វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ជាមុខវិជ្ជាយ៉ាងសំខាន់នៅក្នុងសង្គមដែលគ្រប់ប្រទេសទាំងអស់កំពុងយកចិត្តទុកដាក់ ព្រោះមុខវិជ្ជាទាំងអស់នេះកំពុងមានតម្រូវការខ្ពស់ស្របតាមការវិវឌ្ឍរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ។
ដើម្បីផ្សព្វផ្សាយមុខវិជ្ជា STEM ឱ្យបានទូលំទូលាយ ក្រសួងអប់រំ យុវជន និងកីឡា អង្គការ STEM Cambodia និងដៃគូនានាបានបង្កើតឱ្យមានកម្មវិធីជាច្រើនដែលសុទ្ធសឹងតែជាកម្មវិធីដែលអាចទាក់ទាញចំណាប់អារម្មណ៍ដល់សិស្សឱ្យចង់រៀនមុខវិជ្ជាទាំងអស់នោះ។ នៅក្នុងកម្មវិធីទាំងអស់នោះ ភាគច្រើនគេបង្កើតឱ្យមានមហោស្រពវិទ្យាសាស្ត្រ និងវិស្វកម្មកម្ពុជា និងកម្មវិធីរថយន្តស្ទែម (STEM Bus)ជាដើម។
រថយន្តស្ទែមជារថយន្តក្រុងដែលមានក្រុមការងារ និងសម្ភារឧបករណ៍ផ្សេងៗដែលនឹងចុះទៅតាមសាលានានានៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការបង្ហាញពីមេរៀនវិទ្យាសាស្ត្រងាយៗ និងល្បែងកម្សាន្តមួយចំនួនដើម្បីលើកទឹកចិត្តឱ្យសិស្សនៅកម្ពុជាពេញចិត្តរៀនផ្នែកវិទ្យាសាស្ត្រពិត និងបង្ហាញឱ្យពួកគេបានស្គាល់ពីមុខវិជ្ជាដ៏សំខាន់ៗទាំងនេះផងដែរ។ នៅពេលដែលពួកគេពេញចិត្ត ស្រឡាញ់ និងស្គាល់ច្បាស់ពីមុខវិជ្ជា STEM សិស្សទាំងអស់នោះអាចនឹងពូកែផ្នែក STEM ហើយជ្រើសរើសជំនាញទាំងឡាយណាដែលពាក់ព័ន្ធនឹងជំនាញទាំងអស់នេះនៅថ្ងៃអនាគតធ្វើជាអាជីព។
រដ្ឋលេខាធិការក្រសួង អប់រំ យុវជន និងកីឡា ឯកឧត្តម អ៊ឹម កុច បានលើកឡើងថា សព្វថ្ងៃនេះក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយនឹងដៃគូនានាព្យាយាមជំរុញឱ្យសិស្សចាប់អារម្មណ៍លើមុខវិជ្ជា STEM ឱ្យកាន់តែខ្លាំង ព្រោះថា សង្គមនាពេលបច្ចុប្បន្ននេះកំពុងត្រូវការមុខវិជ្ជានេះខ្លាំងសម្រាប់ការអភិវឌ្ឍ។
ឯកឧត្តម អ៊ឹម កុច បានមានប្រសាសន៍ថា៖ «បច្ចុប្បន្ននេះ ប្រទេសយើងកំពុងអភិវឌ្ឍ ហេតុនេះយើងត្រូវការធនធានមនុស្សដើម្បីសាងសង់ស្ពាន សាងសង់គម្រោងអគារធំៗ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ហើយប្រសិនបើសិស្សកម្ពុជាមានសមត្ថភាពខ្លាំងលើផ្នែក STEM ពួកគេនឹងក្លាយជាកម្លាំងពលកម្មយ៉ាងសំខាន់ ហើយជំរុញឱ្យការអភិវឌ្ឍកាន់តែលឿន»។
ឯកឧត្តមបានបន្តទៀតថា ពីមុនយើងព្យាយាមជំរុញច្រើនតែនៅតំបន់ទីប្រជុំជន ឬទីក្រុងប៉ុណ្ណោះ តែបច្ចុប្បន្ននេះ ក្រសួងអប់រំកំពុងព្យាយាមបញ្ច្រាបជំនាញនេះឱ្យសិស្សនៅតំបន់ជនបទបានយល់កាន់តែច្បាស់ពីផ្នែក STEM តាមរយៈការផ្សព្វផ្សាយ ដោយការប្រើប្រាស់រថយន្តស្ទែម ឬ STEM Bus និងតាមរយៈកម្មវិធីជាច្រើនផ្សេងទៀត៕