលជាច្រើនឆ្នាំទៀត។ សេចក្តីប្រកាសមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម Instagram របស់គេពីសំណាក់ក្រុមការងារផ្នែកច្បាប់របស់ពួកគេបានឲ្យដឹងថា៖ «ទាក់ទងនឹងព័ត៌មានស្តីពីខ្សែប្រយុទ្ធ Robinho ក្នុងហេតុការណ៍មួយដែលបានកើតឡើងក្នុងរយៈពេលជាច្រើនឆ្នាំមុន យើងសូមធ្វើការបញ្ជាក់ថា រូបគេបានប្រកាសរួចជាស្រេចថា គេមិនបានដឹងអ្វីឡើយ និងនៅតែរក្សាជំហរថា រូបគេមិនបានទាក់ទិននឹងករណីនេះឡើយ»។
ប្រសិនបើរូបគេចាញ់ក្ដីក្នុងបណ្តឹងឧទ្ធរណ៍នោះ Robinho នឹងត្រូវគេធ្វើបត្យាប័នដើម្បីទៅទទួលទោសក្នុងប្រទេសអ៊ីតាលី។ រូបគេបានបំបែកកំណត់ត្រានៃការផ្ទេររបស់ចក្រភពអង់គ្លេសកាលពីឆ្នាំ2008 នៅពេលដែលក្លិប Man City បានលួងលោមរូបគេឲ្យចាកចេញពីក្លិប Real Madrid ក្នុងតម្លៃខ្លួន32លានផោន៕
ប្រភពពី៖ The Sun