ភ្នំពេញ៖ ដោយមើលឃើញថា កម្មករក្នុងវិស័យសំណង់មានការប្រឈមនឹងបញ្ហាសុខភាព ក៏ដូចជាសុវត្ថិភាពការងារជាងវិស័យផ្សេងៗទៀតនោះ អង្គការពលកម្មអន្តរជាតិ (ILO)បានស្នើមកក្រសួងការងារកម្ពុជាដើម្បីសុំបង្កើតគណៈកម្មការបច្ចេកទេសមួយសម្រាប់ផ្តល់ប្រឹក្សាយោបល់ដល់កម្មករដែលធ្វើការលើវិស័យនេះ។
លោក Sho Sudo មន្ដ្រីសម្របសម្រួល និងជាប្រធានទីប្រឹក្សាបច្ចេកទេសនៃគម្រោង “ការលើកកម្ពស់ស្ដង់ដាសុខភាព និងសុវត្ថិភាពការងារ (OSH) ក្នុងវិស័យសំណង់នៅកម្ពុជា” បានមានប្រសាសន៍ថា ដើម្បីជំរុញ និងគាំទ្រលើសុខភាព និងសុវត្ថិភាពការងារចំពោះកម្មករលើវិស័យសំណង់នេះលោកមានគោលដៅមួយចំនួនដើម្បីលើកកម្ពស់សុខភាព និងសុវត្ថិភាពការងារជូនដល់ពួកគាត់។ លោកថា គម្រោងនេះគឺជំរុញឱ្យក្រសួងរៀបចំនូវលក្ខខណ្ឌគតិយុត្តិ និងពង្រឹងលើសន្តិសុខសុវត្ថិភាពការងារ និងស្នើឱ្យក្រសួងបង្កើតគណៈកម្មការប្រឹក្សាយោបល់ បច្ចេកទេសដើម្បីផ្តល់ការប្រឹក្សាយោបល់ដល់កម្មករដែលធ្វើការក្នុងវិស័យនេះ។
លោកបន្ថែមថា ចំពោះគណៈកម្មការនេះ គឺក្រសួងការងារនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងផ្ដល់ការប្រឹក្សាយោបល់ដល់ពួកគាត់ ព្រមជាមួយគ្នានោះក៏មានក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ និយោជក និងសហជីពដែលតំណាងឱ្យកម្មករជាសមាជិកផងដែរ។លោកថា បើក្រុមការងារនេះបង្កើតឡើងហើយវានឹងក្លាយជាចំណែកមួយជួយដល់កម្មករសំដៅលើកកម្ពស់សុវត្ថិភាពការងាររបស់ពួកគាត់។
ជាការឆ្លើយតបឯកឧត្ដមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា ឯកឧត្តមពិតជារីករាយ និងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការលើកឡើងរបស់តំណាង ILO ក្នុងការជួយលើកកម្ពស់វិស័យនេះដល់បងប្អូនកម្មកររបស់កម្ពុជា។ កន្លងមកក្រសួងបានធ្វើការងារជាច្រើន និងបានរៀបចំលិខិតគតិយុត្តិរួចមកហើយដែរដើម្បីធានាដល់ការការពារដល់បងប្អូនកម្មករ តែយ៉ាងណាក្រសួងនឹងពិចារណាចំពោះសំណូមពរខាងលើនេះ។
ឯកឧត្តមមានប្រសាសន៍បន្តថា បច្ចុប្បន្ននៅកម្ពុជាវិស័យសំណង់ពិតជាមានភាពរីកលូតលាស់ខ្លាំងណាស់ដែលនេះជាការបង្ហាញពីវឌ្ឍនភាព និងការរីកចម្រើននៃសេដ្ឋកិច្ច។ ការរីកលូតលាស់នេះបានស្រូបយកនូវកម្លាំងពលកម្មជាច្រើនចូលក្នុងវិស័យនេះ ដែលទាមទារឱ្យក្រសួងត្រូវតែយកចិត្តទុកដាក់ចំពោះបងប្អូនដែលបម្រើការងារក្នុងវិស័យនេះ។
ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានថ្លែងគាំទ្រពេញទំហឹងចំពោះភាគី ILO ដែលមានគម្រោងចង់បង្កើតគណៈកម្មការប្រឹក្សាបច្ចេកទេសដែលក្នុងនោះមានក្រសួងការងារជាអ្នកដើរតួនាទីសំខាន់ និងមានក្រសួងពាក់ព័ន្ធផ្សេងទៀតដោយការបង្កើតគណៈកម្មការនេះ និងរួមចំណែកក្នុងការពង្រឹងច្បាប់ និងកាត់បន្ថយគ្រោះថ្នាក់ការងារឱ្យមានប្រសិទ្ធភាព ព្រមទាំងគិតគូរផងដែរដល់កិច្ចការផ្សព្វផ្សាយពីសុវត្ថិភាពការងារនៅក្នុងការដ្ឋានសំណង់៕