ស្របពេលកំណើននៃគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានការកើនឡើងនោះ បានធ្វើឱ្យតម្រូវការបុគ្គលិកចូលបម្រើការងារក្នុងស្ថាប័នទាំងនោះក៏មានច្រើនដែរ។ តែយ៉ាងណាក៏ដោយ មិនមែនមានន័យថា រាល់ការដាក់ពាក្យសុំចូលបម្រើការងារទាំងអស់សុទ្ធតែត្រូវបានក្រុមហ៊ុន ឬស្ថាប័នទទួលយកនោះទេ ជាក់ស្តែងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បើទោះជាមកទល់ពេលនេះមានបុគ្គលិកសរុបជិត 2,500នាក់ក៏ដោយ ក៏ស្ថាប័នមួយនេះនៅតែត្រូវការបុគ្គលិកដែលមានសមត្ថភាពចូលបម្រើការងារជាច្រើនដដែល។
នៅថ្ងៃនេះសារព័ត៌មាន ឡារ៉ែន បានធ្វើកិច្ចសម្ភាសន៍ជាមួយ លោកស្រី ពាំង ពិសាខ នាយិកាប្រតិបត្ដិធនធានមនុស្សនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Angkor Mikroheranh Vatho (Kampuchea) Co., Ltd. (AMK) ដើម្បីចង់ដឹងថា តើសិស្ស-និស្សិតត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះទើបអាចដាក់ពាក្យសុំចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK បានដោយជោគជ័យ?
ជារៀងរាល់ឆ្នាំតើ AMK ត្រូវការជ្រើសរើសបុគ្គលិកបន្ថែមប៉ុន្មាននាក់?
ពាក់ព័ន្ធនឹងតម្រូវការបុគ្គលិកក្នុងមួយឆ្នាំៗ AMK ត្រូវការបុគ្គលិកថ្មីចន្លោះពី200-300នាក់ ព្រោះយើងមានផែនការថ្មីៗជារៀងរាល់ឆ្នាំ ម្យ៉ាងទៀតយើងក៏ត្រូវការយកគាត់មកជំនួសតំណែងបុគ្គលិកចាស់ៗដែលពួកគាត់ត្រូវឡើងតំណែង និងផ្លាស់ប្តូរតួនាទីផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ2016 កន្លងមកយើងទទួលបានការដាក់ពាក្យសុំបម្រើការងារពីសិស្សនិស្សិតជាច្រើននាក់តាមរយៈកម្មវិធីពិព័រណ៍ថា្នក់ជាតិ និងអ្នកមកដាក់ពាក្យដោយផ្ទាល់នៅតាមការិយាល័យ ឬតាម Website របស់ AMK ជាដើម។
បើទោះជា AMK ក៏ដូចជាស្ថាប័នផ្សេងៗទៀតកំពុងមានតម្រូវការបុគ្គលិកកើនឡើងជារៀងរាល់ឆ្នាំក៏ដោយ ក៏គេនៅតែឃើញមានបុគ្គលជាច្រើនកំពុងជួបការលំបាកក្នុងការទទួលបានឱកាសការងារល្អ ដោយសារការខ្វះបទពិសោធការងារផងដែរ។ ជាការពិតកម្រមានបុគ្គលណាដែលមានចំណេះដឹង ជំនាញ និងបទពិសោធគ្រប់ជ្រុងជ្រោយណាស់ ដូច្នេះយើងមិនដែលបោះបង់ ឬមើលរំលងអ្នកគ្មានបទពិសោធការងារនោះទេ គឺយើងតែងលើកទឹកចិត្ដដល់ពួកគាត់ជានិច្ចដើម្បីទទួលឱកាសការងារស្មើៗគ្នា នៅ AMK។ គ្រប់បុគ្គលិកដែលបានចូលបម្រើការងារនៅ AMK នឹងទទួលបានការបណ្ដុះបណ្ដាលជាច្រើនដើម្បីអភិវឌ្ឍ និងពង្រឹងសមត្ថភាពរបស់ពួកគាត់បន្ថែមទៀត។
តើសិស្ស-និស្សិតត្រូវមានបុគ្គលិកលក្ខណៈអ្វីខ្លះដើម្បីអាចចូលបម្រើការងារនៅ AMK បាន?
