ចំពោះបង្គា ត្រូវបានគេចាត់ទុកថាជាប្រភេទអាហារសមុទ្រដែលមានប្រជាប្រិយភាពខ្លាំងបំផុត និងតែងត្រូវបានអ្នកជំនាញផ្នែកម្ហូបអាហារយកទៅបង្កើតធ្វើជាមុខម្ហូបគួរជាទីទាក់ទាញបំផុត ដែលក្នុងនោះរាប់ទាំងមុខម្ហូបបែបអាស៊ី ក៏ដូចជាអឺរ៉ុបផងដែរ។ ជាក់ស្ដែងពេលនេះ បង្គាបានក្លាយទៅជាមុខម្ហូបប្រចាំខែនៃការចេញទស្សនាវដ្ដី ឡារ៉ែន លេខ114 ក្រោមការបង្ហាញពីអ្នកជំនាញធ្វើម្ហូបប្រចាំនៅភោជនីយដ្ឋាន Cowboy នោះគឺ មុខម្ហូបបង្គាស្រស់ស្រោចទឹកត្រីកោះកុង ទ្រាប់បន្ទះម្រះខ្មែរ។
គ្រឿងផ្សំ
• បង្គាស្រស់
• ទឹកត្រីកោះកុង
• ផ្លែម្រះខ្មែរ
• ខ្ទឹមស
• ជីអង្កាម
វិធីធ្វើ
ចំពោះមុខម្ហូបមួយនេះ កាន់តែមានភាពងាយស្រួលក្នុងការធ្វើជាងមុខម្ហូបផ្សេងទៀតទាំងអស់ ដោយគ្រាន់តែត្រៀមនូវគ្រឿងផ្សំដូចដែលបានរៀបរាប់ជូនខាងលើនេះរួចរាល់ហើយនោះ លោកអ្នកគ្រាន់តែយកបង្គាទៅវះផ្នែកខាងខ្នង(កុំឱ្យដាច់ចេញពីគ្នា) ដើម្បី លាងសម្អាតឱ្យស្អាត រួចទុកមួយអន្លើ។ យកផ្លែម្រះខ្មែរហាន់ជាបន្ទះស្តើងៗ ហើយលាងទឹកសម្អាតជ័រ។ យកខ្ទឹមសទៅបកសម្បក ហើយហាន់ជាបន្ទះៗ (របៀបដូចហាន់ម្រះដែរ)។ ជាបន្ទាប់លោកអ្នកគ្រាន់តែយកបង្គា មករៀបដាក់នៅលើចានរាបស្មើ ដោយយក បន្ទះផ្លែម្រះមកទ្រាប់ពីខាងក្រោម ហើយធ្វើការស្រោចទឹកត្រីកោះកុងដែលបានត្រៀមទុកពីលើជាការស្រេច។ លុះពេលទទួលទាន លោកអ្នកអាចបន្ថែមស្លឹកជីអង្កាម ដើម្បីទទួលទានរួមគ្នាក៏បានអាស្រ័យលើចំណូលចិត្ត។ ឃើញទេ… មិនពិបាកសោះ… ដោយ
ស្ទើរតែគ្រប់គ្នាសុទ្ធតែអាចធ្វើបានទាំងអស់ សូមសាកល្បងធ្វើទាំងអស់គ្នាណា៎…៕