ការប្រើអំពើហិង្សាលើកុមារជារឿងដែលអាណាព្យាបាលនៅកម្ពុជាចូលចិត្តធ្វើបំផុតដើម្បីអប់រំកូន ព្រោះពួកគាត់ជឿថា ការវាយកូនជាវិធីល្អបំផុតក្នុងការកែប្រែកូនៗរបស់ពួកគាត់ឱ្យក្លាយជាមនុស្សល្អ តែផ្ទុយមកវិញ អ្នកជំនាញផ្នែកចិត្តសាស្ត្រកុមារបានរកឃើញថា ការប្រើអំពើហិង្សាលើកុមារអាចធ្វើឱ្យពួកគេប៉ះពាល់លើសុខភាពផ្លូវកាយ និងផ្លូវចិត្ត។
ដោយសារតែផលវិបាកផ្នែកសុខភាពបណ្តាលមកពីអំពើហិង្សាលើកុមារ កម្ពុជាបានខាតបង់ថវិកាប្រមាណ 161លានដុល្លារសហរដ្ឋអាមេរិក នេះបើយោងតាមការប៉ាន់ប្រមាណរបស់មូលនិធិអង្គការសហប្រជាជាតិ (UNICEF)។
យោងតាមការបង្ហាញរបស់អង្គការ World Vision ក្រសួងអប់រំ និងក្រសួងកិច្ចការនារី ដែលបានធ្វើវេទិការួមគ្នាមួយបានឱ្យដឹងថា កុមារកម្ពុជាប្រមាណ 75% កំពុងទទួលរងនូវអំពើហិង្សាយ៉ាងហោចណាស់ក៏មួយទម្រង់ដែរមុនពេលពួកគេគ្រប់អាយុ 18ឆ្នាំ។ តាមរយៈការស្ទង់មតិនេះផងដែរ បានឱ្យដឹងថា កុមារកម្ពុជាច្រើនជាង 50% ទទួលរងនូវអំពើហិង្សាផ្លូវការ និងកុមារប្រមាណ 25% ទទួលរងអំពើហិង្សាផ្នែកផ្លូវចិត្ត និង5% ទៀតទទួលរងនូវអំពើហិង្សាផ្នែកផ្លូវភេទ។
ក្នុងនោះដែរ លោក ឡេង វីរៈ នាយកប្រតិបត្តិនៃអង្គការទស្សនៈពិភពលោក (World Vision) បានលើកឡើងផងដែរថា ថវិកាដែលបានខាតដោយសារតែផលវិបាកផ្នែកសុខភាពមកពីអំពើហិង្សាលើកុមារ គឺមានចំនួនប្រមាណ 1.1% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។
យោងតាមទិន្នន័យរបស់អង្គការ World Vision ក៏បានបង្ហាញផងដែរថា កុមារប្រមាណជាង1ពាន់លាននាក់លើពិភពលោកបានទទួលរងនូវអំពើហិង្សាជារៀងរាល់ឆ្នាំ ហើយក្នុងចំណោមកុមារដែលទទួលរងនូវអំពើហិង្សាទាំងអស់នោះត្រូវបានគេរកឃើញថា ស្ថិតក្នុងទ្វីបអាស៊ីច្រើនជាងគេ៕