នេះគឺជាសំណួរសំខាន់សម្រាប់អ្នកដែលមានបំណងចូលបម្រើការងារនៅ AMK ដើម្បីត្រៀមខ្លួនចាប់យកឱកាសការងារដែលផ្តល់ដោយគ្រឹះស្ថាននេះផងដែរ។ ចំពោះសិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សា និងពុំទាន់មានបទពិសោធការងារពួកគាត់ពិតជាមិនដឹងថាពួកគាត់ត្រូវធ្វើអ្វីខ្លះ? និងត្រូវរៀបចំខ្លួនបែបណា? ពេលមកដាក់ពាក្យ ឬសម្ភាសន៍ដើម្បីបម្រើការងារនោះទេ។
ជាទូទៅក្នុងស្ថាប័ននីមួយៗតែងតែមានតម្រូវការបេក្ខជនទៅតាមមុខតំណែង និងតួនាទីខុសៗគ្នា តែទោះបីជាណាក៏ដោយដើម្បីទទួលបានជោគជ័យក្នុងការសម្ភាសការងារ បេក្ខជនត្រូវមានមូលដ្ឋានគ្រឹះចំនួន3 ដែលមិនអាចខ្វះមួយណាបាន។
មូលដ្ឋានគ្រឹះទី1 គឺចំណេះដឹងដែលទទួលបានពីមជ្ឈដ្ឋានបណ្តុះបណ្តាលផ្សេងៗតាំងពីថ្នាក់តូចរហូតដល់មហាវិទ្យាល័យ ៖ ចំណុចនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់យកទៅប្រើប្រាស់នៅកន្លែងការងារ។
មូលដ្ឋានគ្រឹះទី2 គឺត្រូវមានជំនាញច្បាស់លាស់៖ បេក្ខជនត្រូវមានជំនាញជាក់លាក់ណាមួយ បន្ទាប់ពីបញ្ចប់ថ្នាក់មហាវិទ្យាល័យ ដូចជាផ្នែកហិរញ្ញវត្ថុ គណនេយ្យ ម៉ាឃីតធីង ឬផ្នែកគ្រប់គ្រងជាដើម។ មូលដ្ឋានគ្រឹះទី3 គឺអត្តចរិត ឬអាកប្បកិរិយា៖ នេះជាចំណុចសំខាន់ ព្រោះនៅកន្លែងការងារទាមទារឱ្យបុគ្គលិកមានភាពស្មោះត្រង់ ហ្មត់ចត់ និងមានការខិតខំប្រឹងប្រែងនៅពេលបំពេញការងារ។ ម្យ៉ាងវិញទៀតបុគ្គលិកគ្រប់រូបនឹងត្រូវធ្វើការងារជាក្រុម មិនអាចធ្វើការងារតែឯងរហូតនោះទេ។ ដូច្នេះពួកគាត់ត្រូវមានអត្តចរិតល្អ មានការតាំងចិត្ដខ្ពស់ និងមានស្មារតីសាមគ្គីភាព ដើម្បីទទួលបាននូវប្រសិទ្ធភាពការងារខ្ពស់។
បើតាមទស្សនៈខ្ញុំ មូលដ្ឋានគ្រឹះទាំង3 ខាងលើនេះមិនមែនជាអាវុធមុតស្រួចសម្រាប់តែយុវជន ឬនិស្សិតដែលមានបំណងស្វែងរកការងារធ្វើនោះទេ តែសម្រាប់អ្នកមានបទពិសោធការងារហើយនោះ ក៏ត្រូវតែពង្រឹងមូលដ្ឋានគ្រឹះខាងលើនេះដែរ ដើម្បីបន្ថែមគុណតម្លៃខ្លួន និងមានឱកាសចាប់យកមុខតំណែងធំៗជាបន្តបន្ទាប់។
រវាងបុគ្គលិកមានជំនាញ និងបុគ្គលមានអត្ដ-ចរិតល្អ តើ AMK នឹងពិចារណាដូចម្ដេច?
ខ្ញុំក៏ធ្លាប់បានជួបបេក្ខជនទាំងពីរប្រភេទនេះដែរ។ ជាក់ស្ដែងយើងឃើញថា បុគ្គលមួយចំនួនមានចំណេះដឹង និងជំនាញស្របទៅនឹងអ្វីដែលយើងកំពុងចង់បាន តែខ្វះខាតជំនាញក្នុងការប្រាស្រ័យទាក់ទង ខណៈបុគ្គលខ្លះទៀត មានចំណេះ និងជំនាញតិចតួច តែមានជំនាញក្នុងការប្រាស្រ័យទាក់ទងល្អ មានការតស៊ូ ព្យាយាម និងអត្ដចរិតល្អ។
ត្រង់ចំណុចនេះខ្ញុំចង់និយាយថា AMK នឹងមិនបោះបង់ចោលបេក្ខជនណាមួយនោះទេ គឺវាអាស្រ័យលើតួនាទីរបស់ពួកគាត់។ ប្រសិនបើតួនាទីនោះ ត្រូវការអ្នកជំនាញបច្ចេកទេស ហើយពុំសូវមានទំនាក់ទំនងជាមួយមនុស្សខាងក្រៅនោះ យើងនឹងជ្រើសរើសយកបុគ្គលដែលមានជំនាញច្បាស់លាស់សម្រាប់មុខតំណែងនេះ ហើយយើងនឹងបន្តបណ្តុះបណ្តាលគាត់ឱ្យយល់ពីសារៈប្រយោជន៍នៃការប្រាស្រ័យទាក់ទង និងការធ្វើការងារជាក្រុម។ ដោយឡែក បើសិនតួនាទីនោះតម្រូវឱ្យមានការប្រាស្រ័យទាក់ទងជាមួយមនុស្សច្រើន និងធ្វើការងារជាក្រុមនោះ យើងនឹងជ្រើសរើសបុគ្គលប្រភេទទីពីរសម្រាប់មុខតំណែងបែបហ្នឹង។ ទោះជាយ៉ាងណាបុគ្គលដែលមានបុគ្គលិកលក្ខណៈល្អនឹងមានអាទិភាពជាងក្នុងលក្ខខណ្ឌទូទៅ។
មានស្ថាប័នខ្លះនិយមបក្សពួកក្នុងការជ្រើសរើសបុគ្គលិកចូលបម្រើការងារ តើអ្នកស្រីយល់ឃើញដូចម្ដេចចំពោះទស្សនៈនេះ?
