លោក Unai Emery គ្រូបង្វឹករបស់ក្រុម Paris Saint-Germain បានជំរុញឲ្យក្រុមរបស់លោករក្សាការផ្តោតអារម្មណ៍ទៅលើការប្រកួតក្នុងយុទ្ធនាការក្របខ័ណ្ឌ Champions League វគ្គចែកពូលរបស់ពួកគេ ក្រោយពីតារាឆ្នើម Neymar បានជួយឲ្យក្រុមរបស់ខ្លួនបំបាក់ក្រុម Celtic យ៉ាងចាស់ដៃ កាលពីថ្ងៃពុធម្សិលមិញ។
ក្រុម PSG បានធ្វើការវាយបកដេញតាមពីក្រោយដើម្បីផ្តួលក្រុមម្ចាស់ជើងឯកស្កុតឡេនមួយនេះ ក្នុងលទ្ធផល 7-1 នាកីឡដ្ឋាន Parc des Princes ក្រោមការបង្ហាញពីទម្រង់លេងយ៉ាងល្អរបស់ Neymar ដែលបានស៊ុតបាល់បញ្ចូលទី2គ្រាប់ ក្រោយពីខ្សែប្រយុទ្ធ Moussa Dembele បានជួយឲ្យក្រុម Celtic មានគ្រាប់បាល់នាំមុខមុន។ ខ្សែប្រយុទ្ធ Edinson Cavani បានស៊ុតបាល់បញ្ចូលទី2គ្រាប់ផងដែរ ស្របពេលដែល Kylian Mbappe, Marco Verratti និង Dani Alves រកបានម្នាក់1គ្រាប់ដូចគ្នា ដើម្បីធ្វើឲ្យក្រុមរបស់ពួកគេរកបានគ្រាប់បាល់សរុប24គ្រាប់ក្នុងវគ្គចែកពូល ខណៈដែលនៅសល់តែ1ប្រកួតទៀតប៉ុណ្ណោះក្នុងពូល B របស់ពួកគេ។ ការទទួលជ័យជម្នះកាលពីថ្ងៃពុធ ក៏ជាការទទួលជ័យជម្នះដ៏ធំផុតរបស់ PSG ផងដែរក្នុងយុទ្ធនាការនេះ ក្រោយពីបានបំបែកកំណត់ត្រាកាលពីមុនរបស់ពួកគេ គឺការយកឈ្នះ 7-2 លើក្រុម Rosenborgកាលពីខែតុលា ឆ្នាំ2០០០ ដែលនៅពេលនោះខ្សែប្រយុទ្ធ Nicolas Anelka បានស៊ុតបាល់បញ្ចូលទី2គ្រាប់។
ខណៈដែលបានឈានទៅវគ្គ16ក្រុមចុងក្រោយរួចស្រេចហើយមុនពេលការប្រកួតនេះ PSG នឹងសម្លឹងរកការឈ្នះកៅអីលេខ1ក្នុងពូល B ពីលើក្រុម Bayern Munich នៅពេលដែលពួកគេធ្វើដំណើរទៅកាន់អាល្លឺម៉ង់ សម្រាប់ការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេនៅខែក្រោយ៕ លោក Emery បានឲ្យដឹងថា៖ «Bayern គឺជាក្រុមដ៏ខ្លាំងមួយ។ វានឹងក្លាយជាការសាកល្បងដ៏ល្អមួយ។ ពួកគេស្ថិតក្នុងចំណោមក្រុមដែលអាចឈ្នះពាន Champions League»៕
ប្រភពពី៖ Sport24