ក្រុម Barcelona និង Chelsea បានកក់កៅអីរបស់ពួកគេរៀងៗខ្លួនទៅកាន់វគ្គ16ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធ ប៉ុន្តែក្រុមបិសាចក្រហម Manchester United បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល 1-០ នៅលើទឹកដីក្រុម Basel។
ក្រុម Barcelona បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុម Juventus ក្នុងទីក្រុង Turin ដើម្បីទទួលបាន1ពិន្ទុ ដែលគ្រប់គ្រាន់ក្នុងការជួយឲ្យពួកគេឈានទៅវគ្គបន្តក្នុងនាមជាក្រុមឈរលេខ1ក្នុងពូល D បើទោះបី Lionel Messi ត្រូវបានដាក់ឲ្យលេងក្នុងនាមជាកីឡាករបម្រុងក៏ដោយ។ ស្របពេលជាមួយគ្នានេះ ក្រុម Chelsea ក៏បានឈានទៅវគ្គបន្តដោយសុវត្ថិភាពដែរ ក្រោយពីបានផ្តួលក្រុម Qarabag របស់អាស៊ែបៃហ្សង់ យ៉ាងបរិបូណ៌ក្នុងលទ្ធផល 4-០ ដើម្បីរក្សាការឈរលេខ1ក្នុងពូល C ពីលើក្រុម Roma ដែលបានចាញ់ក្រុម Atletico Madrid 2-០ នៅថ្ងៃដដែលនោះដែរ។ ប៉ុន្តែ ក្រុម Man Utd ដែលហាក់ដូចជាកំពុងស្ថិតនៅលើផ្លូវក្នុងការទទួលបានពិន្ទុដែលត្រូវការជាចាំបាច់ក្នុងការបានកក់កៅអីទៅវគ្គ16ក្រុមចុងក្រោយទៅហើយនៅក្នុងប្រទេសស្វ៊ីសនោះ ស្រាប់តែត្រូវបានកីឡាករ Michael Lang រកគ្រាប់បាល់ឈ្នះឱ្យក្រុម Basel បាននៅនាទីទី89 ធ្វើឱ្យពួកគេខកចិត្តយ៉ាងខ្លាំង។
ក្រុមរបស់លោក Antonio Conte បានឈានទៅវគ្គ16ក្រុមចុងក្រោយ ខណៈដែលនៅសល់តែ1មួយប្រកួតទៀត ក្រោយការបង្ហាញពីទម្រង់លេងយ៉ាងល្អពីសំណាក់ខ្សែបម្រើឆ្នើម Eden Hazard និង William នាកីឡដ្ឋាន Olympic ស្របពេលដែលជ័យជម្នះនេះបានទម្លាក់ក្រុម Qarabag របស់អាស៊ែបៃហ្សង់ ចេញពីយុទ្ធនាការនេះតែម្តង។ Hazard បានឲ្យដឹងថា៖ «យើងពិតជាធ្វើបានល្អមែន។ យើងគួរតែរកបានគ្រាប់បាល់ច្រើនជាងនេះ។ វាពិតជារឿងដ៏ងាយស្រួលណាស់ក្នុងការលេងជាមួយនឹងកីឡាករឆ្នើមៗទាំងនេះ»៕
ប្រភពពី៖ The Sun