ត្រង់ចំណុចនេះ ខ្ញុំអាចនិយាយថា វាគឺជាតម្លៃមួយដ៏ខ្ពង់ខ្ពស់របស់ AMK ព្រោះនៅទីនេះគោលការណ៍របស់យើងគឺមិនអនុញ្ញាតឱ្យមានជាដាច់ខាតនូវការជ្រើសរើសបុគ្គលិកតាមរយៈខ្សែបណ្តាញ ឬបក្សពួក។ បុគ្គលិកខាងក្នុងអាចជួយផ្តល់ព័ត៌មាន និងណែនាំមិត្តភក្តិ សាច់ញាតិឱ្យដាក់ពាក្យបម្រើការងារជាមួយ អេ អឹម ខេ បាន ប៉ុន្តែពួកគេមិនមែនជាអ្នកធ្វើការសម្រេចចិត្តឡើយ សំខាន់នៅពេលដាក់ពាក្យចូលមកបម្រើការងារនៅទីនេះបេក្ខជនត្រូវតែមានមូលដ្ឋានគ្រឹះទាំង៣ខាងលើ។ ដូច្នេះសិស្ស-និស្សិតដែលចង់មកដាក់ពាក្យបម្រើការងារនៅ AMK អាចប្រាកដក្នុងចិត្ដថា បើពួកគេមានសមត្ថភាពគ្រប់គ្រាន់នោះពួកគេនឹងមានឱកាសចូលបម្រើការងារនៅ AMK។
តើលោកស្រីអាចចែករំលែកបទពិសោធអ្វីខ្លះដល់សិស្ស-និស្សិត ដែលកំពុងស្វែងរកការងារ?
ខ្ញុំចង់ផ្ដាំផ្ញើទៅដល់សិស្ស-និស្សិតដែលកំពុងស្វែងរកការងារធ្វើថា ដើម្បីអាចទទួលបានឱកាសការងារល្អ សូមត្រៀមខ្លួនទុកជាមុន កុំចាំរហូតដល់រៀនដល់ចប់វិទ្យាល័យ ឬមហាវិទ្យាល័យ ទើបចាប់ផ្តើមគិត ឬត្រៀមខ្លួន។ ទី1 ប្អូនៗត្រូវចេះរៀបចំគោលដៅ និងចេះកែច្នៃខ្លួនឯងតាំងពីរៀននៅវិទ្យាល័យម្ល៉េះ។ បន្ថែមលើនេះទៀតប្អូនៗត្រូវរៀបអត្ដចរិករបស់ខ្លួន ដើម្បីឱ្យក្លាយខ្លួនជាមនុស្សឧស្សាហ៍ព្យាយាម អត់ធ្មត់ ម៉ត់ចត់ និងមានការតាំងចិត្ដខ្ពស់ក្នុងការបំពេញការងារ។ ទម្លាប់ទាំងអស់នេះនឹងក្លាយជាចំណុចខ្លាំងរបស់ប្អូនៗនៅពេលអនាគត។
ទី2 ប្អូនៗត្រូវខិតខំយកចិត្ដទុកដាក់រៀនសូត្រពីមជ្ឈដ្ឋានបណ្តុះបណ្តាលដើម្បីទទួលបានចំណេះដឹងពិតប្រាកដ។ នៅពេលប្អូនៗចូលមកដល់ថ្នាក់មហាវិទ្យាល័យត្រូវសម្រេចចិត្ដឱ្យបានច្បាស់ថា ត្រូវជ្រើសរើសជំនាញឱ្យត្រូវនឹងទេពកោសល្យរបស់ខ្លួន ដើម្បីទទួលបាននូវឧត្តមភាព និងភាព-ជោគជ័យក្នុងជីវិតនៅពេលអនាគត៕