ក្រុម RB Leipzig បានបញ្ចប់យុទ្ធនាការនៃក្របខ័ណ្ឌ Bundesliga ជាលើកដំបូងរបស់ពួកគេជាមួយនឹងការឈ្នះសិទ្ធិជាស្វ័យប្រវត្តិទៅលេងក្នុងក្របខ័ណ្ឌ Champions League នារដូវកាលក្រោយ ខណៈដែលខ្សែប្រយុទ្ធ Timo Werner បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ៤-១ លើក្រុម Hertha Berlin កាលពីថ្ងៃសៅរ៍។ Leipzig ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង Red Bull កាលពីឆ្នាំ២០០៩នោះ ទើបតែបានឈានទៅប្រកួតក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់ នៅក្នុងរដូវកាលនេះប៉ុណ្ណោះ ក្រោយពីឡើងផុតពីក្របខ័ណ្ឌបួន ក្នុងរយៈពេល៧ឆ្នាំ។
ពួកគេបច្ចុប្បន្នស្ថិតក្នុងចំណាត់ថ្នាក់លេខ២នៅលើតារាង និងមានភាពជាក់លាក់ក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៣ ដែលមានន័យថា នឹងត្រូវឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌ Champions League វគ្គចែកពូល។ លោក Ralph Hasenhuettl គ្រូបង្វឹករបស់ក្រុម Leipzig បានឲ្យដឹងថា៖ «ខ្ញុំពិតជាមានមោទនភាពណាស់។ វាពិតជាគ្មានកន្លែងណាល្អប្រសើរជាងនេះក្នុងការអបអរនៅពីមុខអ្នកគាំទ្រដ៏ច្រើនបែបនេះឡើយ»។ ពួកគេក្លាយជាក្លិបស្ថិតក្នុងក្របខ័ណ្ឌ Bundesliga ដំបូងគេបើគិតចាប់តាំងពីក្លិប Kaiserslautern កាលពីឆ្នាំ១៩៩៨ ក្នុងការឈ្នះកៅអីជាស្វ័យប្រវត្តិទៅកាន់ក្របខ័ណ្ឌ Champions League ភ្លាមៗ ក្រោយពីបានឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌកំពូល។ ខ្សែប្រយុទ្ធសញ្ជាតិអាល្លឺម៉ង់ Werner វ័យ២១ឆ្នាំ បច្ចុប្បន្នបានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតលីកចំនួន២១គ្រាប់នៅរដូវកាលនេះ៕
ប្រភពព័ត៌មាន៖ Channel News Asia